ថាតើការគេងមិនដណ្ដប់ភួយអាចផ្ដល់អត្ថប្រយោជន៍ពិសេសៗអ្វីខ្លះចំពោះសុខភាពរាងកាយ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរគេងដណ្ដប់ភួយ ៖
១. អាចបង្កើនការដុតរំលាយអាហារក្នុងរាងកាយ
ពិតណាស់ការគេងដណ្ដប់ភួយអាចធ្វើឱ្យអ្នកទទួលបាននូវអារម្មណ៍កក់ក្ដៅស្រួយ ប៉ុន្តែការគេងដោយមិនដណ្ដប់វិញអាចជួយឱ្យអ្នកស្រកទម្ងន់បាន។ ការគេងក្នុងស្ថានភាពត្រជាក់អាចជួយជម្រុញការដុតរំលាយអាហារក្នុងរាងកាយ និងបង្កើនបរិមាណនៃខ្លាញ់ល្អ (ខ្លាញ់ពណ៌ត្នោត ឬ Brown Fat)។ បន្ថែមពីនេះខ្លាញ់ពណ៌ត្នោតអាចអនុញ្ញាតឱ្យរាងកាយដុតបំផ្លាញកាឡូរីបានកាន់តែលឿននិងកម្ចាត់ជាតិស្ករដែលលើសក្នុងឈាមផងដែរ។
២. អាចឆាប់គេងលក់កាន់តែលឿន
សីតុណ្ហភាពត្រជាក់អាចមានឥទ្ធិពលលើរបៀបដែលអ្នកគេង ហើយធ្វើឱ្យងាយនឹងគេងលក់ណាស់។ សីតុណ្ហភាពរាងកាយចាប់ផ្ដើមធ្លាក់ចុះកំឡុងពេលពី ៦ ទៅ ៩០នាទីមុនគេងលក់ ហើយប្រសិនបើបរិយាកាសក្ដៅពេកខណៈពេលនេះ រាងកាយនឹងខ្ជះខ្ជាយថាមពលដើម្បីព្យាយាមគ្រប់គ្រងសីតុណ្ហភាពដែលធ្វើឱ្យអ្នកមិនអាចឆាប់ងងុយគេង។
៣. គុណភាពនៃការគេងអាចប្រសើរឡើង
យោងតាមការពន្យល់បែបវិទ្យាសាស្ត្របានឱ្យដឹងថា សីតុណ្ហភាពត្រជាក់នៅពេលយប់ជួយឱ្យពួកយើងគេងបានប្រសើរឡើង ហើយប្រសិនបើក្ដៅពេក វាអាចរំខានដល់ការគេង។ សីតុណ្ហភាពខ្ពស់ពេកអាចរំខានដល់ដំណាក់កាលនៃចលនាភ្នែកធ្វើឱ្យអ្នកក្រោកមកជាមួយភាពអស់កម្លាំង សូម្បីតែគេងបានគ្រប់ម៉ោងក៏ដោយ។
៤. សុខភាពស្បែកកាន់តែប្រសើរឡើងជាងមុន
ការដណ្ដប់ភួយដែលធ្ងន់ ហើយក្ដៅៗអាចស្ទាក់កម្ដៅជុំវិញរាងកាយ ហើយរំខានដល់ការគេងបានស្កប់ និងអាចបង្កបញ្ហាឡើងមុនដោយសារញើសទៀតផង។ ភាពក្រាស់ និងធ្ងន់នៃភួយដែលធ្វើឡើងពីការសំយោគនៃសាច់ក្រណាត់ គឺមិនអនុញ្ញាតឱ្យរាងកាយគ្រប់គ្រងសីតុណ្ហភាពរបស់វាឡើយ ហើយនិងនាំឱ្យបែកញើស។ ញើសគួបផ្សំជាមួយកម្ដៅ និងសាច់ក្រណាត់អាចបង្កឱ្យស្ទះរន្ធញើសជាលទ្ធផលនៃបញ្ហាមុន។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕