ទម្លាប់ខ្ជិលផ្លាស់ប្ដូរសម្លៀកបំពាក់អាចបង្កបញ្ហាជាច្រើនដែលអ្នកគិតមិនដល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរពាក់ខោអាវដដែល ២ថ្ងៃជាប់គ្នា ៖
១. រាងកាយអាចត្រូវប៉ះពាល់នឹងមេរោគ
ការស្លៀកបំពាក់ដដែលមិនព្រមផ្លាស់ចេញមិនត្រឹមតែធ្វើឱ្យរាងកាយរបស់អ្នកប៉ះពាល់នឹងញើស, ខ្លាញ់ និងបាក់តេរីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែមេរោគបាក់តេរីពីអ្នកដទៃក៏អាចតោងជាប់មកដែរ។ គ្រប់គ្នាសុទ្ធតែមានបាក់តេរីលើស្បែក ហើយមេរោគភាគច្រើនដែលតោងជាប់នឹងសម្លៀកបំពាក់ គឺចេញមកពីរាងកាយនេះឯង។ ប៉ុន្តែវាក៏អាចទៅរួចផងដែរ ក្នុងការចម្លងយកបាក់តេរីពីអ្នកដទៃមកជាប់នឹងខោអាវរបស់អ្នក។ ទោះបីភាគច្រើនបាក់តេរីទាំងនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានមួយចំនួនអាចបង្កការឆ្លងមេរោគ ជាពិសេសប្រសិនបើអ្នកកំពុងមានបញ្ហាស្បែកស្រាប់។
២. អាចបង្ករោគមុន
ការបោកសម្អាតសម្លៀកបំពាក់ច្រើនៗអាចធ្វើឱ្យអ្នកធុញទ្រាន់ និងអស់កម្លាំង ប៉ុន្តែប្រសិនបើអ្នកកំពុងមានបញ្ហាឡើងមុនលើស្បែកខ្នង ឬទ្រូង នោះមិនថាយ៉ាងណាក៏អ្នកពុំគួរខ្ជិលនឹងការផ្លាស់ប្ដូរសម្លៀកបំពាក់ជាប្រចាំដែរ។ សម្លៀកបំពាក់គគ្រិច ឬកខ្វក់ប្រមូលផ្ដុំដោយញើស និងបាក់តេរីដែលចម្លងទៅតំបន់ដែលមានរោមលើដងខ្លួននាំឱ្យស្ទះរន្ធញើសកើតមុន។ បន្ថែមពីនេះញើសគួបផ្សំជាមួយកោសិកាស្បែកងាប់ៗអាចបង្កការរលាកដែលបណ្ដាលឱ្យឡើងមុនលើផ្នែកផ្សេងៗនៃរាងកាយរួមបញ្ចូលទាំងខ្នង, ភ្លៅ និងសូម្បីតែគូថ។
៣. នាំឱ្យមានក្លិនខ្លួនមិនល្អ
សម្លៀកបំពាក់នៅពេលពាក់យូរទៅអាចបាត់ក្លិនក្រអូបបន្តិចៗម្ដងៗ ជាពិសេសត្រង់តំបន់ក្លៀកដែលបែកញើស។ មេរោគបាក់តេរី គឺស្រឡាញ់ញើសណាស់ ហើយការគួបផ្សំគ្នានៃញើសនិងមេរោគបាក់តេរីអាចបង្កជាបញ្ហាក្លិនខ្លួនមិនល្អ។
៤. បង្កបញ្ហារោលកន្ទួលរមាស់
ប្រសិនបើអ្នកសម្គាល់ឃើញនូវអាការៈឡើងរោលកន្ទួលរមាស់លើស្បែក នោះអ្នកមិនត្រូវខ្ជិលនឹងផ្លាស់សម្លៀកបំពាក់ចេញឡើយ។ ជាធម្មតាសម្លៀកបំពាក់ គឺតែងប៉ះផ្ទាល់ជាប់នឹងស្បែក ហើយប្រសិនបើសម្លៀកបំពាក់កខ្វក់ត្រដុសស្បែកមិនឈប់គួបផ្សំរវាងខ្លាញ់ ឬជាតិប្រេង និងបាក់តេរីដែលតោងជាប់សាច់ក្រណាត់ទៀតនោះ វាប្រាកដណាស់ថាអាចបង្ជាកការរលាក ព្រមទាំងរោលកន្ទួលរមាស់តែម្ដង។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕