ប្រសិនបើគ្រូពេទ្យសង្ស័យថាអ្នកមានជំងឺរលាកសន្លាក់ គាត់ប្រហែលជាត្រូវការបូមឈាមដើម្បីកំណត់អំពីប្រភេទនៃជំងឺរលាកសន្លាក់របស់អ្នកហើយ។ ចំពោះអ្នកជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ ការធ្វើតេស្តឈាមតែងតែគ្មានអ្វីមិនធម្មតាទេ ប៉ុន្តែចំពោះជំងឺរលាកសន្លាក់ផ្សេងៗទៀតដូចជាជំងឺរលាកសន្លាក់ Rheumatoid Arthritis ការធ្វើតេស្តថ្មីៗនឹងអាចជំនួយដល់ការធ្វើរោគវិនិច្ឆ័យកាន់តែប្រសើ។
នេះគឺជាការធ្វើតេស្តឈាមជាច្រើនប្រភេទខុសៗគ្នា និងចំនុចសម្គាល់ផ្សេងៗក្នុងការយកមកធ្វើរោគវិនិច្ឆ័យជំងឺរលាកសន្លាក់ និងបញ្ហារលាកផ្សេងៗទៀត។
តើតេស្តឈាមសម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺរលាកសន្លាក់ Rheumatoid Arthritis មានអ្វីខ្លះ?
Rheumatoid Factor គឺជាអង់ទីគ័រមិនទៀងទាត់មួយដែលអាចបញ្ជាក់ថាអ្នកជំងឺនោះមានជំងឺរលាកសន្លាក់ Rheumatoid Arthritis រហូតដល់ ៧០ ទៅ៩០%។ ទោះបីជាយ៉ាងណាក៏ដោយ Rheumatoid Factor (RF) ក៏អាចរកឃើញលើមនុស្សដែលគ្មានជំងឺរលាកសន្លាក់ប្រភេទនេះ ឬជំងឺប្រព័ន្ធភាពស៊ាំមិនប្រក្រតីផ្សេងៗទៀតដែរ។ ជាទូទៅ នៅពេលអ្នកជំងឺរលាកសន្លាក់ Rheumatoid Arthritis មិនមានវត្តមាន Rheumatoid Factor ទេ មានន័យថា ស្ថានភាពជំងឺរបស់គាត់មិនសូវជាធ្ងន់ធ្ងរឡើយ។
តេស្តដ៏ថ្មីមួយសម្រាប់ជំងឺរលាកសន្លាក់ Rheumatoid Arthritis ដែលវាស់ពីកម្រិតអង់ទីគ័រមួយប្រភេទឈ្មោះថា Anti-CCP គឺមានលក្ខណៈច្បាស់លាស់ជាង ហើយការកើនឡើងរបស់វាពិតជាអាចកំណត់ថាអ្នកជំងឺមានជំងឺរលាកសន្លាក់ Rheumatoid Arthritis និងវិវត្តទៅជាជំងឺ Rheumatoid Arthritis បាន។ វត្តមានរបស់អង់ទីគ័រ Anti-CCP អាចប្រើសម្រាប់ព្យាករណ៍ទុកថាអ្នកជំងឺនឹងមានជំងឺរលាកសន្លាក់ Rheumatoid Arthritis កាន់តែធ្ងន់ធ្ងរជាងមុនបានទៀតផង។
តើមានតេស្តសម្រាប់កំណត់អំពីការរលាកដែរទេ?
ពិតជាមាន។ Erythrocytes Sedimentation Rate (ESR) អាចបង្ហាញអំពីកម្រិតនៃការរលាកក្នុងរាងកាយបាន។ មនុស្សមានសុខភាពល្អម្នាក់ បរិមាណរបស់ ESR ត្រូវតែចុះទាប ហើយវាឡើងខ្ពស់បាននៅពេលតែមានការរលាក។ តេស្តនេះមិនអាចចង្អុលបញ្ជាក់ថាមានជំងឺអ្វីមួយច្បាស់លាស់ទេ ប៉ុន្តែទូទៅវាគឺជាសញ្ញាបញ្ជាក់ថាមានការរលាកក្នុងខ្លួនតែប៉ុណ្ណោះ។ ជំងឺ Lupus និង Polymyalgia Rheumatica បរិមាណរបស់ ESR ច្រើនតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយដំណើរការរបស់ជំងឺ។
បរិមាណរបស់ C-reactive Protein (CRP) សម្រាប់បញ្ជាក់អំពីការរលាកកាន់តែល្អជាង ESR ទៅទៀត។ ករណីអ្នកជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ប្រសិនបើ CRP ឡើងខ្ពស់ អាចបញ្ជាក់បានថា មានសញ្ញានៃការរលាកដ៏សំខាន់ ឬរបួសដល់រាងកាយហើយ។
ទាំងបិរមាណ CRP និង ESR ត្រូវបានប្រើដើម្បីតាមដានសកម្មភាពរបស់ជំងឺ និងការឆ្លើយតបរបស់ការព្យាបាល។
តើមានសញ្ញាអ្វីខ្លះក្នុងការកំណត់ថាមានជំងឺ Disorder Like Lupus?
ANA គឺជាតេស្តមួយប្រភេទសម្រាប់វាស់អំពីវត្តមាននៃអង់ទីគ័រដែលមិនធម្មតា និងជួយដល់គ្រូពេទ្យក្នុងការរកមើលជំងឺ Sjogren’s Syndrome, Lupus, Drug-induced Lupus, Polymyostitis, និង Scleroderma។
នៅពេលមានវត្តមានរបស់ ANA វាអាចបញ្ជាក់បានដែរ អ្នកប្រហែលជាមានជំងឺ ប្រព័ន្ធភាពស៊ាំមិនប្រក្រតីហើយ។ ប៉ុន្តែតេស្តនេះតែមួយមុខមិនអាចយកជាការបានឡើយ។ ប្រសិនបើ គ្មានវត្តមាន ANA ទេ អ្នកទំនងជាមិនមានជំងឺ Lupus ដែរ។
តើវត្តមានរបស់ HLA-B27 បញ្ជាក់អំពីអ្វីខ្លះ?
HLA-B27 គឺជចំនុចសម្គាល់អំពីហ្សែន។ អ្នកជំងឺរលាកសន្លាក់ឆ្អឹងកងខ្នង និងក្នុងសន្លាក់ (មិនមែនជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់) តេស្តដែលមានវត្តមាន HLA-B27 ត្រូវបានជាប់ទាក់ទងគ្នានឹងជំងឺមួយក្រុមឈ្មោះថា Seronegative Spondyloarthropathies។ ជំងឺនេះរួមមាន Ankylosing Spondylitis (AS), Psoriatic Arthritis, និង Reiter’s Syndrome។ HLA-B27 មានប្រហែលជា ៩០ភាគរយនៃអ្នកជំងឺ AS ប៉ុន្តែវាក៏អាចមើលឃើញលើមនុស្សដែលគ្មានសញ្ញានៃការរលាកសន្លាក់ ឬការរលាកផងដែរ។
តើអង់ស៊ីមសាច់ដុំ ឡើងខ្ពស់មានន័យដូចម្តេចទៅ?
នៅពេលអង់ស៊ីមសាច់ដុំ (Creatine Phosphokinase, CPK) និង (Aldolase) ឡើងខ្ពស់ ជាសញ្ញាបញ្ជាក់ថា អាចមានជំងឺនៃការរលាកសាច់ដុំកើតមានឡើងហើយ។ កម្រិតដ៏ខ្ពស់របស់ CPK ក៏អាចឃើញលើមនុស្សក្រោយពីបាក់បែកឆ្អឹង ចាក់ថ្នាំក្នុងសាច់ដុំ ជំងឺសាច់ដុំដោយសារក្រពេញទីរ៉ូអ៊ីតមិនដំណើរការនិងកំពុងតែប្រើប្រាស់ថ្នាំដូចជា ថ្នាំបញ្ចុះជាតិកូឡេស្ទើរ៉ុល។
តើ Antineutrophil Cytoplasmic Antibodies (ANCA) គឺជាអ្វី?
ANCA គឺជាអង់ទីគ័រមិនធម្មតាដែលរកឃើញភាគច្រើននៅក្នុងឈាមរបស់អ្នកជំងឺ Wegener’s Granulomastosis ដែលវាមានការប៉ះពាល់លើផ្លូវដង្ហើមខាងលើ សួត និងតម្រងនោម។ គេមិនសូវប្រើវាលើជំងឺផ្សេងក្នុងការកំណត់រោគវិនិច្ឆ័យឡើយ។ បរិមាណ ANCA ពេលខ្លះប្រើសម្រាប់តាមដានលើដំណាក់កាលរបស់ជំងឺ Wegener’s Granulomastosis ដែរ។
តើ Complement System គឺជាអ្វី?
Complement System ត្រូវបានបង្កើតឡើងដោយទំនាក់ទំនងរបស់ប្រូតេអ៊ីនដែលមានប្រព័ន្ធភាពស៊ាំ និងការរលាក។ ការថយចុះនៃធាតុផ្សំរបស់ Complement (C3,C4, ឬ CH50) អាចឃើញលើជំងឺ Lupus ។ ជំងឺផ្សេងៗដែលមានការរលាកលើសរសៃឈាម ក៏ច្រើនតែធ្វើអោយចំនួនរបស់ Complement ថយចុះក្នុងឈាមបានដែរ។ ជំងឺ Lupus បរិមាន Complement ត្រូវបានប្រើដើម្បីតាមដានជំងឺ ព្រោះវាអាចឡើង និងធ្លាក់ចុះអាស្រ័យទៅតាមសកម្មភាពរបស់ជំងឺ។
តើ Cryoglobulin គឺជាអ្វីទៅ?
Cryoglobulin គឺជាអង់ទីគ័រដែលប្រហែលជាឡើងខ្ពស់បានទៅតាមជំងឺខុសៗគ្នាដូចជា ជំងឺរលាកសន្លាក់ Rheumatoid Arthritis, Lupus, Sjogren’s Syndrome, Waldenstrom’s Macroglobulinemia, Multiple Myeloma,Lymphoproliferative Disorders, ជំងឺរលាកថ្លើមប្រភេទ B និង C និងជំងឺឆ្លងផ្សេងៗទៀត។