ខេត្តបាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា នៅថ្ងៃម្សិលមិញ ថ្ងៃទី០៩ ខែមករានេះ រកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍៣នាក់បន្ថែមទៀតហើយ ដែលសរុបឆ្លងក្នុងសហគមន៍ឡើងដល់៤ករណី ។
សម្តេចតេជោ ថ្លែងនៅក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២ ។
ទាក់ទងទៅនឹងបញ្ហានៃជម្ងឺកូវីដ១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ កម្ពុជាបន្តរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ចំនួន៣នាក់បន្ថែមទៀត។ ដូច្នេះ សូមអោយប្រពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសអនុវត្តន៍វិធានការ៣កុំ ៣ការពារអោយបានខ្ចប់ខ្ជួន។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបន្តចាក់វ៉ាក់សាំងដូសជំរុញដូសទី៤ បន្តទៀត។ សម្តេចតេជោ បានបញ្ជាឱ្យទិញវ៉ាក់សាំងចំនួន៥លានដូសបន្ថែមទៀត ខណៈក្នុងឃ្លាំងសល់ប្រមាណ ១០លានដូស ការបញ្ជាទិញនេះ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញ។
សូមបញ្ជាក់ថា ផ្ទុះករណីឆ្លងអូមីក្រុង លើបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំម្នាក់ នៅទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាករណីឆ្លងសហគមន៍លើកដំបូង នៅកម្ពុជា គឺការឈានទៅបិទខ្ទប់ប្រទេស រាជធានីខេត្ត ឬតំបន់ណាមួយនោះ គឺអាស្រ័យលើប្រជាពលរដ្ឋ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ៕