ហេតុអ្វីទើបគ្រាន់តែការគេងសោះក៏អាចជួយឱ្យអ្នកស្រកទម្ងន់ ឬខ្លាញ់ដែលលើសក្នុងរាងកាយបានដែរ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរគេងឱ្យបានច្រើនគ្រប់គ្រាន់បើចង់ស្រកទម្ងន់ ៖
១. កង្វះការគេងអាចបង្កើនចំណង់អាហារ
អ័រម៉ូនដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងចំណង់អាហារនិងការគេង ហើយនេះជាមូលហេតុដែលការគេងបានតិចអាចជះផលប៉ះពាល់ដល់អ័រម៉ូន។ ជាលទ្ធផលអាចធ្វើឱ្យអ្នកចង់ទទួលទានអាហារដែលមានផ្ទុកកាឡូរីខ្ពស់ សូម្បីតែអ្នកទើបនឹងទទួលទានអាហាររួចបាន ១ម៉ោង។
២. ការឆាប់ចូលគេងទប់ស្កាត់ទម្លាប់ទទួលទានអាហារសម្រន់យប់ជ្រៅ
ការទទួលទានអាហារសម្រន់ពេលយប់ជ្រៅអាចបណ្ដាលឱ្យប្រព័ន្ធរំលាយអាហាររក្សាមុខងារទាំងដែលដល់ម៉ោងត្រូវសម្រាក។ ជាលទ្ធផលកាឡូរីដែលអ្នកបានទទួលទានចូលនឹងត្រូវស្តុកទុកជាខ្លាញ់។ ហើយអ្នកក៏មិនងាយនឹងគេងលក់បានស្រួលដែរ។ ទោះជាយ៉ាងណា អាហារសម្រន់ដែលមានផ្ទុកកាឡូរីទាបអាចនឹងមិនផ្ដល់គ្រោះថ្នាក់ទេ។
៣. ការគេងអាចបង្កើនសកម្មភាពរាងកាយ
ដើម្បីអាចមានថាមពលសម្រាប់ធ្វើលំហាត់ប្រាណ អ្នកចាំបាច់ត្រូវតែគេងសម្រាកឱ្យបានពេញលេញ ហើយនៅពេលអ្នកសម្រាកបានគ្រប់គ្រាន់ នោះរាងកាយនឹងអភិវឌ្ឍអ័រម៉ូនលូតលាស់ដែលធ្វើឱ្យសាច់ដុំក្នុងរាងកាយត្រូវកសាងឡើង។ អ័រម៉ូនលូតលាស់ជាធម្មតាមានភាពសកម្មកំឡុងពេលគេង ហើយប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ នោះវានឹងជះផលប៉ះពាល់ដែលជាលទ្ធផលនៃការដុតបំផ្លាញជាតិខ្លាញ់មិនបានច្រើន។ វាក៏គ្រោះថ្នាក់ផងដែរប្រសិនបើអ្នកខំហាត់ប្រាណនៅពេលអស់កម្លាំង ឬហត់នឿយ ជាពិសេសការលើកទម្ងន់។ ក្នុងករណីមានរបួស អ័រម៉ូនលូតលាស់ជួយពន្លឿនដំណើរការនៃភាពជាសះស្បើយ ហើយនេះជាមូលហេតុដែលអ្នកចាំបាច់ត្រូវសម្រាកឱ្យបានច្រើនគ្រប់គ្រាន់។
៤. គេងមិនគ្រប់អាចបង្កើនហានិភ័យនៃជំងឺធាត់ជ្រុល
ផលប៉ះពាល់មួយផ្សេងទៀតនៃការគេងមិនគ្រប់ គឺជំងឺធាត់ជ្រុល។ កង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។ ម្យ៉ាងវិញទៀតការគេងមិនគ្រប់អាចបណ្ដាលឱ្យរាងកាយស្ត្រេសហើយបញ្ចេញអ័រម៉ូន cortisol ដែលបង្កើនឱកាសនៃការកើនទម្ងន់មិនចាំបាច់ផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕