សមត្ថភាពនៃខួរក្បាលអាចទទួលរងផលប៉ះពាល់គួរឱ្យព្រួយបារម្ភព្រោះរឿងស្មានមិនដល់មួយចំនួន។ អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីកត្តាដែលអាចនាំឱ្យខួរក្បាលអន់ខ្សោយ ៖
១. ទទួលទានស្ករច្រើនពេក
វាមិនត្រឹមតែទម្ងន់និងរូបរាងរបស់អ្នកប៉ុណ្ណោះទេដែលប្រែប្រួល ប៉ុន្តែការទទួលទានស្ករច្រើនពេកក៏ជះឥទ្ធិពលលើកោសិកាខួរក្បាលផងដែរ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា យ៉ាងហោចណាស់ ៦សប្តាហ៍នៃការទទួលទានជាតិស្ករថេរ, ខួរក្បាលមានសភាពយឺតជាងមុនដែលជះផលប៉ះពាល់លើការរៀនសូត្រនិងចងចាំ។ ឥទ្ធិពលអវិជ្ជមាននេះអាចដោយសារតែការកើនឡើងនូវការរលាកកោសិកាខួរក្បាល។
២. ការជក់បារី ឬហិតផ្សែងបារី
ទោះបីអ្នកមិនបានជក់បារីដោយផ្ទាល់ក៏ដោយ ប៉ុន្តែត្រឹមតែការហិតផ្សែងបារីក៏អាចមានឥទ្ធិពលលើសមត្ថភាព និងសុខភាពរបស់ខួរក្បាលដែរ។ ការហិតផ្សែងបារីធ្វើឱ្យខួរក្បាលមានផ្ទុកនូវសារធាតុពុល និងនាំឱ្យកម្រិតនៃកាបូនម៉ូណូអុកស៊ីតក្នុងរាងកាយកើនឡើងដែលផ្លាស់ប្ដូរអុកស៊ីសែនចាំបាច់ដែលរាងកាយនិងខួរក្បាលត្រូវការ។ សមត្ថភាពក្នុងរក្សាទុកនូវរាល់ព័ត៌មាន និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនៃកោសិកាខួរក្បាលអាចរងការរំខានដោយណឺរូននិងសសៃឈាមត្រូវបានបំផ្លាញ។
៣. ផឹកគ្រឿងស្រវឹងលើសកម្រិត
ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។
៤. ភាពធាត់ជ្រុល
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ភាពធាត់ជ្រុលអាចជាលទ្ធផលនៃការកើនឡើងនូវហានិភ័យនៃជំងឺវង្វេងនិងខ្សោយការចងចាំ។
៥. ស្ត្រេស
នៅពេលស្ត្រេសរាងកាយចាប់ផ្ដើមបញ្ចេញអ័រម៉ូន Cortisol ដែលជះឥទ្ធិពលលើកោសិកាខួរក្បាលគួរឱ្យព្រួយបារម្ភ។ កម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសខ្ពស់មិនត្រឹមតែមានទំនាក់ទំនងផ្សារភ្ជាប់នឹងមុខងារខួរក្បាលចុះអន់ខ្សោយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនហានិភ័យនៃជំងឺភ្លេចភ្លាំងផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕