លើកក្រោយពេលអ្នកមានជំងឺផ្តាសាយសូមនឹកដល់ស៊ុបមាន់។
ការសិក្សាមួយទៅលើស៊ុបមាន់ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ១៩៧៨ ដោយអ្នកឯកទេសខាងជំងឺសួតបីរូបដែលមកពីមជ្ឈមណ្ឌលវេជ្ជសស្ត្រ Mount Sinai ក្នុងរដ្ឋផ្លររីដា។ ពួកគេបានផ្តល់អោយអ្នកដែលមានជំងឺផ្តាសាយចំនួន ១៩នាក់ ផឹកទឹកស៊ុបមាន់, ទឹកក្តៅ និងទឹកត្រជាក់។ បន្ទាប់មក ពួកគេវាស់អំពីកម្រិតលំហូររបស់សម្បោរ និងខ្យល់របស់ច្រមុះអ្នកជំងឺ។ ជាលទ្ធផលឃើញថា ស៊ុបមាន់អាចសម្រួលដល់អាការៈតឹងច្រមុះបានល្អជាងទឹកក្តៅ និងទឹកត្រជាក់។
អ្នកស្រាវជ្រាវបញ្ជាក់ថា ស៊ុបមាន់ប្រហែលជាជួយបន្ថយរោគសញ្ញាជំងឺផ្តាសាយបានខ្លះដោយសារតែឥទ្ធិពលនៃភាពក្តៅរបស់វា “បង្កើនសន្ទុះសម្បោរក្នុងច្រមុះ”។ ម្យ៉ាងវិញទៀត វាជួយអោយការដកដង្ហើមតាមច្រមុះមានសភាពល្អប្រសើរ តាមរយៈបន្ថយពេលវេលារបស់មេរោគផ្តាសាយបង្កជំងឺក្នុងច្រមុះ និងជួយអោយជំងឺឆាប់ជាវិញលឿន។
ដូច្នេះហេតុអ្វីបានជាទឹកក្តៅមិនអាចបំពេញមុខងារបន្ថយអាការៈផ្តាសាយដូចស៊ុបមាន់អញ្ជឹង? អ្នកស្រាវជ្រាវបានរៀបរាប់ថា អាថ៌កំបាំងរបស់ស៊ុបមាន់ប្រហែលជាមាននៅក្នុងក្លិនដ៏ឈ្ងុយ និងរស់ជាតិរបស់វា ដែលជាហេតុជួយបន្ថយសារធាតុដើម្បីបង្កើនសន្ទុះសម្បោរក្នុងច្រមុះ។ ទោះបីជាយ៉ាងណាក៏ដោយ សារធាតុដែលជួយបង្កើនសន្ទុះនេះនៅតែជាអាថកំបាំងនៅឡើយទេ។
ថ្មីៗនេះវេជ្ជបណ្ឌិត ស្ទេហ្វេន រ៉េណាដ (Dr. Stephen Rennard, MD) សាស្ត្រាចារ្យក្នុងនាយកដ្ឋានជំងឺទូទៅនៅឯសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Nebraska បានសាកញ៉ាំស៊ុបមាន់ដែលធ្វើឡើងដោយស្នាដៃប្រពន្ធរបស់គាត់ ហើយបានរកឃើញថា ស៊ុបនេះអាចបន្ថយសកម្មភាពរបស់ Neutrophil ដែលជាកោសិការគ្រាប់ឈាមស ងាយបង្កអោយមានការរលាក និងប្រហែលជាអ្នកធ្វើអោយកើតជារោគសញ្ញាជំងឺផ្តាសាយដូចករណីជំងឺរលាកផ្លូវដង្ហើម និងមានស្លេសច្រើន។
អ្នកស្រាវជ្រាវក៏សង្ស័យថា ថាមពលរបស់ស៊ុបមាន់គឺនៅក្នុងសាច់មាន់នោះតែម្តង។ វេជ្ជបណ្ឌិត អ៊ីវីន ហ្សីម៉េន (Dr. Irwin Ziment, MD) សាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា ក្នុងរដ្ឋឡូអេនជេឡេស និយាយថា សាច់មាន់ជាប្រភពនៃអាស៊ីតអាមីណេពីធម្មជាតិឈ្មោះថា Cysteine ដែលជាសារធាតុគីមីម្យ៉ាងមានសភាពដូចគ្នានឹងថ្នាំ Acetylcysteine ដែរ។
ថ្មីៗនេះវេជ្ជបណ្ឌិត រ៉េណាដ បានផ្តល់ជាយោបលទៅកាន់ក្រុមបណ្ឌិតអាមេរិកនៃគ្រូពេទ្យប្រចាំគ្រួសារ ព្រមទាំងរកឃើញថា ៨៧ភាគរយៈនៃពួកគេទាំងនោះយល់ព្រមថា ការបង្កើនការទទួលទានជាតិទឹកគឺជារឿងសំខាន់សម្រាប់អ្នកជំងឺផ្តាសាយ។ គ្រូពេទ្យព្យាបាលប្រចាំគ្រួសារពីរនាក់ក្នុងចំណោមបីយល់ព្រមថា ការញ៉ាំទឹកស៊ុបមាន់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើនការញ៉ាំទឹក ហើយការញ៉ាំទឹកធម្មតាគឺជាករណីទីពីរទេ៕