កំឡុងពេលមានផ្ទៃពោះថាតើអ្នកគួរមានរបបអាហារបែបណាទើបល្អទាំងចំពោះសុខភាពខ្លួនឯងនិងកូនក្នុងផ្ទៃ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបគួរទទួលទាននៅពេលមានផ្ទៃពោះ ៖
១. អាស៊ីតហ្វូលិក (Folic acid)
អាស៊ីតហ្វូលិក គឺជាសារធាតុចិញ្ចឹមសំខាន់មួយកំឡុងពេលមានផ្ទៃពោះ។ ការទទួលទានអាហារមានផ្ទុកសម្បូរដោយសារធាតុចិញ្ចឹមនេះអាចកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរពីកំណើតលើទារក ក៏ដូចជាជួយដល់ការវិវត្តនៃសសៃប្រសាទខួរក្បាល និងឆ្អឹងខ្នងរបស់ទារកផងដែរ។ ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់មានផ្ទុកអាស៊ីតហ្វូលិក អ្នកចាំបាច់ត្រូវធ្វើការពិគ្រោះជាមួយគ្រពេទ្យជាមុនសិនទើបប្រសើរ។
២. អាហារដែលជួយគ្រប់គ្រងអាការៈចាញ់កូន
ទោះបីអាការៈចាញ់ជាបទពិសោធន៍ពិបាកមួយ ប៉ុន្តែវានឹងប្រសើរសម្រាប់ទារកក្នុងផ្ទៃ ប្រសិនបើអ្នកអាចទទួលទានអាហារនិងទឹកបានខ្លះ។ បន្ថែមពីនេះអ្នកក៏អាចគ្រប់គ្រងអាការៈចាញ់បានដែរ! ប្រសិនបើការចង្អោរចង់ក្អួត និងក្អួតតែម្ដងនៅពេលព្រឹកធ្វើឱ្យអ្នកពិបាកនឹងទទួលទានថ្នាំគ្រាប់វីតាមីនមុនពេលសម្រាល អ្នកគួរផ្លាស់ប្ដូរមកទទួលទាននៅពេលយប់វិញ ហើយអ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំជួយប្រឆាំងអាការៈចាញ់។ ទោះជាយ៉ាងណាត្រូវប្រាកដថា អ្នកបានប្រាប់វេជ្ជបណ្ឌិតអំពីថ្នាំគ្រាប់វីតាមីនផ្សេងៗដែលអ្នកបានទទួលទាន ដូច្នេះទើបអាចចៀសផុតបញ្ហាប្រើប្រាស់លើសកម្រិត។
៣. កុំរំលងអាហារសម្បូរសារធាតុ Folate
សារធាតុ Folate អាចល្អណាស់ចំពោះរាងកាយ ជាពិសេសសម្រាប់អ្នកម្ដាយ។ វាសម្បូរផ្ទុកនៅក្នុងបន្លែនិងផ្លែឈើជាច្រើនប្រភេទ។ សារធាតុចិញ្ចឹមនេះក៏អាចកាត់បន្ថយហានិភ័័យនៃបញ្ហាពិការភាពពីកំណើតលើទារកផងដែរ។
៤. ទទួលទានជាតិដែកឱ្យបានច្រើន
ប្រសិនបើអ្នកចូលចិត្តទទួលទានសាច់ វាងាយណាស់ក្នុងការបំពេញនូវតម្រូវការជាតិដែកប្រចាំថ្ងៃ។ ស៊ុតក៏ជាប្រភពដ៏ប្រសើរនៃជាតិដែកផងដែរ! ទោះជាយ៉ាងណាដើម្បីជួយឱ្យរាងកាយងាយស្រូបយកបាននូវជាតិដែកពីបន្លែផ្លែឈើ អ្នកគួរព្យាយាមទទួលទានវារួមជាមួយអាហារសម្បូរវីតាមីន C។ ការរក្សាបាននូវបរិមាណនៃជាតិដែកគ្រប់គ្រាន់នឹងជួយឱ្យអ្នកចៀសផុតពីហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែក។ ករណីធ្ងន់ធ្ងរនៃជំងឹនេះអាចបណ្ដាលឱ្យទារកកើតមិនគ្រប់គីឡូ និងសម្រាលមិនគ្រប់ខែ។ រោគសញ្ញាគួរឱ្យកត់សម្គាល់នៃជំងឺនេះរួមមានវិលមុខ, អស់កម្លាំង, ចង្វាក់បេះដូងមិនទៀង, ស្បែកស្លេកស្លាំង, ដៃនិងជើងប្រែជាត្រជាក់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕