សក់របស់អ្នកមិនអាចស្រស់ស្អាតនិងមានសុខភាពល្អឡើយ បើនៅតែបន្តប្រព្រឹត្តនូវកំហុសដោយមិនដឹងខ្លួនមួយចំនួន។ អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកំហុស ៦យ៉ាងដែលអាចបំផ្លាញភាពរឹងមាំស្រស់ស្អាតនៃសក់ ៖
១. ប្រើប្រាស់សាប៊ូស្ងួតតែនៅពេលសក់កខ្វក់
ការប្រើប្រាស់សាប៊ូកក់សក់ប្រភេទស្ងួត គឺជាវិធីដ៏ល្អមួយដើម្បីផ្ដល់ភាពស្រស់ស្រាយដល់សក់នៅពេលអ្នកគ្មានពេលងូតទឹក និងកម្ចាត់ជាតិប្រេងដែលលើស។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកមានសក់ស្ដើង ការបាញ់សាប៊ូស្ងួតខ្លះត្រង់គល់សក់អាចធ្វើឱ្យវាមើលទៅក្រាស់ជាងមុនភ្លាមៗ។ ទោះជាយ៉ាងណាអ្នកមិនត្រូវប្រើប្រាស់ច្រើនដងពេកឡើយ មិនដូច្នោះទេវាអាចបណ្ដាលឱ្យសំណល់ផលិតផលកកជាប់លើស្បែកក្បាលនាំឱ្យរមាស់ថែមទៀត។
២. កក់សក់ញឹកញាប់ពេក
ការកក់សក់រាល់ថ្ងៃនឹងកម្ចាត់ជាតិប្រេងធម្មជាតិនៃសក់ និងស្បែកក្បាល។ ជាតិប្រេងទាំងនេះ គឺត្រូវបានផលិតឡើងដោយរាងកាយដើម្បីការពារ ក៏ដូចជាធ្វើឱ្យសុខភាពស្បែកក្បាល និងសក់កាន់តែប្រសើរឡើង។ កង្វះនៃជាតិប្រេងធម្មជាតិនេះនឹងធ្វើឱ្យស្បែកក្បាលប្រែជាស្ងួត ហើយខូចសក់។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពសក់ល្អប្រសើរ អ្នកមិនគួរកក់សក់លើសពី ៣ ទៅ ៤ ដង ក្នុងមួយសប្តាហ៍ឡើយ។ ទម្លាប់នេះជួយរក្សាសុខភាពសក់និងស្បែកក្បាលដោយមិនធ្វើឱ្យសក់ស្ងួត ហើយងាយទទួលរងការបំផ្លាញ។ ប្រសិនបើសក់របស់អ្នកឡើងប្រេងខ្លាំង ចូរប្រើប្រាស់រូបមន្តបែបធម្មជាតិ ឬសាកល្បងផលិតផលសាប៊ូស្ងួត។
៣. ប្រើប្រាស់ក្រែមបន្ទន់យូរពេក
ការលាបក្រែមបន្ទន់សក់ គឺជាជំហានសំខាន់មួយក្នុងទម្លាប់នៃការថែរក្សាសក់ ខណៈដែលវាការពារសសៃសក់និងធ្វើឱ្យសសៃសក់រលោងជាងមុនមិនងាយជំពាក់។ ប៉ុន្តែនៅពេលទុកក្រែមបន្ទន់យូរពេកលើសក់អាចធ្វើឱ្យសក់មើលទៅឡើងប្រេងខ្លាំង។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរទុកក្រែមបន្ទន់ចោលលើសក់លើសពី ៣នាទីឡើយ។
៤. ប្រើសាប៊ូកក់សក់តែមួយប្រភេទមិនផ្លាស់ប្ដូរ
នៅពេលអ្នករកបាននូវសាប៊ូកក់ដែលល្អសម្រាប់សក់ អ្នកប្រាកដជាចង់ប្រើតែមួយប្រភេទហ្នឹងជាប់រហូត។ ប៉ុន្តែសក់របស់អ្នកអាចប្រែជាស៊ាំនឹងផលិតផលដដែលក្នុងរយៈពេលយូរទៅ ហើយនៅទីបំផុតឈប់ដំណើរការ ឬផ្ដល់ប្រសិទ្ធភាពតែម្តង។ ដូច្នេះដើម្បីជាការប្រសើរជំនួសឱ្យការទិញស្តុកទុកច្រើន ចូរចំនាយលើសាប៊ូនិងក្រែមបន្ទន់ពី ២ ទៅ ៣ប្រភេទផ្សេងៗពីគ្នា រួចផ្លាស់ប្ដូរការប្រើប្រាស់ផ្អែកលើកត្តាអាកាសធាតុ និងគុណភាពនៃទឹកជាដើម។
៥. ចងបួងសក់នៅពេលសើម
គ្រាន់តែឈប់ងូតទឹកភ្លាម អ្នកចាប់ផ្ដើមចងសក់ ឬបួងឡើងតែម្ដងទាំងដែលនៅសើមជោគដើម្បីកុំឱ្យទើសមុខ។ ទោះជាយ៉ាងណាទម្លាប់នេះមិនល្អសោះឡើយចំពោះភាពរឹងមាំនៃសក់ដែលអាចបណ្ដាលឱ្យឬសនៃសក់រងការខូចខាត ហើយងាយបាក់ថែមទៀត។ នេះក៏ព្រោះតែសក់ គឺទន់ខ្សោយបំផុតនៅពេលសើម។
៦. មិនសិតសក់មុនពេលកក់សម្អាត
ការសិតសក់នៅមុនពេលកក់សម្អាតជួយការពារភាពជំពាក់ និងរក្សាសសៃសក់មិនឱ្យជាប់ជំពាក់បានយូរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕