ហេតុអ្វីទើបមិនគួរកក់សក់នៅពេលងូតទឹកក្ដៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាចំនួន ៥ដែលអាចកើតមានបើអ្នកកក់សក់ពេលងូតទឹកក្ដៅ ៖
១. វាអាចធ្វើឱ្យសក់ស្ងួត
គ្មានអ្វីច្រើនអាចប្រៀបផ្ទឹមបាននឹងអារម្មណ៍ធូរស្រាលពីការងូតទឹកក្ដៅឡើយ។ ប៉ុន្តែក៏មិនខុសពីឧបករណ៍លេងម៉ូតសក់ដែលប្រើកម្ដៅដែរ គឺវាអាចបង្កការខូចខាតដល់សក់របស់អ្នក។ ទឹកក្ដៅអាចធ្វើឱ្យសក់ស្ងួត! ដើម្បីជាការប្រសើរចូរគ្រប់គ្រងសីតុណ្ហភាពទឹកនៅពេលអ្នកចង់កក់សម្អាតសក់ ដោយធ្វើយ៉ាងណាកុំឱ្យក្ដៅពេក ឬបើមិនចង់ប្រើទឹកត្រជាក់ អ្នកអាចប្រើទឹកក្ដៅឧណ្ហៗ។
២. វាអាចធ្វើឱ្យជ្រុះសក់
ការកក់សក់ជាមួយទឹកក្ដៅជាប្រចាំ ឬញឹកញាប់អាចធ្វើឱ្យឬសសក់ខ្សោយ ហើយសក់ប្រែជាផុយស្រួយឆាប់បាក់។ ទឹកក្ដៅក៏បើករន្ធញើសនៃស្បែកក្បាល ធ្វើឱ្យឬសសក់កាន់តែខ្សោយថែមទៀត ជាលទ្ធផលនៃបញ្ហាជ្រុះសក់។ ការកក់សក់ជាមួយទឹកដែលមានសីតុណ្ហភាពខ្ពស់អាចកម្ចាត់ជាតិប្រេងធម្មជាតិពីសក់ និងបំផ្លាញសារធាតុ keratin ដែលការពារសក់នាំឱ្យសក់មានបញ្ហាឆាប់បាក់ និងជ្រុះ។
៣. វាអាចបណ្ដាលឱ្យរមាស់ស្បែកក្បាល
ទឹកក្ដៅ គឺល្អណាស់សម្រាប់កម្ចាត់ភាពកខ្វក់ និងកាកសំណល់ដែលប្រមូលផ្ដុំលើស្បែកក្បាល ប៉ុន្តែវាក៏នាំយកទៅនូវជាតិប្រេងធម្មជាតិសំខាន់ៗផងដែរ។ ជាលទ្ធផលនាំឱ្យស្បែកក្បាលប្រែជាស្ងួត ហើយរមាស់។ បន្ថែមពីនេះស្បែកក្បាលមាននូវស្រទាប់ខ្លាញ់ធម្មជាតិ epidermal ដែលផ្ដល់ការការពារប្រឆាំងនឹងបាក់តេរី។ ការកក់សក់ជាមួយទឹកក្ដៅអាចរំលាយស្រទាប់នេះ ហើយបង្កឱ្យស្បែកក្បាលប្រែជារមាស់ និងរលាក។
៤. សក់ឆាប់ហើរពណ៌
ប្រសិនបើអ្នកទើបនឹងលាបពណ៌សក់ ចូរចៀសវាងកក់សម្អាតសក់ជាមួយទឹកក្ដៅ ខណៈដែលទម្លាប់នេះអាចនាំឱ្យសក់ឆាប់ហើរពណ៌។ ក្រៅពីធ្វើឱ្យសក់ស្ងួត, ទឹកក្ដៅក៏អាចបណ្ដាលឱ្យម៉ូលេគុលនៃពណ៌សក់ដែលបានលាបងាយបាត់បង់ផងដែរ។ ប្រសិនបើអ្នកចង់ឱ្យពណ៌នៃសក់ដែលទើបនឹងលាបជាប់បានយូរ ចូរកុំកក់សម្អាតជាមួយទឹកក្ដៅដោយជំនួសមកវិញនូវទឹកត្រជាក់ ហើយគួរប្រើទឹកត្រជាក់បំផុតនៅពេលលាងសម្អាតលើកចុងក្រោយ។
៥. អាចបង្កបញ្ហាអង្គែ
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាអង្គែ វាជាការប្រសើរក្នុងការចៀសវាងមិនកក់សម្អាតសក់ជាមួយទឹកក្ដៅទោះបីជាចំថ្ងៃដែលត្រជាក់។ ការកក់សម្អាតសក់ជាមួយទឹកក្ដៅអាចធ្វើឱ្យស្បែកក្បាលស្ងួតដែលជាមូលហេតុចម្បងបំផុតនៃបញ្ហាអង្គែ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕