ដោយសារតែផ្លែពោតសម្បូរជាតិសរសៃខ្ពស់ ដូច្នេះវាអាចជួយបញ្ចុះកូឡេស្តេរ៉ុលបាន។ ហើយដោយសារតែវាសម្បូរជាតិកាបូអ៊ីដ្រាតខ្លាំងដែរ ទើបធ្វើអោយអ្នកទទួលទានទទួលបានថាមពលបានលឿនឡើងវិញ ផងដែរ។
វេជ្ជបណ្ឌិត ម៉ាគ ម៉ាកឡេឡេន (Dr. Mark McLellan, PhD) ព្រឹទ្ធបុរសខាងស្រាវជ្រាវសម្រាប់វិទ្យាស្ថានវិទ្យាសាស្ត្រចំណីអាហារ និងកសិកម្មរបស់សាកលវិទ្យាល័យផ្លររីដា និងជានាយករបស់មន្ទីរពិសោធន៍កសិកម្មផ្លររីដាក្នុងទីក្រុង Gainesville និយាយថា “ផ្លែពោតពិតជាប្រភពអាហារមូលដ្ឋានដ៏អស្ចារ្យមួយមែន។ នៅពេលញ៉ាំជាមួយបន្លែផ្សេងៗទៀត វាគឺជាប្រភពដ៏ល្អនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងវីតាមីន”។
បង្ការជំងឺមហារីក
ការសិក្សាមួយដែលបានប្រមូលទិន្នន័យនៅឯសាកលវិទ្យាល័យ Southern California Keck School of Medicine ក្នុងរដ្ឋឡូអេនជែឡេស បានរកឃើញថា សារធាតុ Orange-red Carotenoid ឬ Beta-cryptoxanthin ដែលមានក្នុងផ្លែពោត មាននាទីជួយការពារជំងឺមហារីកសួត។ អ្នកវិទ្យាសាស្ត្របានរកឃើញថា បុរសដែលញ៉ាំអាហារមានសារធាតុ Beta-cryptoxanthin ច្រើនបំផុត អាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសួតពី ១៥ ទៅ៤០ភាគរយ។
ការសិក្សាមួយផ្សេងទៀតដែលធ្វើឡើងនៅឯសាកលវិទ្យាល័យ Maryland School of Medicine ក្នុងទីក្រុង Baltimore បានរកឃើញថា ធាតុផ្សំមួយរបស់ជាតិសរសៃដែលមានយ៉ាងសម្បើមក្នុងផ្លែពោត ឬហៅថា Inositol Hexaphosphate ជួយបង្ការការលូតលាស់របស់កោសិការមហារីកពោះវៀនធំ។ អ្នកស្រាវជ្រាវនិយាយថា វាអាចទៅបញ្ឈប់កោសិកាមហារីកកុំអោយបំបែកខ្លួនបាន។
ឥទ្ធិពលនៃការបញ្ចុះកូឡេស្តេរ៉ុល
ផ្លែពោតផ្ទុកទៅដោយជាតិសរសៃមួយប្រភេទហៅថា សរសៃរលាយ។ នៅពេលអ្នកញ៉ាំផ្លែពោត ជាតិសរសៃមួយនេះទៅតោងជាមួយទឹកប្រមាត់ ដែលជាជាតិខ្លាញ់ផលិតពីថ្លើម។ ចាប់តាំងពីជាតិសរសៃរលាយមិនត្រូវបានបឺតស្រូបទៅក្នុងចរន្តឈាម វានឹងត្រូវបញ្ចេញចោលតាមលាមក ព្រមទាំងនាំកូឡេស្តេរ៉ុលទៅតាមវាដែរ។
ការសិក្សាមួយនៅឯសាកលវិទ្យាល័យ Illinois State ក្នុងទីក្រុង Norma ដោយធ្វើទៅលើបុរសដែលមានកូឡេស្ទើរ៉ុលខ្ពស់ចំនួន ២៩នាក់ ហើយអោយញ៉ាំអាហារមានជាតិខ្លាញ់ទាប។ រយៈពេល ២សប្តាហ៍ក្រោយ បុរសមួយចំនួនតម្រូវអោយញ៉ាំពោត ២០ក្រាមក្នុងមួយថ្ងៃ ហើយអ្នកខ្លះទៀតអោយញ៉ាំស្រូវសាលីក្នុងចំនួនដូចគ្នា។ ក្នុងរយៈពេលសិក្សាចំនួន ៦សប្តាហ៍ អ្នកដែលញ៉ាំផ្លែពោតឃើញថាកម្រិតកូឡេស្តេរ៉ុលថយចុះច្រើនជាង ៥ភាគរយ ឬប្រហែលជា ១៣ភាគរយនៃខ្លាញ់ Triglycerides ដែលវាជាខ្លាញ់នាំអោយកើតជំងឺបេះដូង។ ចំពោះអ្នកដែលញ៉ាំស្រូវសាលីដូចជាគ្មានអ្វីប្រែប្រួលទាល់តែសោះ។
ភាពល្អរបស់ផ្លែពោតគឺថា វាផ្តល់នូវថាមពលយ៉ាងច្រើនខណៈពេលដែលខ្លួនវាមានកាឡូរីតិច ព្រោះវាជាប្រភពដ៏ល្អមួយនៃវីតាមីន B ប្រភេទ Thiamin សម្រាប់បំលែងទៅជាថាមពល។ វេជ្ជបណ្ឌិត ឌូណាដ វី ស្លីមមី (Dr. Donald V.Schlimme, PhD) សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រអាហាររូបត្ថម្ភ និងចំណីអាហារនៅឯសាកលវិទ្យាល័យ Maryland ក្នុងតំបន់ College Park និយាយថា “វាផ្តល់អោយនូវថាមពលដែលយើងត្រូវការដោយពុំចាំបាច់មានវត្តមានរបស់ជាតិខ្លាញ់នោះទេ”។
ហើយចាប់តាំងពីផ្លែពោតផ្អែមស្រស់ផ្សំឡើងដោយកាបូអ៊ីដ្រាតធម្មតា និងកំផ្លេចមក វាគឺជាប្រភពនៃថាមពលដ៏អស្ចារ្យមួយទៅហើយ។ អ្វីដែលជាជាតិខ្លាញ់បន្តិចបន្តួចក្នុងផ្លែពោតគឺជាប្រភេទខ្លាញ់ Polyunsaturated និង Monounsaturated ដែលផ្តល់អោយមនុស្សយើងមានសុខភាពល្អជាងខ្លាញ់ប្រភេទ Saturated Fat នៅក្នុងសាច់ និងអាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់៕