ទោះបីឧស្សាហ៍ញ៊ាំញឹកញាប់ប៉ុន្តែក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ជីអង្កាមអាចប្រើថែសម្រស់បាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើជីអង្កាមថែសម្រស់ ៖
១. រូបមន្តជីអង្កាមនិងចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយជីអង្កាមពី ១០ ទៅ ១២ស្លឹកជាមួយចេកទុំដែលកិនរួច ២ស្លាបព្រាបាយឱ្យម៉ដ្ឋចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើស្បែកមុខសម្រាប់រយៈពេលពី ១៥ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អ្នកអាចអនុវត្តរូបមន្តនេះម្ដង ឬ ២ដងក្នុងមួយសប្តាហ៍ដើម្បីទាញយកភាពភ្លឺរលោងបែបធម្មជាតិនៃស្បែកមកវិញ។
២. រូបមន្តជីអង្កាមសម្រាប់ស្បែកខ្លាញ់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជីអង្កាមដែលកិនម៉ដ្ឋខាប់ៗ ឬម្សៅជីអង្កាម ១ស្លាបព្រាបាយជាមួយម្សៅក្រាម (gram flour) និងទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកសឹមលាបលើស្បែកមុខ ក៏ដូចជា-ក និងរងចាំសម្រាប់រយៈពេល ២០នាទី ទៅ ៣០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចប្រើរូបមន្តនេះដើម្បីបន្ថយបរិមាណនៃជាតិខ្លាញ់ ឬប្រេងដែលត្រូវបានផលិតលើស្បែក។ ក្រូចឆ្មារក្នុងរូបមន្តនេះជួយការពារស្បែកពីបញ្ហាមុន ខណៈដែលម្សៅក្រាមជួយគ្រប់គ្រងការផលិតជាតិប្រេងរបស់ស្បែក។
៣. ជីអង្កាមនិងត្រសក់សម្រាប់កម្ចាត់កោសិកាស្បែកងាប់ៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅស្រូវសាលី (oats) ១ស្លាបព្រាបាយ, ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងត្រសក់ប្រមាណ ១.២៧សង់ទីម៉ែត្រ, ស្លឹកជីអង្កាមពី ១០ ទៅ ១២ស្លឹក និងទឹកដោះគោស្រស់ ២ស្លាបព្រាកាហ្វេ។ ចាប់ផ្ដើមដោយកិនត្រសក់និងជីអង្កាមឱ្យម៉ដ្ឋ រួចសឹមលាយគ្រឿងផ្សំដែលនៅសល់ចូល។ កូរឱ្យសព្វចូលគ្នា រួចសឹមលាបម៉ាស្សាលើស្បែកមុខ និងរងចាំរហូតដល់ស្ងួត ឬសម្រាប់រយៈពេល ៧នាទី។ កុំភ្លេចដុសថ្នមៗក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ២ ទៅ ៣នាទីផង សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អ្នកអាចអនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕