គ្មានផលិតផលថែសម្រស់ណាស់ដែលអាចដោះស្រាយរាល់បញ្ហាស្បែកបានតែម្ដងឡើយ។ ការថែរក្សាស្បែកតាមរបៀវធម្មជាតិ គឺជាវិធីដ៏ងាយបំផុតមួយដើម្បីជួយឱ្យស្បែកស្អាតស្រស់ថ្លា។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះដ៏ងាយចំនួន ៦ ពិសេសសម្រាប់ស្បែក ៖
១. ការគេងឱ្យបានច្រើនគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់ស្បែកដែលមើលទៅមានសុខភាពល្អនិងភ្លឺស្រស់ថ្លា។ កង្វះការគេងអាចបង្កបញ្ហាស្ត្រេស ហើយធ្វើឱ្យស្ថានភាពស្បែកដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះកុំភ្លេចគេងឱ្យបានចន្លោះពី ៧ ទៅ ៩ម៉ោងក្នុងមួយយប់។
២. ចៀសវាងទម្លាប់យកដៃប៉ះមុខញឹកញយ ខណៈដែលការធ្វើបែបនេះអាចចម្លងបាក់តេរីទៅស្បែក។ ប្រសិនបើអ្នកចាំបាច់ត្រូវតែប៉ះមុខ ចូរប្រើប្រាស់ក្រដាស ឬកូនកន្សែងស្អាត និងយកល្អគួរលាងសម្អាតដៃចេញជាមុនសិន។
៣. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺល្អណាស់សម្រាប់សុខភាពរាងកាយទាំងមូល និងផ្ដល់សំណើមដល់ស្បែក។ ជាតិទឹកគ្រប់គ្រាន់ជួយកម្ចាត់ជាតិពុលក្នុងរាងកាយ ហើយផ្ដល់ឱ្យអ្នកនូវស្បែកដែលមានភ្លឺទន់រលោងស្រស់ថ្លា។
៤. ការផ្លាស់ប្ដូរស្រោមពូក និងស្រោមខ្នើយឱ្យបានទៀងទាត់ក៏ត្រូវបានណែនាំផងដែរ។ បាក់តេរីដែលមានជាប់កម្រាល, ស្រោមពូក និងស្រោមខ្នើយអាចបង្កបញ្ហាអាឡែកស៊ីបានយ៉ាងងាយ។ ត្រូវប្រាកដថាអ្នកបានផ្លាស់ប្ដូរវាចេញយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍។
៥. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ការបែកញើសជួយស្បែកកម្ចាត់ជាតិពុល និងផលិតនូវជាតិប្រេងធម្មជាតិដើម្បីផ្ដល់ឱ្យស្បែកនូវភាពភ្លឺរលោងមានសុខភាពល្អ។
៦. ប្រើប្រាស់កន្សែងទន់មួយនៅពេលអ្នកចង់ជូតខ្លួន ឬមុខឱ្យស្ងួតក្រោយពេលងូតទឹក។ កន្សែងគ្រើមៗនិងរឹងអាចធ្វើឱ្យស្បែករងផលប៉ះពាល់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕