ការហើមសួតសំដៅទៅលើជាតិទឹកនៅក្នុងសរសៃឈាមលេចចេញទៅខាងក្រៅ រួចចូលទៅក្នុងជាលិការសាច់សួត ទើបធ្វើអោយសួតទៅជាហើម។ ករណីបែបនេះអាចកើតឡើងបានដោយសារតែសម្ពាធក្នុងសរសៃឡើងខ្ពស់ពេក ឬមិនមានប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងចរន្តឈាមដើម្បីទាញទឹកចេញពី កោសិការចូលក្នុងសរសៃឈាមបាន។
ថង់សួតតូចៗដែលមានឈ្មោះថា Alveoli គឺជាកន្លែងសម្រាប់ប្តូរអុកស៊ីសែនតាមរយៈការដក ដង្ហើមចូល និងនាំឧស្ម័នកាបូនឌីអុកស៊ីតចេញពីក្នុង ឈាមទៅក្រៅវិញតាមរយៈការដកដង្ហើមចេញ។ ជាធម្មតាថង់សួត Alveoli មានកម្រាស់ជញ្ជាំងរបស់វាដ៏ស្តើងដែលអាចប្រើសម្រាប់បណ្តូរឧស្ម័នទាំងនេះបាន ហើយចំពោះជាតិ ទឹកវិញមិនអាចេញចូលបានឡើយ លុះត្រាតែជញ្ជាំងរបស់វាមិនអាចទ្រាំទ្រសម្ពាធឈាមរបស់ឈាមបាន។
មូលហេតុ
ចំពោះមូលហេតុនៃការហើមសួតត្រូវបានចែកចេញពីរធំៗ នោះគឺមូលហេតុទាក់ទងនឹងបេះដូង និងមិនទាក់ទងនឹងបេះដូង។
១, មូលហេតុទាក់ទងនឹងបេះដូង
មូលហេតុដែលទាក់ទងនឹងបេះដូងច្រើនបណ្តាលមកពីសម្ពាធក្នុងសរសៃឈាមក្នុងសួតឡើងខ្ពស់ ដោយសារតែខ្សោយបេះដូង។ ជំងឺខ្សោយបេះដូងកើតឡើងដោយសារតែការច្របាចនៃសាច់ដុំបេះដូងចុះខ្សោយ ជំងឺគាំងបេះដូង ឬជំងឺប្រើសបេះដូងមិនធម្មតា ដែលសុទ្ធតែនាំអោយមានសម្ពាធឈាមកាន់តែច្រើនក្នុងសរសៃឈាមរបស់សួត និងបណ្តាលអោយជាតិទឹកក្នុងសរសៃឈាមរុញចូលទៅក្នុងថង់សួត Alveoli បាន។
២, មូលហេតុដែលមិនមែនបណ្តាលមកពីបេះដូង
ជំងឺហើមសួតដែលមិនបណ្តាលមកពីបេះដូងមានដូចជា៖
• ចង្កោមរោគសញ្ញាពិបាកផ្លូវដង្ហើមស្រួចស្រាវ (Acute Respiratory Distress Syndrome, ARDS)៖ វាគឺជាជំងឺដ៏ធ្ងន់ធ្ងរមួយបង្កឡើងដោយការបង្ករោគធ្ងន់ធ្ងរ បែកបាក់ឆ្អឹង មានរបួសទៅសួត ស្រូបឧស្ម័នពុល ជំងឺសួត ជក់បារីមានជាតិកូកាអ៊ីន ឬបាញ់កាំរស្មីលើសួត។ ជំងឺនេះធ្វើអោយភាពធន់របស់ជញ្ជាំង Alveoli ទៅជាខូចខាត និងមានការរលាក ដែលជាហេតុនាំអោយជ្រាប់ទឹកចេញពីសរសៃឈាមចូលទៅក្នុងនោះបាន។
• ខ្សោយតម្រងនោម៖ ការខ្សោយតម្រងនោម មានន័យថារាងកាយមិនអាចបញ្ចេញជាតិទឹកចេញពីក្នុងខ្លួនបានទេ ដែលវាជាហេតុនាំអោយចាលជាតិទឹកច្រើនក្នុងខ្លួនរហូតដល់ហើមសួត។
• រស់នៅទីខ្ពស់៖ អ្នកដែលរស់នៅលើភ្នំ ឬទីខ្ពស់រហូតដល់៣០០គីឡូម៉ែត្រពីដីរាបច្រើនតែមានជំងឺហើមសួត។
• គ្រោះថ្នាក់ទៅលើខួរក្បាល ហូរឈាមក្នុងខួរក្បាល ប្រកាច់ធ្ងន់ធ្ងរ ឬវះកាត់ខួរក្បាល
• ករណីបូមទឹកក្នុងស្រោមសួត បូមខ្យល់ក្នុងស្រោមសួត
• អ្វីដែលកម្រ គឺប្រើថ្នាំហេរ៉ូអ៊ីន ឬMethadon លើសកម្រិត
• ប្រើថ្នាំអាស្ពីរីនលើសកម្រិត ក៏នាំអោយហើមសួតដែរ ដោយសារតែពុលនឹងថ្នាំនេះជាពិសេសកើតលើមនុស្សចាស់។
កត្តាប្រឈមមុខ
កត្តាប្រឈមមុខនឹងជំងឺហើមសួតគឺជាមូលហេតុសំខាន់ៗរបស់វាដូច ខាងលើនេះ ព្រោះគ្មានកត្តាប្រឈមមុខណាមួយពិសេសសម្រាប់ជំងឺហើមសួតនោះទេ។
រោគសញ្ញា
រោគសញ្ញាដែលកើតមានជាញឹកញាប់បំផុតនោះគឺ ពិបាកដកដង្ហើម។ នេះប្រហែលជារោគសញ្ញាកើតឡើងសន្សឹមៗរបស់វាហើយប្រសិនបើដំណើរជំងឺនេះកើតឡើងយឺត ឬអាចកើតឡើងភ្លាមៗក្នុងករណីហើមសួតស្រួចស្រាវ។
រោគសញ្ញាផ្សេងៗទៀតមាន ងាយអស់កម្លាំង ឆាប់ហត់ជាងធម្មតា ដកដង្ហើមញាប់ ឬវិលមុខ។អ្នកជំងឺហើមសួតប្រហែលជាមានបញ្ហាអុកស៊ីសែនក្នុងឈាមថយចុះ។ លើសពីនេះទៅទៀត ពេលប្រើស្តេតូស្តាប់សួតអាចនឹងលឺសូរសម្លែងមិនធម្មតាកើតមានឡើង។
ពេលត្រូវជួបគ្រូពេទ្យ
មានមូលហេតុច្រើនណាស់ដែលតម្រូវអោយអ្នកជំងឺហើមសួតត្រូវសម្រាក់ក្នុងមន្ទីរពេត្យ ជាពិសេសករណីស្រួចស្រាវ។ ចំពោះករណិរ៉ាំរ៉ៃមួយចំនួន ដែលបណ្តាលមកពីការខ្សោយបេះដូង គួរតែមកអោយគ្រូពេទ្យតាមដាន និងព្យាបាលជាទៀងទាត់បានហើយ។
ភាគច្រើនជំងឺហើមសួតត្រូវតែព្យាបាលជាមួយគ្រូពេទ្យឯកទេសខាងសារីរាង្គក្នុងខ្លួន ឯកទេសបេះដូង ឬឯកទេសជំងឺសួត។
រោគវិនិច្ឆ័យ
ជាធម្មតាជំងឺហើមសួតអាចរករោគវិនិច្ឆ័យបានតាមរយៈការថតកាំរស្មីអ៊ិចនៅលើទ្រូង។ រូបថតកាំរស្មីអ៊ិចបង្ហាញអំពីរូបភាពសៗនៅកណ្តាលដែលដំណាងអោយបេះដូង និងរូបភាពខ្មៅៗដំណាងអោយសរសៃឈាម ឆ្អឹងកងខ្នង ផ្ទៃសួត ព្រមទាំងឆ្អឹងជំនី។
រូបភាពកាំរស្មីអ៊ិចលើសួតដែលហើមបង្ហាញអំពីរូបរាងសួតទាំងសងខាងសជាងធម្មតា។ ចំពោះករណីធ្ងន់ធ្ងរ អាចមើលឃើញផ្ទៃរបស់សួតនោះទៅជាសសុទ្ធតែម្តងហើយមានសរសៃឈាមតិចតួចទេ។ រូបភាពពណ៌សនេះតំណាងអោយទឹកដក់ក្នុង Alveoli។
ដើម្បីដឹងបានពីមូលហេតុរបស់ជំងឺហើមសួត ត្រូវតែវាយតម្លៃអំពីរោគសញ្ញាយ៉ាងសំខាន់របស់អ្នកជំងឺ ។ ចំពោះប្រវត្តិជំងឺ និងការពិនិត្យលើរាងកាយច្រើនតែផលព័ត៌មានគ្រប់គ្រាន់សម្រាប់រកមើលមូលហេតុ។
មធ្យោបាយធ្វើរោគវិនិច្ឆ័យផ្សេងៗទៀតមាន វាស់កម្រិតផ្លាស្មា B-type Natriuretic Peptide (BNP) ឬ N-terminal Pro-BNP។ នេះគឺជាប្រភេទអ័រម៉ូនម្យ៉ាងដែលវានឹងកើនឡើងនៅពេលថតបេះដូងទាញពន្យឺត។ ការឡើងនៃ BNP រហូតដល់ ៣០០ ឬច្រើនជាងនេះ អាចបញ្ជាក់ថា មានជំងឺហើមសួតដោយសារតែបេះដូង។ ម្យ៉ាងវិញទៀត បើចំនួននេះតិចជាង ១០០ មានន័យថាអាចទាត់ចោលមូលហេតុដែលបណ្តាលមកពីបេះដូងបានហើយ។
បំពង់កាទេទែចាក់បញ្ចូលទៅក្នុងសរសៃឈាមអាក់ទែសួត (Swan-Ganz) មានទំហំតូច និងវែង ហើយប្រើសម្រាប់ចាក់បញ្ចូលទៅក្នុងសរសៃឈាមវ៉ែននៅនឹងទ្រូង ឬដើម្បីអាចចូលទៅដល់ថតបេះដូងខាងស្តាំ និងសរសៃឈាមកាពីឡារីសួត។ ទោះបីជាការធ្វើបែបនេះមានការប៉ះពាល់ដល់អ្នកជំងឺច្រើនក៏ដោយ ក៏វាអាចវាស់នូវសម្ពាធរបស់សរសៃឈាមក្នុងសួតបានដោយផ្ទាល់ដែរ។
• ចំពោះសម្ពាធពី ១៨mmHg ឡើងទៅ ចាក់ទុកថាបណ្តាលមកពីបេះដូង
• ចំពោះសម្ពាធតិចជាង ១៨mmHg តែងតែមិនមែនបណ្តាលមកពីបេះដូងទេ
ការព្យាបាល
ការព្យាបាលជំងឺហើមសួតអាស្រ័យទៅលើមូលហេតុ និងភាពធ្ងន់ធ្ងររបស់វា។
ករណីហើមសួតដោយសារបេះដូងភាគច្រើនត្រូវព្យាបាលដោយប្រើថ្នាំបញ្ចុះទឹកនោមជាមួយនឹងថ្នាំ ព្យាបាលអាការៈខ្សោយបេះដូង។ ការព្យាបាលដ៏សមស្របគឺអ្នកជំងឺប្រើថ្នាំដោយការលេប និងត្រលប់ទៅផ្ទះវិញបាន។ ប្រសិនបើការហើមសួតនោះមានលក្ខណៈធ្ងន់ធ្ងរ ឬប្រើថ្នាំមិនបានផល ការសម្រាកក្នុងមន្ទីរ និងការចាក់ថ្នាំតាមសរសៃប្រហែលជាចាំបាច់ត្រូវធ្វើហើយ។
ការព្យាបាលសម្រាប់មូលហេតុដែលមិនបណ្តាលមកពីបេះដូងក៏អាស្រ័យតាមមូលហេតុដែរ ឧទាហរណ៍ ការបង្ករោគធ្ងន់ធ្ងរ (sepsis) ត្រូវតែព្យាបាលដោយថ្នាំអង់ទីបីយ៉ូទិច និងការថែទាំងផ្សេងៗទៀត ឬជំងឺខ្សោយតម្រងនោមត្រូវតែធ្វើការវាយតម្លៃ និងគ្រប់គ្រងអោយបានល្អ។
ការព្យាបាលដោយប្រើអុកស៊ីសែនពេលខ្លះចាំបាច់ត្រូវធ្វើនៅពេលអុកស៊ីសែនក្នុងឈាមចុះទាបខ្លាំង។ ករណីជំងឺធ្ងន់ធ្ងរប្រភេទ ARDS ចូរជួយអ្នកជំងឺជាមួយនឹងម៉ាស៊ីនជំនួយដកដង្ហើមសប្បនិមិត្ត។
ផលិវបាក
ផលវិបាកភាគច្រើននៃជំងឹហើមសួតក៏ប្រហែលជាទាក់ទងនឹងនឹងមូលហេតុរបស់វាដែរ។ អ្វីដែលពិសេសគឺថា ជំងឺហើមសួតអាចបណ្តាលអោយសួតមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ បញ្ចូលទៅក្នុងឈាម ពេលនោះនឹងអាចធ្វើអោយកង្វះអុកស៊ីសែនទៅសរីរាង្គសំខាន់ៗដូចជាខួរក្បាលជាដើម។