ដំបៅក្រពះបណ្តាលមកពីការផលិតជាតិអាស៊ីតក្រពះច្រើនពេក, មិនមានទឹករំអិលការពារក្រពះគ្រប់គ្រាន់ និងភើទឹកប្រមាត់ចេញពីក្នុងពោះវៀនតូច ដែលវាបណ្តាលមកពីការជក់បារី, ផឹកស្រា, ទម្លាប់ញ៉ាំអាហារមិនទៀងទាត់, និងញ៉ាំអាហារបង្កើតអាស៊ីតច្រើនពេក។

ជំងឺដំបៅពោះវៀនតូចកើតឡើងដោយសារតែអាស៊ីតចេញពីក្រពះចូលទៅក្នុងពោះវៀនតូច។ អាការៈបែបនេះច្រើនតែបង្កអោយមានការឈឺចាប់ រយៈពេលបីម៉ោង ឬក្រោយញ៉ាំអាហាររួច។ បាក់តេរីម្យ៉ាងឈ្មោះថា Helicobacter Pylori ត្រូវបានរកឃើញលើអ្នកជំងឺដំបៅពោះវៀនតូច ៩០% និងដំបៅក្រពះ ៨០%។ បាក់តេរីប្រភេទនេះក៏ជាប់ទាក់ទងធ្វើអោយកើតជាជំងឺមហារីកក្រពះ, អស់កម្លាំង, និងជំងឺស្បែកជាដើម។ អាការៈរលាកដូចជា ការឈឺក្បាលបែបប្រកាំងក៏ជាប់ទាក់ទងនឹងបាក់តេរី Helicobacter Pylori ដែរ។ ការព្យាបាលដោយប្រើថ្នាំអង់ទីបីយ៉ូទិចខ្ពស់ច្រើនតែអាចសម្លាប់បាក់តេរីនេះបានទោះបីជាវាច្រើនតែកើតឡើងវិញម្តងទៀតក៏ដោយ។
ជំងឺដំបៅក្រពះច្រើនតែកើតមានជាញឹកញាប់លើមនុស្សមានក្រុមឈាម A ហើយងាយនឹងកើតលើមនុស្សចាស់ដោយសារតែភ្នាសការពាររបស់ក្រពះត្រូវបានដាច់ដោចច្រើន។ មានទំនាក់ទំនងមួយរវាងជំងឺដំបៅក្រពះនិងមហារីកក្រពះ។ ការឈឺចាប់របស់ដំបៅក្រពះច្រើនតែធ្ងន់ធ្ងរក្រោយពីញ៉ាំអាហាររួច។ ជំងឺដំបៅពោះវៀនតូចច្រើនតែកើតមានជាញឹកញាប់លើមនុស្សមានក្រុមឈាម O ហើយងាយនឹងកើតលើមនុស្សវ័យក្មេង។ ជាទូទៅជំងឺទាំងពីនេះមិនវិវឌ្ឈន៍ទៅជាមហារីកឡើយ ហើយការឈឺចាប់ដោយសារតែដំបៅពោះវៀនតូចច្រើនតែបាត់ទៅវិញដោយសារតែការញ៉ាំអាហារ។
ស្ត្រេសគឺជាកត្តាមួយដ៏សំខាន់ចំពោះជំងឺដំបៅគ្រប់ប្រភេទ ព្រោះនៅពេលអ្នកស្ត្រេស រាងកាយត្រូវតែផលិតជាតិអាស៊ីតអោយបានច្រើន។ ការអាឡែហ្ស៊ីជាមួយអាហារដូចជា ទឹកដោះគោ និងថ្នាំតាមវេជ្ជបញ្ជាបូករួមនឹងការប្រើថ្នាំ Aspirin រយៈពេលយូរ, Steroid និង Non-steroid Anti-inflammatory Drugដូចជា Ibuprofen ជាដើម។
អាហារគួរចៀសវាង
· ជំងឺដំបៅក្រពះពោះវៀននេះមានទំនាក់ទំនងជាមួយនឹងការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក ដូច្នេះអ្នកគួរតែចៀសអោយបាននូវកាហ្វេ, តែខ្មៅ និងកូកាកូឡា។
· លុបបំបាត់អោយអស់នូវអាហារធ្វើពីទឹកដោះគោររយៈពេលយ៉ាងហោចណាស់ ១ខែ។
· ជាតិស្រាទៅភ្ញោចក្រពះបញ្ចេញជាតិអាស៊ីត។
· មិនត្រូវញ៉ាំអាហារមានជាតិស្ករ និងខ្លាញ់ច្រើនពេកទេ ព្រោះវានឹងទៅបង្កើនការផលិតអាស៊ីតកាន់តែច្រើន។
· ចូរចៀសវាងអាហារហិលព្រោះវាធ្វើអោយភ្នាសរបស់ពោះវៀនកាន់តែខូចខាត។
· ចូរចៀសវាងការញ៉ាំអាហារពេលយប់ជ្រៅ ព្រោះវាទៅបន្ថែមសម្ពាធដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។
· ចូរចៀសវាងផ្លែឈើជូរៗ, ប៉េងប៉ោះឆៅ, និងម្នាស់។
· ចូរចៀសវាងអាហារធ្វើពីម្ស៉ៅសគ្រប់ប្រភេទ។
· ចូរចៀសវាងអាហារ និងភេសជ្ជៈក្តៅ ឬត្រជាក់
អាហារគួរទទួលទាន
· ចូរញ៉ាំស្ពៃក្តោបស្រស់ៗអោយបានច្រើនព្រោះវាសម្បូរជាតិ L-glutamine សម្រាប់ជំនួយដល់ការជាសះរបួសលើពោះវៀន។ ចូរញ៉ាំទាំងឆៅ ឬកិនយកទឹករបស់វាផឹកស្រស់ៗក៏បាន។
· ចូរញ៉ាំផ្លែឈើ និងបន្លែអោយបានច្រើន។
· ចូរញ៉ាំដំឡូង, ពោត និងផ្លែប៉មអោយបានច្រើនព្រោះវាសម្បូរជាតិសរសៃ។
· ត្រី និងគ្រាប់ធុញ្ញជាតិ (គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅ)សម្បូរជាតិស័ង្កសីសម្រាប់ជំនួយដល់ការជារបួស។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
· ចូរទំពារថ្នាំគ្រាប់ Deglycyrrhize Liquorice ១ ទៅ២គ្រាប់ រយៈពេល ២០នាទីមុនពេលញ៉ាំអាហារ។ ថ្នាំនេះជួយអោយភ្នាស់ក្រពះជា និងជួយលុបបំបាត់បាក់តេរី Helicobacter pylori ប្រសិនបើមាន។
· វីតាមីន A មានសារៈសំខាន់សម្រាប់អោយភ្នាស់របស់ក្រពះជាឡើងវិញ។ បើសិនជាអ្នកគ្មានផ្ទៃពោះទេ ចូរប្រើ ២០០០០យូនីតជារៀងរាល់ថ្ងៃរយៈពេលមួយខែដំបូង ហើយបន្ទាប់មកបន្ថយមកត្រឹម ១០០០០យូនីត។ បើសិនជាអ្នកមានផ្ទៃពោះ ចូរកុំប្រើច្រើនជាង ៣០០០យូនីត។
· ចូរប្រើវិតាមីន C ៥០០មីលីក្រាមមុនបាយ និងពេលដេក។
· ចូរប្រើ L-glutamine ៥០០មីលីក្រាមបួនដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ប្រើមុនបាយ ៣០នាទីដើម្បីបង្កើនល្បឿននៃការជារបួស។
មតិដ៏មានប្រយោជន៍
· ចូរទំពាហារអាហារអោយម៉ត់ល្អ។
· មិនត្រូវផឹកទឹកច្រើនពេកទេពេលញ៉ាំអាហារព្រោះវាអាចទៅបន្សាប់រស់រំលាយអាហារបាន។
· ដំបៅអាចជាឡើងវិញបានតាមរយៈការញ៉ាំអាហារតិចៗ។
· ចូរចៀសវាងភាពស្ត្រេសច្រើនពេកព្រោះវាអាចមានគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារ។
· ការជក់បារីជួយបង្កើនការរលាកកាន់តែខ្លាំង។
· ការផឹកទឹកប្រទាលកន្ទុយក្រពើ ៧៥មីលីលីត្រ ២០នាទីមុនបាយក៏ជួយសម្រួលដល់ផ្លូវរំលាយអាហារបានដែរ។