អ្វីជាជំងឺភ្នែកឡើងបាយ?
ជំងឺភ្នែកឡើងបាយ គឺជាការវិវត្តន៍នូវ ស្នាមសបាំងកញ្ចក់ភ្នែកដោយមិនមានការឈឺចាប់។ ជំងឺនេះ បានបាំងជិត នូវពន្លឺ ដែលនឹងធ្វើអោយអ្នកជំងឺពិបាក ក្នុងការមើលឃើញអោយបានច្បាស់។ ការទុកវា ចោលដោយមិនមានការព្យាបាល ក្នុងរយៈពេលដ៏យូរ ជំងឺនេះអាចធ្វើអោយអ្នកជំងឺខ្វាក់បាន។ ជារឿយៗ វាតែងមានទំនាក់ទំនង ទៅនឹងការកើនឡើងរបស់អាយុ ប៉ុន្តែពេលខ្លះពួកវាក៏អាចកើតមានចំពោះ មនុស្សវ័យក្មេងបានផងដែរ។
តើអ្នកណាខ្លះ ដែលអាចកើតមានជំងឺនេះ ?
ភាគច្រើននៃជំងឺនេះ គឺកើតមានដោយសារការកើនឡើងនៃអាយុ។ នាពេលខ្លះ ទារកអាចកើតមកជាមួយនឹងជំងឺភ្នែកឡើងបាយនេះតែម្តង ដែលវាត្រូវបានហៅថា ជំងឺភ្នែកឡើងបាយតាំងពីកំណើត ឬ ក៏កុមារអាចវិវត្តកើតមានវា ដោយសារតែការមានជំងឺ ឬ ការរងរបួស។ តែទោះជាយ៉ាងណាក៏ដោយ ជំងឺ ភ្នែកឡើងបាយ ក្នុងវ័យកុមារភាព គឺមានជាកម្របំផុត។
តើកត្តាអ្វីខ្លះ ដែលធ្វើអោយអ្នកមានជំងឺភ្នែកឡើងបាយ?
មូលហេតុជាក់លាក់ ដែលនាំអោយមានជំងឺនេះ គឺគេនៅមិនទាន់ដឹងនៅឡើយទេ។ ខណៈពេល ដែលការប្រឈមនឹងកើនមាន ទៅតាមអាយុកាលរបស់អ្នក កត្តាខាងក្រោមនេះក៏អាចនឹង រួមចំណែក នាំអោយអ្នកមាននូវជំងឺភ្នែកប្រភេទនេះផងដែរ ៖
· ជំងឺទឹកនោមផ្អែម។
· ការជក់បារី។
· ការផឹកសុរាច្រើនជ្រុល។
· ការរងរបួសភ្នែក។
· ការប្រើប្រាស់ corticosteroids ក្នុងរយៈពេលដ៏យូរ។
· ការប្រឈមនឹង ពន្លឺព្រះអាទិត្យ ឬ កាំរស្មីក្នុងរយៈពេលដ៏យូរ។
គន្លឺះក្នុងការ បង្ការនូវជំងឺភ្នែកឡើងបាយ
ទាំងនេះគឺជាវិធីមួយចំនួន ដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយនូវការប្រឈមទៅនឹងការ វិវត្តន៍មាន នូវជំងឺភ្នែកឡើងបាយគឺ៖
· កុំជក់បារី។
· តែងតែពាក់មួក ឬ វ៉ែនតាការពារភ្នែកនៅពេលចេញទៅក្រោមកំដៅថ្ងៃ។
· ធ្វើការគ្រប់គ្រងជំងឺទឹកនោមផ្អែម។
· កាត់បន្ថយការប្រើប្រាស់ជាតិសុរា ៕