ហេតុអ្វីទើបកង្វះជាតិដែកក្នុងរាងកាយអាចបង្កបញ្ហាជ្រុះសក់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុចម្បងនៃបញ្ហានេះ ៖
១. ឬសនៃសក់ត្រូវការអុកស៊ីសែន
ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ដឹងអំពីការម៉ាស្សាស្បែកក្បាលជាប្រចាំជាវិធីដ៏ងាយបំផុតមួយដើម្បីជួយឱ្យរក្សាបាននូវសក់ដែលមានទម្ងន់ និងរឹងមាំលូតលាស់បានល្អជាងធម្មតា។ នេះក៏ព្រោះតែការម៉ាស្សាស្បែកក្បាលជួយសម្រួលចរន្តឈាមរត់និងផ្គត់ផ្គង់បរិមាណឈាមគ្រប់គ្រាន់ដល់ស្បែកក្បាល។ ក្នុងស្បែកក្បាល គឺជាកន្លែងដែលឬសសក់ត្រូវបានរកឃើញ។ មួយក្នុងចំណោមកត្តាផ្សេងទៀតដែលឬសសក់ត្រូវការដើម្បីរក្សាភាពរឹងមាំនិងអាចដំណើរការមុខងារបានត្រឹមត្រូវនោះ គឺអុកស៊ីសែនដែលត្រូវបានដឹកនាំពីសួតទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយតាមរយៈលំហូរឈាម។ វាជាក់ច្បាស់ណាស់សម្រាប់មូលហេតុនេះហើយដែលស្បែកក្បាលត្រូវតែទទួលបាននូវចរន្តឈាមរត់ល្អប្រសើរ ប្រសិនបើអ្នកចង់បានសក់ដែលស្រស់ស្អាតរឹងមាំ។
២. កោសិកាគ្រាប់ឈាមក្រមធ្វើឱ្យការដឹកជញ្ជូនអុកស៊ីសែនអាចកើតមានឡើង
ថាតើអ្នកធ្លាប់ដឹងទេថាមានតែកោសិកាគ្រាប់ឈាមក្រហមប៉ុណ្ណោះដែលមានសមត្ថភាពដឹកជញ្ជូនម៉ូលេគុលអុកស៊ីសែនពីសួតទៅរាល់កោសិកាដទៃទៀតនៃរាងកាយ? ដើម្បីឱ្យរាងកាយផលិតបាននូវបរិមាណនៃកោសិកាគ្រាប់ឈាមក្រហមដឹកជញ្ជូនអុកស៊ីសែនគ្រប់គ្រាន់, វាចាំបាច់ណាស់ក្នុងការផ្គត់ផ្គង់នូវជាតិដែកដែលជាជាតិរ៉ែមួយត្រូវបានរកឃើញក្នុងថ្លើមសត្វ, សាច់ក្រហម, សាច់បក្សី, ត្រី និងបន្លែបៃតង។ ប្រសិនបើអ្នកទាញយកមិនបាននូវជាតិដែកគ្រប់គ្រាន់ពីក្នុងរបបអាហារប្រចាំថ្ងៃទេ នោះការផលិតកោសិកាគ្រាប់ឈាមក្រហមក៏ត្រូវបានថយចុះដែរ។ ជាលទ្ធផលបង្កជំងឺខ្វះគ្រាប់ឈាមក្រហម។ ជំងឺនេះក៏មានច្រើនប្រភេទផងដែរ ហើយប្រភេទមួយដែលបណ្ដាលមកពីរបបអាហារប្រចាំថ្ងៃមិនសម្បូរជាតិដែក គឺសំដៅលើជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែក។
៣. ជាតិដែកកាន់តែតិច សក់ជ្រុះកាន់តែច្រើន
ដោយសារជំងឺខ្វះគ្រាប់ឈាមក្រហមព្រោះខ្វះជាតិដែក, ឬសនៃសក់មិនអាចទទួលបាននូវបរិមាណអុកស៊ីសែនចាំបាច់គ្រប់គ្រានឡើយ។ ជាលទ្ធផលអាចបណ្ដាលឱ្យឬសសក់ខ្លះប្រែជាខ្សោយមិនអាចលូតលាស់បានប្រក្រតី ហើយមួយចំនួនទៀតងាប់តែម្ដង។ នៅពេលបញ្ហានេះកើតឡើង អ្នកអាចបាត់បង់សក់ច្រើនជាងអ្វីដែលស្បែកក្បាលអាចផលិតបាន។
៤. រក្សាជាតិដែកឱ្យបានគ្រប់គ្រាន់ គឺជាដំណោះស្រាយដ៏ប្រសើរបំផុត
មិនដូចបញ្ហាទំពែកតែម្ដងឡើយ បញ្ហាជ្រុះសក់ដោយសារជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែកអាចត្រូវបានដោះស្រាយដោយគ្រាន់តែបង្កើនការរួមបញ្ចូលអាហារសម្បូរជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃ។ តាមរយៈការផ្គង់ផ្គង់រាងកាយបានគ្រប់គ្រាន់នូវជាតិដែកដែលត្រូវការ នោះការផលិតកោសិកាឈាមក្រហមដឹកជញ្ជូនអុកស៊ីសែនអាចប្រែជាប្រក្រតីឡលងវិញ។ ជាលទ្ធផលបញ្ចប់បញ្ហានៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែក និងការជ្រុះសក់ខ្លាំង។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕