ស្នាមជ្រីវជ្រួញជាផ្នែកមួយនៃដំណើរការភាពចាស់តាមវ័យរបស់ស្បែក។ ទោះជាយ៉ាងណាភាគច្រើននៃពួកយើងតែងស្វែងរកនូវវិធីដើម្បីបន្ថយការលេចចេញនូវរូបរាងនៃស្នាមជ្រីវជ្រួញ។ តើអ្នកធ្លាប់ដឹងទេថាគន្លឹះមួយចំនួនអាចជួយបន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញលើស្បែក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញ ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែក និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទីសិន សឹមលាងសម្អាតចេញតាមក្រោយជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកក៏អាចអនុវត្តសារឡើងវិញរាល់ថ្ងៃរហូតទទួលបានលទ្ធផលគាប់ចិត្ត។
២. ទឹកឃ្មុំ
អ្នកចាំបាច់គួរប្រើប្រាស់ទឹកឃ្មុំឆៅ និងសុទ្ធបែបធម្មជាតិ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជាដំបូងត្រូវស្ទីមមុខសម្រាប់រយៈពេល ២នាទីសិនដើម្បីបើករន្ធញើសនៃស្បែក។ បន្ទាប់មកសឹមជ្រលក់ជក់ក្នុងទឹកឃ្មុំ រួចលាបថ្នមៗលើស្បែករុញពីក្រោមឡើងលើយឺតៗ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកក្ដៅឧណ្ហៗជូតសម្អាតមុខចេញ។ អនុវត្តជាប្រចាំសម្រាប់រយៈពេល ១សប្តាហ៍ អ្នកនឹងសម្គាល់ឃើញភាពភ្លឺរលោងនៃស្បែក ហើយស្នាមជ្រីវជ្រួញលែងសូវឃើញដូចមុន។
៣. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើក្រូចឆ្មារស្រស់ៗ ១បន្ទះម៉ាស្សាលើស្បែក ជាពិសេសតំបន់ដែលស្នាមជ្រីវជ្រួញលេចឡើង។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញ។ ជាតិអាស៊ីតនៃក្រូចឆ្មារអាចធ្វើឱ្យស្បែកសជាងមុនដែលកាត់បន្ថយរូបរាងនៃស្នាមជ្រីវជ្រួញ។
៤. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស៊ុត ១គ្រាប់ជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាកាហ្វេ និងប្រេងអូលីវ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់ និងអនុវត្តឱ្យបានយ៉ាងហោចណាស់ពី ២ ដងក្នុងមួយសប្តាហ៍។
៥. ល្ហុង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនល្ហុងទុំពី ២ ទៅ ៣ដុំឱ្យម៉ដ្ឋខាប់ៗ រួចសឹមលាបលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕