ការឈឺជង្គង់គឺជារោគសញ្ញាដែលកើតមានជាញឹកញាប់បំផុត។ ដោយសារតែបច្ចុប្បន្ននេះមនុស្សធ្វើការងារកាន់តែច្រើន ដូច្នេះចំនួននៃបញ្ហាជង្គង់ក៏កាន់តែច្រើនដែរ។ ការឈឺជង្គង់អាចបណ្តាលមកពីមូលហេតុខុសៗគ្នា ហើយព្យាបាលក៏ខុសគ្នាដែរ។ អ្វីដែលជាគោលបំណងក្នុងការព្យាបាលគឺបំបាត់នូវការរលាកលើជង្គង់នោះ។ ការរលាកចាប់ផ្តើមជាមួយនឹងការមានរបួស។
ក្រោយពីមានរបួសរួច ការរលាកនឹងកើតមានលើជង្គង់ ដែលអាចនឹងធ្វើអោយរបួសជង្គង់នោះកាន់តែខ្លាំងទៀត។ ការរលាកចេះតែបន្តទៅមុខរហូតទៅធ្វើអោយជង្គង់នោះឈឺបាន។ ប៉ុន្តែយើងអាចទប់ស្កាត់នូវការរលាកទាំងនេះបាន (តាមរយៈការប្រើថ្នាំ ឬព្យាបាលផ្សេងៗទៀត) និងកាត់បន្ថយការខូចខាតដល់ជាលិការបន្ថែមទៀត។
ការព្យាបាលដោយខ្លួនឯងដែលគេច្រើនតែប្រើជាញឹកញាប់ក្នុងការគ្រប់គ្រងការរលាកគឺ ការការពារ សម្រាក ប្រើទឹកកកស្អំ សង្កត់ និងលើកអោយខ្ពស់ ។
ការពារជង្គង់ពីការគ្រោះថ្នាក់
• យើងអាចប្រើបន្ទះគ្របជង្គង់
• ឧទាហរណ៍ការគ្របទៅលើឆ្អឹងអង្គុញអាចជួយគ្រប់គ្រងរោគសញ្ញានៃការគ្រោះថ្នាក់លើជង្គង់បាន (ដូចធ្លាប់មានជំងឺរលាកថតទឹកនៅចន្លោះសរសៃចង Bursitis ជាដើម) តាមរយៈការពារកុំអោយមានរបួសបន្ថែមទៀត។
អោយជង្គង់សម្រាក
• អាចកាត់បន្ថយនូវកម្លាំងដែលជង្គង់ត្រូវប្រើកុំអោយមានការខូចខាតបន្ថែម
• បន្ថែមពេលវេលាដល់ការជាសះរបួស
ស្អំទឹកកក
• ជួយកាត់បន្ថយការហើម និងអាចធ្វើលើរបួសជង្គង់ទាំងស្រួចស្រាវ និងរ៉ាំរ៉ៃ។
• ស្អំទឹកកក ២ ទៅ៣ដងក្នុងមួយថ្ងៃ ដោយម្តងៗអោយបាន២០ ទៅ៣០នាទី។
• ទឹកកកត្រូវច្រកក្នុងថង់ដើម្បីស្អំ
ប្រើប្រដាប់ពាក់ជង្គង់
ការប្រើប្រដាប់ពាក់ជង្គង់នេះអាចផ្តល់នូវប្រយោជន៍ពីរយ៉ាងគឺ៖
• ទី១៖ បន្ថយការហើម
• ទី២៖ របួសជង្គង់ខ្លះ ពេលប្រើប្រដាប់ពាក់ជង្គង់ទៅជួយធ្វើអោយជង្គង់ស្ថិតក្នុងទីតាំងមួយស្មើគ្នា និងសន្លាក់ប៉ះគ្នាឡើងវិញដោយចលនាមេកានិច។
លើកជង្គង់អោយខ្ពស់
• ជួយកាន់បន្ថយការហើម
• ការលើកជង្គង់ខ្ពស់បែបនេះធ្វើអោយមានទំនាញជាតិទឹកចុះមកក្រោមកុំអោយចាល់ក្នុងជង្គង់
• ចូរលើកជើងឡើងពេលអង្គុយ ឬអង្គុយលើកៅអីទំរ៉េតក៏បាន។
គ្រប់គ្រងការឈឺចាប់ដោយប្រើថ្នាំគ្មានវេជ្ជបញ្ជា៖ ថ្នាំបំបាត់ការឈឺចាប់ដែលគេប្រើជាញឹកញាប់មានដូចជា Nonsteroidal Anti-inflammatory Drugs (NSAIDs) អាចជា Naproxen (Aleve ឬ Naprosyn) និង Ibuprofen (Advil ឬ Motrin)។
ថ្នាំទាំងនេះអាចគ្រប់គ្រងការឈឺចាប់បានដោយផ្ទាល់ ហើយបើយើងប្រើក្នុងកម្រិតមួយខ្ពស់ វានឹងបញ្ឈប់ការរលាកតែម្តង ប៉ុន្តែថ្នាំនេះមានផលរំខានរបស់វាខ្លាំងក្លាដែរ។ ដូច្នេះអ្នកមិនគួរណាប្រើថ្នាំពពួក NASIDs ទេ ប្រសិនបើអ្នកមាន ការហូរឈាម ដំបៅក្រពះ សម្ពាធឈាមឡើងខ្ពស់ ឬជំងឺតម្រងនោមមួយចំនួន។
ចំពោះថ្នាំ Acetaminophen (Tylenol) ក៏អាចប្រើសម្រាប់គ្រប់គ្រងការឈឺជង្គង់បានដែរ ប៉ុន្តែវាមិនមានឥទ្ធិពលសម្រាប់ប្រឆាំងនឹងការរលាកដូច NSAIDs ទេ។ ការព្យាបាលនេះនៅតែមានប្រយោជន៍ចំពោះការឈឺជង្គង់មួយចំនួនដូចជា ជំងឺរលាកឆ្អឹងក្នុងសន្លាក់ជាដើម។ ប្រសិនបើអ្នកប្រើថ្នាំទាំងនេះច្រើនជាង ៧ថ្ងៃ ចូរអោយគ្រូពេទ្យវាយតម្លៃទៅលើការឈឺជង្គង់របស់អ្នកសិន។
ពេលដែលត្រូវជួបគ្រូពេទ្យ
ប្រសិនបើក្រោយពីព្យាយាម រយៈពេល ៣ ទៅ៧ថ្ងៃរួច ព្រមទាំងប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជាហើយទៀត នៅតែមិនមានប្រសិទ្ធភាពទៀត ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងជំងឺឆ្អឹងនិងសាច់ដុំដើម្បីធ្វើការវាយតម្លៃ។ ទោះបីជាយ៉ាងណាក៏ដោយ រាល់ការមានរបួសជង្គង់ទាំងឡាយណាដែលធ្វើអោយអ្នកមិនអាចដើរបាន គួរតែទៅអោយគ្រូពេទ្យវាយតម្លៃអោយបានលឿនតាមតែអាចធ្វើទៅបាន។
ពេលដែលត្រូវទៅមន្ទីរពេទ្យ
ប្រសិនបើអ្នកមិនអាចប្រើជង្គង់ដើរបានដោយសារតែគ្រោះថ្នាក់បែកបាក់ អ្នកគួរតែទៅសម្រាក ឬព្យាបាលក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់ដើម្បីគ្រូពេទ្យអាចវាយតម្លៃពីការបាក់ឆ្អឹង ឬរបួសទៅលើសរសៃចងសាច់ដុំ និងឆ្អឹងបាន។ ភាគច្រើនរាល់ជំងឺឆ្អឹងបាក់ទាំងអស់ត្រូវការអប ឬវះកាត់ជាពិសេស។ខាងក្រោមនេះគឺជាសញ្ញាផ្សេងៗទៀតដែលត្រូវការវាយតម្លៃជាបន្ទាន់ដែរក្នុងមន្ទីរពេទ្យ៖
• ក្តៅខ្លួន (អាចបញ្ជាក់ថាមានការបង្ករោគ)
• ឈឺដែលមិនអាចដើរបាន
• ហូរអ្វីចេញមកពីក្នុងរបួស
• របួសធំ
• របួសដោយការចោះទម្លុះ
• ហើម ក្នុងករណីកំពុងប្រើថ្នាំរំលាយកំណកឈាម (Warfarin ឬ Coumadin) ឬមានជំងឺឈាមក្រកក (Hemophilia)
• កន្លែងហើមនោះក្រហម និងក្តៅ
ការបង្ការការឈឺជង្គង់
ការឈឺជង្គង់សុទ្ធតែមានដើមហេតុរបស់វា ហើយការឈឺជង្គង់ភាគច្រើនពិបាកនឹងការពារណាស់ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយការមានរបួសទៅលើជង្គង់បាន។
ថែរាងអោយនៅស្លីម
• បើយោងទៅតាមការស្រាវជ្រាវវេជ្ជសាស្ត្រមួយចំនួនបានអោយដឹងថា ការរក្សារាងអោយនៅស្លីមជួយកាត់បន្ថយកម្លាំងសង្កត់ទៅលើជង្គង់ក្នុងពេលលេងកីឡា និងការដើរប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះក៏អាចកាត់បន្ថយអាការៈជំងឺរលាកឆ្អឹងក្នុងសន្លាក់បានដែរ។
• ការសម្រកទម្ងន់ក៏អាចកាត់បន្ថយចំនួនរលាកសរសៃចងឆ្អឹង និងចងសាច់ដុំបានដែរ
ហាត់ពន្យឺតសាច់ដុំ
• ការឈឺជង្គង់ភាគច្រើនកើតឡើងដោយសារតែសាច់ដុំតឹង ឬមិនមានតុល្យភាពត្រឹមត្រូវ។ ដូច្នេះការហាត់ពត់ខ្លួនក៏ជួយការពារកុំអោយឈឺជង្គង់បានដែរ។
• ការហាត់ពត់ជង្គង់ជួយការពារកុំអោយសាច់ដុំតឹងពេក និងជំងឺ Patellofemoral Syndromeនិង Iliotibial Band Syndrome។
• ការហាត់ពង្រឹងសាច់ដុំ Quadriceps (ដោយប្រឹងលើកជើងឡើង និងសំយ៉ុងអោយត្រង់ទាំងសងខាង) អាចជួយបង្ការរបួសទៅលើជង្គង់បាន។
ហាត់ប្រាណ
• ប្រសិនបើអ្នកមានការឈឺជង្គង់រ៉ាំរ៉ៃ ចូរជ្រើសរើសរបៀបហាត់ប្រាណដោយហែលទឹក ព្រោះក្នុងទឹក មានកម្លាំងអណ្តែតសម្រាប់ទ្រទម្ងន់ និងមិនអោយជង្គង់ធ្វើការខ្លាំងពេកដែរ។
• ប្រសិនបើអ្នកមិនចូលចិត្តកីឡាក្នុងទឹកទេ យ៉ាងហោចណាស់ក៏អ្នកត្រូវកាត់បន្ថយកីឡាណាដែលដាក់ទម្ងន់លើជង្គង់ច្រើនដូចជា កីឡាបាល់បោះ កីឡាវាយតេនីស ឬការរត់។
• មិនខ្វល់ថាអ្នកធ្វើអ្វីទេ ប្រសិនបើវាបង្កអោយឈឺចាប់ ចូរផ្លាស់ប្តូរនូវអ្វីដែលអ្នកកំពុងតែធ្វើទៅ។
• ប្រសិនបើអស់កម្លាំង ចូរបញ្ឈប់វាព្រោះការគ្រោះថ្នាក់កាន់តែច្រើនកើតឡើងនៅពេលអ្នកខំព្យាយាមធ្វើវាពេក។
ការពារជង្គង់
• ពាក់ទ្រនាប់ការពារជង្គង់ពេលលេងបាល់ទះ
• ពេលដែលបើកបរ អ្វីដែលអាចការពារជង្គង់ និងរបួសផ្សេងៗទៀតបានគឺការពាក់ខ្សែក្រវ៉ាត់។