ពួកយើងប្រហែលជាទទួលទានស៊ុត, ចេក និងទឹកដោះគោរាល់ថ្ងៃ ប៉ុន្តែសង្ស័យនៅតែមិនដឹងថាមួយថ្ងៃគួរញ៊ាំត្រឹមប៉ុណ្ណាទើបល្អ ខណៈដែលភាពលើសកម្រិតអាចជះផលប៉ះពាល់គួរឱ្យបារម្ភលើសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបរិមាណនៃអាហារប៉ុន្មានប្រភេទដែលអ្នកគួរទទួលទានដើម្បីទទួលបានអត្ថប្រយោជន៍ប្រសើរ ៖
១. ចេក ២ផ្លែក្នុងមួយថ្ងៃ
ចេកអាចផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមចាំបាច់និងជាតិសសៃ។ វាជាការប្រសើរបំផុតក្នុងការទទួលទានចេកត្រឹម ២ផ្លែក្នុងមួយថ្ងៃជាអាហារសម្រន់ដើម្បីកាត់បន្ថយអាការៈហើមពោះ, គ្រប់គ្រងចំណង់អាហារ និងជំនួសជាតិស្ករកែច្នៃ។ អ្នកជំនាញជាច្រើនក៏និយាយផងដែរថា ចេក គឺមិនគ្រប់គ្រាន់សម្រាប់ទទួលទានជាអាហារពេលព្រឹកឡើយ ខណៈដែលវាអាចផ្ដល់ថាមពលលឿន ប៉ុន្តែឆាប់ថយទៅវិញនាំឱ្យអស់កម្លាំងនិងឃ្លានម្ដងទៀត។
២. ស៊ុត ៧គ្រាប់ក្នុងមួយសប្តាហ៍
វាជាការប្រថុយខ្លាំងណាស់ក្នុងការទទួលទានស៊ុតច្រើនពេកក្នុងមួយថ្ងៃៗជាពិសេសសម្រាប់អ្នកជំងឺបេះដូង។ អ្នកជំនាញណែនាំឱ្យអ្នកទទួលទានស៊ុតត្រឹម ១គ្រាប់ក្នុងមួយថ្ងៃ សម្រាប់មនុស្សភាគច្រើននិងអ្នកដែលមានបញ្ហាកូឡេស្តេរ៉ូលក្នុងឈាមឡើងខ្ពស់។ ប្រសិនបើអ្នកជាបុគ្គលមានសុខភាពល្អនោះស៊ុត ៧គ្រាប់ក្នុងមួយសប្តាហ៍គួរតែប្រសើរបំផុត។
៣. អំបិល ១ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ
មនុស្សពេញវ័យគួរទទួលទានអំបិលក្នុងមួយថ្ងៃមិនគួរលើសពី ៦ក្រាមឡើយ គឺប្រហែល ១ស្លាបព្រាកាហ្វេ។ ហើយបរិមាណនេះគួររួមបញ្ចូលទាំងអាហារប្រៃៗគ្រប់ប្រភេទដែលអ្នកទទួលទាន។ អ្នកក៏ចាំបាច់ត្រូវប្រយ័ត្នចំពោះបរិមាណនៃអំបិលដែលត្រូវផ្ដល់ឱ្យកុមារផងដែរ គឺពី ១ឆ្នាំ ដល់ ៣ឆ្នាំ ២ក្រាមនៃអំបិលក្នុងមួយថ្ងៃ, ៤ឆ្នាំ ដល់ ៦ ឆ្នាំ ៣ក្រាមនៃអំបិលក្នុងមួយថ្ងៃ, ៧ឆ្នាំ ដល់ ១០ឆ្នាំ ៥ក្រាមនៃអំបិលក្នុងមួយថ្ងៃ, ចាប់ពី ១១ឆ្នាំ ដល់លើសនេះ គឺ ៦ក្រាមនៃអំបិលក្នុងមួយថ្ងៃ។
៤. ប្រេងអូលីវ ១ស្លាបព្រាបាយកន្លះក្នុងមួយថ្ងៃ
មួយស្លាបព្រាបាយកន្លះក្នុងមួយថ្ងៃនៃប្រេងអូលីវនឹងផ្ដល់អត្ថប្រយោជន៍ប្រសើរៗជាច្រើនចំពោះសុខភាព។ ទោះជាយ៉ាងណាត្រូវប្រយ័ត្នចំពោះរបៀបដែលអ្នកទទួលទានវា ខណៈដែលនៅពេលប្រេងអូលីវត្រូវបានចម្អិនដោយប្រើកម្ដៅខ្ពស់ វានឹងបាត់បង់នូវប្រសិទ្ធភាព។
៥. ស្ករស ៦ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ
អ្នកសិក្សាស្រាវជ្រាវជាច្រើនណែនាំមិនឱ្យទទួលទានស្ករសមិនលើសពី ៦ស្លានព្រាកាហ្វេក្នុងមួយថ្ងៃចំពោះស្ត្រី។ ចំណែកឯបុរសអាចទទួលទានបានដល់ទៅ ៩ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកគិតថា ទទួលទានភេសជ្ជៈកំប៉ុងមានជាតិស្ករ ១កំប៉ុងក្នុងមួយថ្ងៃដោយមិនកាត់បន្ថយអាហារដែលជាប្រភពផ្សេងទៀតនៃកាឡូរី អ្នកអាចកើនទម្ងន់ដល់ទៅជិត ៧គីឡូក្រាមក្នុងរយៈពេល ៣ឆ្នាំ។
៦. ទឹកដោះគោ ៣ពែងក្នុងមួយថ្ងៃ
មនុស្សពេញវ័យគួរទទួលទានទឹកដោះគោ ៣ពេង ឬ ៧៣២មីលីលីត្រក្នុងមួយថ្ងៃដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ និងចៀសវាងបញ្ហា។ ទោះជាយ៉ាងណាត្រូវប្រយ័ត្នប្រសិនបើអ្នកចាញ់ឡាក់តូស។
៧. តែខ្មៅ ៣ពែងក្នុងមួយថ្ងៃ
ការសិក្សាស្រាវជ្រាវចំនួន ៩ផ្សេងៗពីគ្នាបានណែនាំឱ្យទទួលទានតែខ្មៅ ៣ពែងក្នុងមួយថ្ងៃជាប្រចាំដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល។ ទោះជាយ៉ាងអ្នកក៏នៅតែចាំបាច់ត្រូវប្រយ័ត្នចំពោះភេសជ្ជៈនេះ និងបរិមាណនៃកាហ្វេអ៊ីណដែលអ្នករំលាយ ប្រសិនបើអ្នកមានជំងឺគេងមិនលក់ ឬមានបញ្ហាសុខភាពណាមួយដោយឡែក។
៨. កាហ្វេខ្មៅ ៤ពែងក្នុងមួយថ្ងៃ
ការសិក្សាស្រាវជ្រាវមួយចំនួនបានណែនាំថា ការទទួលទានកាហ្វេខ្មៅ ៤ពែង (៩៤៥មីលីលីត្រ) ក្នុងមួយថ្ងៃ គឺមានសុវត្ថិភាពសម្រាប់មនុស្សពេញវ័យសុខភាពល្អ។ អ្នកដែលទទួលទានកាហ្វេមិនបន្ថែមស្ករ ឬជាតិផ្អែមសិប្បនិម្មត្តិដទៃទៀត ៤ពែងក្នុងមួយថ្ហៃជាប្រចាំ គឺអាចកាត់បន្ថយហានិភ័យនៃជំងឺថ្លើម។ ទោះជាយ៉ាងណាវាមិនមានន័យថា អ្នកចាំបាច់ត្រូវចាប់ផ្ដើមទទួលទានវាឡើយ ប្រសិនបើអ្នកមិនស៊ាំធ្លាប់ទទួលទាន ឬកំពុងមានបញ្ហាសុខភាពណាមួយ។
៩. ក្រូច ១ផ្លែក្នុងមួយថ្ងៃ
ក្រូច ១ផ្លែក្នុងមួយថ្ងៃអាចផ្ដល់ឱ្យអ្នកនូវបរិមាណនៃវីតាមីន C គ្រប់គ្រាន់សម្រាប់មួយថ្ងៃ។ ការទទួលទានផ្លែឈើនេះក្នុងបរិមាណច្រើនពេកអាចផ្ដល់នូវអាការៈនៃរលាកក្រពះពោះវៀន ដូច្នេះគួរចៀសវាងការទទួលទានក្រូចនៅពេលយប់ផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕