ថាតើអ្នកធ្លាប់ទទួលទានបឺរគ្រាប់ល្ងពីមុនមកឬទេ? បើប្រៀបធៀបនឹងបឺរធម្មតា, បឺរធ្វើឡើងពីគ្រាប់ល្ង គឺពិសេសណាស់ដោយមានផ្ទុកសម្បូរដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់ការពារសុខភាពពីគ្រោះថ្នាក់។ មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនទៀតដែលបឺរគ្រាប់ល្ងមានផ្ទុកនោះ គឺអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលអាចគ្រប់គ្រងការរលាក។ ជាលទ្ធផលកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងៗចាប់ពីជំងឺបេះដូងដល់មហារីក។ បឺរគ្រាប់ល្ងក៏ជាប្រភពដ៏ប្រសើរនៃម៉ាញ៉េស្យូម, ជាតិដែក, ផូស្វ័រ, កាល់ស្យូម, ស័ង្កសី និងវីតាមីនក្រុម B ផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបធ្វើបឺរគ្រាប់ល្ង ព្រមជាមួយមូលហេតុដែលអ្នកគួររួមបញ្ចូលវាក្នុងរបបអាហារ ៖
- គ្រឿងផ្សំ
– គ្រាប់ល្ងឆៅ ២ពែង
– ប្រេងដូងធម្មជាតិ ឬសរីរាង្គ ២ស្លាបព្រាបាយ
– ទឹកឃ្មុំធម្មជាតិ ឬសរីរាង្គ ១ស្លាបព្រាបាយ
- របៀបធ្វើ
– លីងគ្រាប់ល្ងដោយប្រើភ្លើង ឬកម្ដៅទាប រហូតដល់ឈ្ងុយ និងឡើងពណ៌ត្នោត។ បិទភ្លើងចង្ក្រានភ្លាម និងចាក់គ្រាប់ល្ងទុកក្នុងចានគោមមួយ។
– បន្ទាប់មកយកគ្រាប់ល្ងដែលលីងរួចទៅកិនឱ្យម៉ដ្ឋសិន រួចសឹមបន្ថែមប្រេងដូងចូល។ បន្តកិនរហូតដល់សព្វម៉ដ្ឋចូលគ្នា អ្នកក៏អាចបន្ថែមប្រេងដូងលើសពីបរិមាណកំណត់ខាងលើបន្តិចផងដែរ។ ជាបន្តចូរបន្ថែមទឹកឃ្មុំចូល និងកិនម្ដងទៀតឱ្យសព្វចូលគ្នា សឹមចាក់ទុកក្នុងក្រឡមានគម្របបិទជិតមួយជាការស្រេច។ អ្នកគួររក្សាទុកបឺរគ្រាប់ល្ងដែលធ្វើរួចនេះក្នុងទូរទឹកកកនៅពេលមិនទាន់ញ៊ាំ។
- អត្ថប្រយោជន៍នៃបឺរគ្រាប់ល្ង
១. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
បឺរគ្រាប់ល្ងអាចជួយគ្រប់គ្រងកម្រិតនៃសម្ពាថឈាមដែលឡើងខ្ពស់ ព្រមទាំងកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។ ជាលទ្ធផលកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
២. គ្រប់គ្រងជាតិស្ករក្នុងឈាម
បឺរគ្រាប់ល្ងមានផ្ទុកសម្បូរដោយជាតិសសៃជួយគ្រប់គ្រងបរិមាណនៃជាតិស្ករដែលត្រូវបានបញ្ចេញទៅក្នុងលំហូរឈាម។
៣. ធ្វើឱ្យការរំលាយអាហារមានលក្ខណៈប្រសើរឡើង
ជាតិសសៃនៃបឺរសុខភាពល្អនេះពិសេសណាស់សម្រាប់សម្រួលដល់ការរំលាយអាហារនិងចលនាពោះវៀន។
៤. ធ្វើឱ្យឆ្អឹងកាន់តែរឹងមាំ
កាល់ស្យូមនិងសារធាតុចិញ្ចឹមមួយចំនួនទៀតក្នុងបឺរគ្រាប់ល្ងធ្វើការរួមគ្នាជួយឱ្យឆ្អឹងកាន់តែរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។
៥. បំបាត់អាការៈឈឺសន្លាក់
អាស៊ីតខ្លាញ់អូមេហ្កា ៣នៃបឺរគ្រាប់ល្ងមានលក្ខណៈសម្បត្តិប្រឆាំងការរលាកល្អសម្រាប់ទប់ស្កាត់សន្លាក់ពីភាពឡើងរឹងនិងឈឺចាប់។
៦. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ជាមូលហេតុធ្វើឱ្យបឺរគ្រាប់ល្ងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕