ចរន្តឈាមដែលបានរត់នៅក្នុងសរសៃឈាម និង សរសៃអាទែរបស់យើង គឺបានធ្វើការផ្គត់ផ្គង់នូវ អុកស៊ីសែន ទៅកាន់សរីរៈ នៅក្នុងរាងកាយ ដោយវាបានធ្វើការច្រចាច់ចេញ និង ចូលពីក្នុងបេះដូង ជាមួយនឹងកំលាំង ដែលនាំយកមកនូវសម្ពាធ ដែលត្រូវបានផ្ទុកទៅលើជញ្ជាំងនៃសរសៃឈាម។

ប្រសិនបើ សម្ពាធទាំងនេះ ត្រូវបានកើនឡើង នោះបេះដូងនឹងត្រូវធ្វើការខំប្រឹងច្របាច់ជាងពេលធម្មតា ដើម្បីបង្កើន ថាមពលការងាររបស់វា ហើយសរសៃឈាមអាទែទាំងនោះ ក៏ត្រូវបានមានការវិវត្តនូវ ការរីកលូតលាស់ នៃជាលិកាមិនធម្មតា ដែលវានឹងធ្វើអោយចរន្តឈាមរត់ ត្រូវបានកាត់បន្ថយ។ នៅពេលដែលបេះដូង បានខំប្រឹងធ្វើការពិបាកជាងមុន ក្នុងការច្របាច់បញ្ចេញឈាម តាមរយៈសរសៃ អាទែ ដែលត្រូវបានរាំងស្ទះនេះ នោះសម្ពាធដែលមាននៅលើជញ្ជាំងសរសៃអាទែ នឹងត្រូវបានបង្កើន ឡើង។ ការកើនឡើងនូវ សម្ពាធឈាមនេះ យូរៗទៅវានឹងធ្វើអោយបេះដូងចុះទន់ខ្សោយ។ ជាលទ្ធផល នោះគឺថា អ្នកអាច កើតមាននូវ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល, ជំងឺគាំងបេះដូង ឬក៏ ជំងឺខ្សោយតម្រងនោម។
សម្ពាធឈាមដែលមានកម្រិត ១២០/ ៨០ ត្រូវបានចាត់ទុកថា ជាកម្រិតប្រក្រតី សម្រាប់មនុស្សពេញ វ័យដែលមានសុខភាពល្អ។ តែប្រសិនបើសម្ពាធឈាមអ្នក កើនដល់ ១៤០/ ៩០ ឬ ច្រើនជាងនេះ នោះ អ្នកនឹងត្រូវបានធ្វើរោគវិនិច្ឆ័យថា អ្នកកើតមានជំងឺលើសសម្ពាធឈាមហើយ។ តួលេខនៅខាងលើ (systolic ) គឺ ជាការបង្ហាញប្រាប់ពី សម្ពាធនៅក្នុងសរសៃឈាមរបស់អ្នក នៅពេលដែលបេះដូងអ្នក កំពុងលោតក្នុង កំលាំងជាអតិបរិមារបស់វា ។ តួលេខដែលនៅខាងក្រោម (diastolic ) គឺប្រាប់អ្នកពី សម្ពាធដែលមាន នៅពេល ដែលបេះដូងកំពុងសម្រាក ។
ហេតុអ្វីបានជាការធ្វើ លំហាត់ប្រាណអាចជួយអ្នកបាន ?
ការសម្រកទំងន់ និង ការព្យាយាមភ្ជាប់ខ្លួនឯង ទៅនឹងសកម្មភាពលំហាត់ប្រាណ នៅក្នុងមជ្ឈដ្ឋាន ខាងក្រៅ នឹងអាចជួយពង្រឹងដល់ សុខភាពបេះដូងរបស់អ្នក និង ជួយបានផងដែរ ក្នុងការជួយបន្ទាប នូវកម្រិតសម្ពាធឈាមរបស់អ្នក។ បេះដូងដែលមានភាពមាំមួន គឺអាចធ្វើការច្របាច់បញ្ចេញឈាមបាន ច្រើនជាងមុន ដោយមិនចាំបាច់មានការប្រឹងប្រែងខ្លាំង។ សកម្មភាពនៃលំហាត់ប្រាណខាងក្រៅផ្ទះ គឺ អាចជួយបាន ដោយវាបានជួយក្នុងការបង្កើននូវ ការប្រើប្រាស់កម្រិតអុកស៊ីសែននៅក្នុងរាយកាយយើង ។ បេះដូង និង ប្រព័ន្ធដំណើរឈាមរត់ បានធ្វើការច្របាច់បញ្ចេញកម្រិតអុកស៊ីសែននៅក្នុងឈាម ដើម្បី អោយវា ឆ្លើយតបបានតាមតម្រូវការដែលមានការកើនឡើងនេះ ។ ប្រសិនបើសម្ពាធឈាម អ្នកស្ថិតក្នុងស្ថានភាពប្រក្រតី នោះការធ្វើលំហាត់ប្រាណអាចជួយអ្នកទប់ស្កាត់ នឹងការកើនឡើងនូវសម្ពាធឈាម ដែលវានឹងកើតមាន ទៅតាមអាយុកាលរបស់អ្នក។ ដើម្បីធ្វើការថែរក្សាពួកវា នោះអ្នកត្រូវតែធ្វើការហាត់ ប្រាណ។ វាត្រូវចំណាយពេល ប្រហែលជា១ ទៅ ៣ខែ ក្នុងការធ្វើលំហាត់ប្រាណអោយបានជាប្រចាំ ដើម្បីអោយវាមានឥទ្ធិពលជាវិជ្ជមាន ទៅលើសម្ពាធឈាមរបស់អ្នក ហើយអត្ថប្រយោជន៍របស់វា នឹងបន្ត មានបាន ដរាបណាអ្នកនៅតែបានបន្តធ្វើវា។ អ្នកដែលមានសម្ពាធឈាមលើសខ្ពស់ខ្លាំង គឺមិនគួរធ្វើនូវ ប្រភេទលំហាត់ប្រាណបែបយូហ្គា ដែលមានលក្ខណៈបញ្ច្រាស មានដូចជាស្ថានភាពនៃការដាក់ស្មា ឬ ក្បាល ចុះក្រោម ដោយសារតែ ការដាក់ស្ថានភាពដងខ្លួនបញ្ច្រាសបែបនេះ គឺអាចធ្វើអោយមានបម្រែ បម្រួលដល់សសៃឈាមបេះដូង ដែលវាជាបានផ្តល់ផលប៉ះពាល់មួយដ៏ធ្ងន់ធ្ងរ។
សកម្មភាពជាប្រចាំថ្ងៃ
មិនថាសកម្មភាពរាងកាយ ក្នុងកម្រិតជាមធ្យមណាមួយនោះទេ គឺសុទ្ធតែធ្វើអោយរាងកាយ និង ធ្វើអោយផ្នែកធំៗនៃសាច់ដុំរបស់រាងកាយយើងបាន ធ្វើចលនា គឺមានដូចជានៅត្រង់ជើង,ដៃ និង ស្មា គឺពិតជាអាចជួយបន្ទាបនូវ កម្រិតសម្ពាធឈាមរបស់អ្នក។ មានសកម្មភាពការងារជាច្រើន ដែលយើងធ្វើ ជាប្រចាំថ្ងៃ ក៏ដូចជាសកម្មភាពផ្នែកកីឡាផងដែរ គឺបានចូលរួមចំណែក នូវការប្រើប្រាស់ថាមពលដ៏មាន ប្រយោជន៍មានដូចជា ៖
· ការឡើងជណ្តើរអោយបានរយៈពេល ១៥នាទី ។
· ការរាំកំសាន្ត អោយបានរយៈពេល ៣០នាទី។
· ការធ្វើកិច្ចការក្នុងសួនច្បារ ក្នុងរយៈពេល ៤៥នាទី។
· បោសសំអាតស្លឹកឈើ ក្នុងរយៈពេល ៣០នាទី។
· ការលាងសំអាតឡាន ក្នុងរយៈពេល ៤៥ ទៅ ៦០នាទី។
· ការជូតសម្អាតកញ្ចក់ អោយបានរយៈពេល ពី ៤៥ ទៅ ៦០នាទី ។
ធ្វើការលើកដុំទម្ងន់
ការលើកទ្រដុំទំងន់ ដែលមានទម្ងន់ធ្ងន់ខ្លាំង គឺអាចមានផលប៉ះពាល់ដល់អ្នក ប្រសិនបើអ្នកមាន ជំងឺលើសសម្ពាធឈាមនោះ ។ ការខំប្រឹងឈរ ដោយទ្រទម្ងន់ធ្ងន់ខ្លាំង គឺអាចបង្ខំធ្វើអោយបេះដូងរបស់ អ្នកខំប្រឹងធ្វើការច្របាច់បញ្ចេញឈាម ទៅក្នុងដៃរបស់អ្នក នៅក្នុងកម្រិតមួយ ដែលអាចបង្កើនដល់ សម្ពាធឈាមរបស់អ្នក។ ប្រសិនបើអ្នកចង់ធ្វើការហ្វឹកហាត់ជាមួយនឹងការ លើកដុំទំងន់ ទៅក្នុងកម្មវិធី ហាត់ប្រាណរបស់អ្នក នោះអ្នកត្រូវធ្វើការជ្រើសរើសការលើកដុំទំងន់ស្រាលៗជំនួសវិញ ។
ក្នុងករណីស្រដៀងគ្នានេះដែរ អ្នកត្រូវចងចាំថា ការធ្វើលំហាត់ប្រាណ ដោយប្រើថាមពលនៅនឹងដៃខ្លាំងក្លាពេក ក៏អាចធ្វើអោយសម្ពាធឈាមរបស់អ្នកខ្លះ កើនឡើងបានផងដែរ ដោយសារតែ ចង្វាក់បេះ ដូង និង សម្ពាធឈាមបានធ្វើការឆ្លើយតបទៅនឹង លំហាត់ប្រាណនៅត្រង់ដៃ មានកម្រិតខ្ពស់ជាង លំហាត់ប្រាណ ដែលបានធ្វើត្រង់ជើង ។
សកម្មភាពដែលសាកសមបំផុត មានដូចជា៖
· ការដើរ។
· ការរត់។
· ការធាក់កង់។
· ការហែលទឹក។
· ការចែវទូក។
· ការរាំ។
· លំហាត់ប្រាណបែបយូហ្គា (តែជៀសវាងស្ថានភាពដែល បញ្ច្រាសដងខ្លួន) ។
· លំហាត់ប្រាណបែបថៃឈិ។
· លំហាត់ប្រាណ បែបគីហ្គុង។
· ការធ្វើកិច្ចការក្នុងសួនច្បារ។
តើអ្នកគួរធ្វើវា អោយបានញឹកញាប់ប៉ុណ្ណា?
យ៉ាងហោចណាស់ អ្នកគួរធ្វើលំហាត់ប្រាណ អោយបាន៣០នាទីក្នុងមួយថ្ងៃ គឺវានឹងអាចជួយធ្វើ អោយសម្ពាធឈាមអ្នកធ្លាក់ចុះ និង ធ្វើអោយដំណើរឈាមរត់ មានភាពប្រសើរឡើវិញ។ ធ្វើការកម្តៅសាច់ដុំ ដោយការដើរយឺតៗ ឬ ធ្វើការពត់ខ្លួនអោយបានយ៉ាងតិចណាស់ ១០នាទី និង អោយបានយូរជាងនេះ សម្រាប់មនុស្សដែលមានវ័យចំណាស់ ។ បន្ទាប់មកធ្វើលំហាត់ប្រាណ អោយបានរយៈពេល ៣០នាទី និង ធ្វើសកម្មភាពបញ្ចប់ ជាមួយនឹងកសកម្មភាពស្រាលៗ អោយបានរយៈពេល ៥នាទីបន្ថែមទៀត ។ ប្រសិនបើអ្នកធ្វើការបញ្ឈប់នូវ សកម្មភាពហាត់ប្រាណ ក្នុងពេលភ្លាមៗពេក នោះសម្ពាធឈាមអ្នក អាចនឹងមានការធ្លាក់ចុះយ៉ាងខ្លាំង និង ធ្វើអោយអ្នកមានការ រមួលសាច់ដុំយ៉ាងឈឺចាប់ ។