ភ្លាមៗស្រាប់តែឈប់ផឹកកាហ្វេ អ្នកអាចនឹងជួបប្រទះនូវបញ្ហាមួយចំនួនជាក់ជាមិនខាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលអាចកើតឡើងនៅពេលអ្នកឈប់ផឹកកាហ្វេភ្លាមៗ ៖
១. ឈឺក្បាល
ប្រសិនបើអ្នកធ្លាប់ក្រោកមកជាមួយនឹងអាការៈឈឺក្បាលខ្លាំង អ្នកប្រហែលជាដឹងថាមួយពែងនៃកាហ្វេចាស់ក្ដៅៗអាចធ្វើឱ្យការឈឺចាប់នេះបាត់ទៅវិញ។ នេះកើតឡើងដោយសារកាហ្វេធ្វើឱ្យសសៃឈាមក្នុងខួរក្បាលរួមតូច។ នៅពេលភ្លាមៗស្រាបតែអ្នកសម្រេចចិត្តឈប់ផឹកកាហ្វេ, វាអាចបណ្ដាលឱ្យសសៃឈាមរីកធំដែលបង្កើនលំហូរឈាមទៅខួរក្បាល។ រាងកាយអាចប្រតិកម្មទៅនឹងការផ្លាស់ប្ដូរភ្លាមៗក្នុងលំហូរឈាមជាមួយអាការៈឈឺក្បាលដែលនៅតែបន្ត ខណៈដែលខួតក្បាលកំពុងសម្របខ្លួនទៅនឹងការកើនឡើងនៃលំហូរឈាម។
២. អាចមានអារម្មណ៍កាន់តែអន្ទះអន្ទែងជាងមុន
ការឈប់ផឹកកាហ្វេអាចធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែអន្ទះអន្ទែងជាងមុនទៅទៀត។ ទោះបីជាកាហ្វេអ៊ីនអាចធ្វើឱ្យអ្នកមានអារម្មណ៍ញ័រក៏ដោយ, រាងកាយអាចប្រែជាពឹងផ្អែកលើវាទាំងផ្លូវចិត្តនិងផ្លូវកាយ។ ការផ្ដាច់កាហ្វេទាំងស្រុងភ្លាមៗអាចធ្វើឱ្យអ្នកមានអារម្មណ៍អន្ទះអន្ទែងនិងស្ត្រេស។ ហើយប្រសិនបើអ្នកធ្លាប់ទទួលទានកាហ្វេលាយស្ករ ឬស៊ីរ៉ូផ្អែមៗផងនោះ អ្នកអាចជួបប្រទះអាការៈញៀនស្ករផងដែរនាំឱ្យមានអារម្មណ៍កាន់តែមិនស្រួលឡើង។
៣. អាចជះផលប៉ះពាល់ដល់ស្បែក
អាការៈថប់បារម្ភអាចធ្វើឱ្យអ្នកបែកញើសនិងចង្វាក់បេះដូងលោតញាប់ជាងធម្មតា ហើយវាក៏មិនល្អសម្រាប់ស្បែកដែរ។ នេះក៏ព្រោះតែវាមានឥទ្ធិពលលើការផលិតអ័រម៉ូនស្ត្រេស cortisol ដែលជះផលប៉ះពាល់ដល់រន្ធញើសនៃស្បែកនិងបង្កើនការផលិតជាតិប្រេង។ នេះជាលទ្ធផលបង្កបញ្ហាស្ទះរន្ធញើស, មុនក្បាលខ្មៅ និងស្បែកមើលទៅឡើងខ្លាញ់ខុសធម្មតា។ ភាពស្ត្រេសនិងថប់បារម្ភជាសត្រូវដ៏អាក្រក់បំផុតរបស់ស្បែក ព្រមទាំងធ្វើឱ្យស្បែកចាស់ជាងវ័យផងដែរ។
៤. ធ្មេញកាន់តែស្រៀវជាងមុន
មួយក្នុងចំណោមអាការៈមិនស្រួលផ្សេងទៀតនៃការឈប់កាហ្វេភ្លាមៗនោះ គឺអាការៈចង្អោរចង់ក្អួត។ អាការៈឈឺពោះនិងចង្អោរចង់ក្អួតអាចធ្វើឱ្យអ្នកក្អួតតែម្ដងដែលជាលទ្ធផលជះផលប៉ះពាល់ដល់ធ្មេញ។ ទោះបីជាការទទួលទានកាហ្វេអាចបង្កស្នាមប្រឡាក់ជាប់ធ្មេញដែលធ្វើឱ្យមើលទៅលឿង ប៉ុន្តែការឈប់ផឹកភ្លាមៗក៏មិនល្អសម្រាប់សុខភាពមាត់ធ្មេញដែរ។ ការក្អួតអាចធ្វើឱ្យស្ងួតក្នុងមាត់និងសឹកធ្មេញដែលធ្វើឱ្យធ្មេញកាន់តែស្រៀវនិងងាយពុក។
៥. វិលមុខ
ប្រសិនបើអ្នកមានទម្លាប់ទទួលទានកាហ្វេ អ្នកប្រាកដជាដឹងថាអាការៈស្រាលក្បាលនៅពេលព្រឹកអាចបាត់ទៅវិញយ៉ាងងាយនៅពេលបានទទួលទានកាហ្វេមួយកែវ។ ប៉ុន្តែម្ដងដែលអ្នកសម្រេចចិត្តថាឈប់ផឹកកាហ្វេ រាងកាយត្រូវការពេលវេលាដើម្បីសម្របខ្លួននឹងភាពផ្លាស់ប្ដូរនេះដែលជាលទ្ធផលនៃអារម្មណ៍វិលមុខ។ ព្យាយាមអង្គុយចុះ ឬផ្អេកខ្លួនបន្តិចសិនប្រសិនបើអ្នកមានអារម្មណ៍ស្រាលក្បាល។ អាការៈទាំងនេះកើតឡើងមិនយូរជាង ៩ថ្ងៃឡើយ ហើយរាងកាយត្រូវការពេលដើម្បីទម្លាប់ខ្លួននឹងភាពប្រែប្រួល។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕