អ្នកដែលញៀននឹងការងារ គឺជាមនុស្សម្នាក់ដែលចំណាយពេលភាគច្រើនក្នុងមួយថ្ងៃៗដើម្បីតែធ្វើការ ហើយនឹកគិតតែចង់ធ្វើការមិនឈប់ឈរ។ ទោះជាយ៉ាងណាបញ្ហានៃការញៀននឹងធ្វើការនោះ គឺវាអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពមួយចំនួន។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ភាគច្រើននៃអ្នកដែលញៀនការងារ គឺប្រឈមមុខខ្ពស់នឹងហានិភ័យនៃបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តជាងបុគ្គលធម្មតា។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរខំធ្វើការជ្រុលខ្លាំងពេក ៖
១. ជំងឺធាត់ជ្រុល
អ្នកជំនាញជាច្រើនបានឱ្យដឹងថា ការអង្គុយចុចកុំព្យូរទ័រមួយថ្ងៃៗរាប់ម៉ោងមិនអាចចាត់ទុកជាភាពសកម្ម ឬការធ្វើលំហាត់ប្រាណរាងកាយ។ នេះហើយជាមូលហេតុចម្បងបំផុតមួយដែលធ្វើឱ្យអ្នកប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺធាត់ជ្រុលដែលផ្សារភ្ជាប់ជាមួយបញ្ហាសុខភាពជាច្រើនផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែមប្រភេទទី២។
២. ជំងឺបេះដូង
ការចំណាយពេលច្រើនម៉ោងពេកក្នុងមួយថ្ងៃៗនៅតែកន្លែងការងារអាចបង្កភាពស្ត្រេសគួរឱ្យកត់សម្គាល់។ ហើយក៏ព្រោះតែភាពញៀននឹងការងារអាចនាំឱ្យអ្នកមិនអាចធ្វើសកម្មភាពណាមួយដើម្បីបំបាត់ ឬបន្ថយភាពស្ត្រេសទៀតនោះ កម្រិតនៃភាពស្ត្រេសកាន់តែឡើងខ្ពស់។ ជាលទ្ធផលបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើនដែលមួយក្នុងចំណោមនោះ គឺជំងឺបេះដូង ខណៈដែលសម្ពាធឈាមត្រូវឡើងខ្ពស់ ហើយកូឡេស្តេរ៉ូលមិនល្អក៏កើនទៀត។
៣. ជំងឺឬសដូងបាត
អ្នកជំនាញនិយាយថាការអង្គុយយូរៗពេកជាប្រចាំពិសេសលើផ្ទៃរឹងអាចបង្កើនហានិភ័យនៃជំងឺឬសដូងបាតគួរឱ្យបារម្ភ។ ទោះបីជាការងាររបស់អ្នកតម្រូវឱ្យអ្នកអង្គុយយូរៗក៏ដោយ ក៏អ្នកចាំបាច់ក្រោកឈរខ្លះដើម្បីអាចចៀសផុតពីហានិភ័យនៃជំងឺឬសដូងបាត។
៤. ការឈឺចាប់រ៉ាំរ៉ៃ
ភាពស្ត្រេសសឹងតែគ្រប់ពេលអាចបង្កការរលាកក្នុងរាងកាយផងដែរ។ នេះជាមូលហេតុដែលអ្នកចេះតែមានអារម្មណ៍ឈឺចាប់ពេញរាងកាយ។ ការពិតនោះ គឺជីវិតដែលមិនសកម្ម ឬពោរពេញដោយភាពស្ត្រេសអាចបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់។ ការមិនធ្វើលំហាត់ប្រាណអាចបង្កបញ្ហាសន្លាក់ ក៏ដូចជាសាច់ដុំដែលគាំទ្រសន្លាក់មានភាពខ្សោយនិងងាយរងគ្រោះ។
៥. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ក្រៅពីការឈឺចាប់រ៉ាំរ៉ៃ, ការរលាកក្នុងរាងកាយក៏អាចមានឥទ្ធិពលលើប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំរាងកាយផងដែរ ដែលអាចនាំឱ្យចុះខ្សោយ។ ជាលទ្ធផលអ្នកអាចឆាប់នឹងឆ្លងជំងឺផ្សេងៗ។
៦. ជំងឺគេងមិនលក់
ស្ត្រេសនិងការដែលអ្នកមិនអាចឈប់គិតពីការងារសោះកំឡុងពេលនៅផ្ទះអាចជះឥទ្ធិពលលើការគេង។ និយាយឱ្យស្រួលស្ដាប់ អ្នកនឹងពិបាកគេងលក់បានស្កប់ណាស់ក្នុងមួយយប់ៗ។ ការគេងមិនលក់ក៏អាចជះផលប៉ះពាល់ដល់សម្ពាធឈាមនិងកម្រិតនៃជាតិស្ករក្នុងឈាម ព្រមទាំងមុខងារនៃការចងចាំផងដែរ។
៧. ជំងឺថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត
ស្ត្រេសរយៈពេលយូរដែលបង្កឡើងដោយការញៀននឹងការងារ គឺមិនត្រឹមតែបង្កបញ្ហាដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជះផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ។ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបានឱ្យដឹងថា អ្នកញៀននឹងការងារងាយប្រឈមមុខជាមួយជំងឺថប់បារម្ភនិងបាក់ទឹកចិត្ត។
៨. បញ្ហាក្រលៀន ឬតម្រងនោម
ការធ្វើសកម្មភាពរាងកាយជាប្រចាំអាចជួយធ្វើឱ្យសម្ពាធឈាមមានលក្ខណៈប្រសើរឡើងនិងសម្រួលការដុតរំលាយគ្លុយកូសដែលជាកត្តាសំខាន់ក្នុងការរក្សាសុខភាពតម្រងនោម។ ការអង្គុយយូរៗពេកច្រើនជាង ៨ម៉ោងក្នុងមួយថ្ងៃដោយមិនក្រោមធ្វើចលនាសោះអាចបង្កើនហានិភ័យនៃជំងឺតម្រងនោមដល់ទៅ ៣០ភាគរយ។ ដូច្នេះដើម្បីជាការប្រសើរយ៉ាងហោចណាស់គួរធ្វើលំហាត់ប្រាណឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕