បញ្ហាសក់ឡើងប្រេងខ្លាំងមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហានេះ ៖
១. កក់សម្អាតសក់ឱ្យបានត្រឹមត្រូវ
នៅពេលកក់សក់ អ្នកគួរម៉ាស្សាលើស្បែកក្បាលជាជាងលើសក់។ កុំប្រើប្រាស់ក្រចកនៅពេលដុសផលិតផលលើឬសនៃសក់ និងស្បែកក្បាល ខណៈដែលវាអាចបណ្ដាលឱ្យការផលិតជាតិប្រេងកើនឡើងជាងធម្មតា។ អនុញ្ញាតឱ្យពពុះសាប៊ូហូរចុះតាមសសៃសក់ជំនួសវិញនៅពេលលាងសម្អាត។
២. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ផ្លែជាមួយទឹកធម្មតា ២ពែងឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមបន្ថែមទឹកឃ្មុំ ៣ស្លាបព្រាកាហ្វេ។ លាបល្បាយលើសក់ និងស្បែកក្បាលដោយកុំភ្លេចធ្វើការម៉ាស្សាផង។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៣. ផលិតថែរក្សាសក់សម្រាប់សក់ឡើងប្រេង
មិនមែនសាប៊ូទាំងអស់សុទ្ធតែមានប្រសិទ្ធភាពដូចគ្នាឡើយ ហើយនេះជាមូលហេតុដែលអ្នកគួរផ្ដោតសំខាន់លើផលិតផលដែលអ្នកកំពុងប្រើ។ ប្រសិនបើសាប៊ូកក់សក់បច្ចុប្បន្នធ្វើឱ្យសក់របស់អ្នកឡើងប្រេងជាងមុន ចូរព្យាយាមផ្លាស់ប្ដូរចេញ និងជ្រើសរើសសាប៊ូថ្មីដែលសាកសមសម្រាប់កម្ចាត់ជាតិប្រេងដែលលើសពីសល់និងស្បែកក្បាល។ សាប៊ូកក់សក់កម្រិតស្រាល ឬសាប៊ូកក់សក់កូនក្មេងក៏អាចមានប្រយោជន៍ដែរ ប្រសិនបើអ្នកមានទំនោរបែកញើសខ្លាំង ហើយអ្នកចាំបាច់ត្រូវលាងសម្អាតសក់ឱ្យបានញឹកញាប់។
៤. ម៉ាសផ្សំឡើងពីស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាប ១ពែងនៃផ្នែកពណ៌សនៃស៊ុតដែលកូរវឹករួចលើសក់សើមៗ និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។ ប្រើប្រាស់សាប៊ូកម្រិតស្រាលដើម្បីកក់សម្អាតសក់។ អ្នកអាចអនុវត្តរូបមន្តនេះឱ្យបាន ២ដងក្នុងមួយសប្តាហ៍ដើម្បីកាត់បន្ថយបរិមាណនៃជាតិប្រេងដែលស្បែកក្បាលផលិត។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕