ផ្សិតគឺជាអាហារដ៏ពេញនិយមមួយនៅប្រទេសក្នុងតំបន់អាស៊ី។ ចំពោះការយកផ្សិតធ្វើជាថ្នាំព្យាបាល ត្រូវបានគេកត់ត្រានៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ប្រជាជនចិន ហើយកំណត់ត្រាចុងក្រោយគេបង្អស់អំពីការប្រើផ្សិតជាថ្នាំព្យាបាលជំងឺចិត្តសាស្ត្រ។ បច្ចុប្បន្ននេះយើងមានពូជផ្សិតចំនួន ៣៥ប្រភេទ ហើយសុទ្ធសឹងតែអាចប្រើប្រាស់ជាថ្នាំព្យាបាលបាន។
អ្នកវិទ្យាសាស្ត្រកំពុងតែស្វែងរកនូវអ្វីដែលជាមុខងារជួយព្យាបាលជំងឺមនុស្សពីធម្មជាតិដែលគេបានស្គាល់ជាយូរណាស់មកហើយនោះ។ ផ្សិតមិនត្រឹមតែជាប្រភពដ៏សំខាន់នៃជីវជាតិជាច្រើននោះទេ ប៉ុន្តែវាក៏ជួយភ្ញោចទៅដល់ប្រព័ន្ធភាពស៊ាំអោយធ្វើការខ្លាំងដែរ។ អ្នកស្រាវជ្រាវនិយាយថា វាប្រហែលជាអាចជួយប្រឆាំងនឹងជំងឺមហារីក, កូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ព្រមទាំងអ្នកជំងឺអេដស៍បានដែរ។
ជារណាំងការពារជំងឺមហារីក
រយៈពេលមិនជាយូរប៉ុន្មានទេ ដែលអ្នកវិទ្យាសាស្ត្រអាមេរិកយល់ថាផ្សិតប្រភេទ White Button មានសកម្មភាពតិចតួចក្នុងការដើរតួជាថ្នាំព្យាបាលជំងឺ ប៉ុន្តែការសិក្សាជាច្រើនទៀតរកឃើញថា ផ្សិតពិតជាមានសកម្មភាពបែបនោះមែន ជាពិសេសសម្រាប់ការពារជំងឺមហារីកសុដន់តែម្តង។
វេជ្ជបណ្ឌិត ស៊ីអ័ន ឈិន (Dr. Shiuan Chen, PhD) នាយាកផ្នែកនាយកដ្ឋានស្រាវជ្រាវវះកាត់នៅឯ City of Hope និយាយថា ផ្សិតមានសារធាតុ គីមីចិត្តសាស្ត្រមួយប្រភេទឈ្មោះថា Conjugated Linoleic Acid ដែលជួយទប់ស្កាត់ ប្រូតេអ៊ីនម្យ៉ាងឈ្មោះ Aromatase សម្រាប់បង្កើតជាអ័រម៉ូន Estrogen។ ប្រហែលជា ៦០ភាគរយនៃស្ត្រីត្រៀមរ៉ាំងរដូវ និង ៧៥ភាគរយនៃស្ត្រីរ៉ាំរដូវហើយដែលកើតជំងឺមហារីកសុដន់ មានអ័រម៉ូនដែលធ្វើអោយកើតជំងឺមហារីកនេះ មានន័យថា អ័រម៉ូន Estrogen ជួយអោយដុំមហារីកលូតលាស់ឡើង ដូច្នេះការគ្រប់គ្រងកម្រិតអ័រម៉ូនមួយនេះអាចទប់ស្កាត់ ឬបង្ការកុំអោយដុំមហារីកលូតលាស់ទៀតបាន។ ស្ត្រីរ៉ាំងរដូវរួចមានចំនួនអ័រម៉ូន Estrogen ក្នុងខ្លួនតិចតួចទេ ដូច្នេះផ្សិតប្រហែលជាផ្តល់នូវការការពារដល់គេបានយ៉ាងល្អជាងមុន។
ផ្សិតប្រភេទផ្សេងៗទៀតក៏ត្រូវបានគេរកឃើញថាជួយការពារជំងឺមហារីកសុដន់ដែរ ដូចជាប្រភេទ White Stuffing Mushroom ផ្តល់នូវការការពារបានខ្លាំងក្លាបំផុត ប៉ុន្តែផ្សិតប្រភេទ White Button, Shiitake, Portobello, Cremini, និង Body Button Mushrooms សុទ្ធតែមានឥទ្ធិពលពិសេសរបស់ទាំងអស់មិនថាញ៉ាំវាឆៅ ឬឆ្អិនឡើយ។
វេជ្ជបណ្ឌិត ឈិន និយាយថា ការញ៉ាំផ្សិតតែ ៨៦ក្រាមក្នុងមួយថ្ងៃ អាចជួយការពារជំងឺមហារីកសុដន់បាន។ ឥឡូវនេះគាត់កំពុងតែស្រាវជ្រាវសារធាតុទាំងនេះ ក៏ដូចជាឥទ្ធិពលរបស់វាទៅលើជំងឺមហារីកក្រពេញប្រូស្តា្តត។
នេះមិនមែនជាលើកដំបូងរបស់ផ្សិតទេដែលត្រូវបានគេយកចិត្តទុកដាក់ថាមានសម្តត្ថភាពក្នុងការប្រឆាំងនឹងជំងឺមហារីក។ ផ្សិតប្រភេទ Siitake Mushroom ត្រូវបានប្រទេសជប៉ុនយកទៅប្រើប្រាស់សម្រាប់ព្យាបាលដុំមហារីកអស់រយៈពេលយូរណាស់មកហើយ។ ផ្សិតប្រភេទ Meaty Black Mushroom ផ្ទុកទៅដោយ Polysaccharide ឬជាតិស្ករកំផ្លេច ដែលហៅថា Lentinan។ វេជ្ជបណ្ឌិត រ៉ូបឺត ម័រហ្វី (Dr. Robert Murphy, ND) គ្រូពេទ្យខាងផ្នែកព្យាបាលដោយរុក្ខជាតិក្នុងតំបន់ Torrington ទីក្រុង Connecticut និយាយថា Polysaccharide គឺជាមូលេគុលធំៗជាច្រើនដែលមានលក្ខណៈស្រដៀងគ្នានឹងរចនាសម្ព័ន្ធរបស់បាក់តេរីដែរ។ នៅពេលអ្នកញ៉ាំផ្សិត Shiitake Mushrooms ប្រព័ន្ធភាពស៊ាំរបស់អ្នកចាប់ផ្តើមប្រមូលផ្តុំកង់ទ័ពកោសិកាប្រឆាំងនឹងការបង្ករោគ។ គាត់និយាយទៀតថា “អត្ថន័យនេះចង់និយាយថា វាទៅធ្វើអោយប្រព័ន្ធភាពស៊ាំមនុស្សយើងមានសកម្មភាពកាន់តែខ្លាំង” ។ អ្នកស្រាវជ្រាវបានរកឃើញថា នៅពេលគេអោយសត្វពិសោធន៍ដែលមានដុំមហារីកស៊ីសារធាតុ Lentinan ជាទម្រង់ម្ស៉ៅផ្សិតគ្រាម វាអាចជួយទប់ស្កាត់ការលូតលាស់របស់ដុំមហារីកនោះបានរហូតដល់ ៦៧ភាគរយ។
អ្នកស្រាវជ្រាវក៏កំពុងតែពិនិត្យទៅលើផ្សិតប្រភេទ Maitake ផងដែរ។ វាមិនខុសពីផ្សិត Shiitake ទេ ព្រោះផ្សិត Maitake មានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនសតវត្សន៍ដែរក្នុងការជួយព្យាបាលជំងឺមហារីក។ អ្នកឯកទេស និយាយថា សារធាតុ Polysaccharide សកម្មនៅក្នុងផ្សិត Maitake ដែលមានឈ្មោះថា Beta-glucan ឬ D-fraction មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការព្យាបាលដុំសាច់មហារីកលើសត្វក្នុងមន្ទីរពិសោធន៍ ហើយវាប្រហែលជាមានប្រសិទ្ធភាពជាងសារធាតុ Lentinan ទៅទៀត។
វេជ្ជបណ្ឌិត ម័រហ្វី និយាយថា “អ្នកពិតជាទទួលបាននូវសារធាតុ Polysaccharide ទាំងនេះដើម្បីទៅជួយបង្កើនមុខងារដល់ប្រព័ន្ធភាពស៊ាំ នៅពេលញ៉ាំផ្សិតនេះបានពាក់កណ្តាល។ ខ្ញុំប្រាប់មនុស្សគ្រប់គ្នាថា ពួកគេអាចទៅផ្សារទិញផ្សិត Shiitake និង Maitake ដើម្បីយកមកធ្វើជាអាហារបាន ព្រោះផ្សិតទាំងពីរប្រភេទនេះច្រើនតែសម្បូរនៅតាមហាងលក់អាហារអាស៊ី និងផ្សារទំនើបមួយចំនួន។
បង្កើនប្រព័ន្ធភាពសាំដល់អ្នកជំងឺអេដស៍
ដោយសារតែផ្សិត Shiitake និង Maitake ត្រូវបានគេអះអាងថាមានប្រសិទ្ធភាពខ្លាំងចំពោះការបង្កើនមុខងារប្រព័ន្ធភាពសាំ ធ្វើអោយអ្នកវិទ្យាសាស្ត្រមួយចំនួនបានធ្វើតេស្តទៅលើភាពខ្លាំងរបស់វា ព្រមទាំងទទួលបានជោគជ័យមួយចំនួនថា វាអាចជួយប្រឆាំងនឹងវីរ៉ុស HIV ដែលបង្កជំងឺអេដស៍បាន។
ការសិក្សាក្នុងមន្ទីរពិសោធន៍បានអោយដឹងថា សារធាតុ Beta-glucan ដែលចម្រេញចេញពីផ្សិត Maitake អាចបង្ការវីរ៉ុស HIV កុំអោយសម្លាប់កោសិការ T Cell ដែលវាជាកោសិការគ្រាប់ឈាមសដ៏សំខាន់របស់ប្រព័ន្ធភាពស៊ាំ។ វេជ្ជបណ្ឌិត ម័រហ្វី និយាយថា “ការញ៉ាំផ្សិតទាំងនេះបានទៀងទាត់ ហាក់បីដូចជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការថែរក្សាប្រព័ន្ធភាពអោយនៅរស់រវើក និងខ្លាំងក្លាដដែលបាន”។
ជំនួយដល់កូឡេស្តេរ៉ុល
បើសិនជាចំនួនកូឡេស្តេរ៉ុលក្នុងឈាមរបស់អ្នកកំពុងតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ឬចាប់ពី ២០០ឡើងទៅ អ្នកប្រហែលត្រូវការប្រើការជ្រើសរើសផ្សិតមកធ្វើជាម្ហូបទទួលទានហើយ។
ក្នុងអំឡុងពេលឆ្នាំ ១៩៧០ និង ១៩៨០ ការសិក្សាទៅលើមនុស្ស និងសត្វក្នុងប្រទេសជប៉ុនបានបង្ហាញអោយដឹងថា សារធាតុមួយក្នុងចំណោមសារធាតុជាច្រើនក្នុងផ្សិត Shiitake ឈ្មោះថា Eritadenine អាចមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ុលក្នុងឈាមបាន។ ការសិក្សាថ្មីៗនេះអ្នកស្រាវជ្រាវមកពីប្រទេសស្លូវ៉ាគី បានរកឃើញថា ៥ភាគរយនៃកណ្តុរដែលបានស៊ីផ្សិតគ្រាម ជាពិសេសផ្សិត Oyster អាចបន្ថយកូឡេស្តេរ៉ុលក្នុងឈាមរបស់កណ្តុររហូតដល់ ៤៥ភាគរយ ទោះបីជាកណ្តុរទាំងនោះត្រូវបានអោយស៊ីអាហារមានកូឡេស្តេរ៉ុលខ្ពស់ជាងមុនក៏ដោយ។
អ្នកស្រាវជ្រាវនៅតែមិនអាចនិយាយថា តើមនុស្សយើងគួរតែញ៉ាំផ្សិតប៉ុន្មានទើបទទួលបានប្រសិទ្ធភាពដូចគ្នានៅឡើយទេ។ ប៉ុន្តែអ្នកឯកទេសជាច្រើនយល់ព្រមថា ការបន្ថែមផ្សិតទាំងពីរប្រភេទនេះសម្រាប់របបអាហារប្រចាំថ្ងៃដូចជាគ្មានធ្វើអោយអ្នកទទួលរងការឈឺចាប់អ្វីសោះ ហើយវាប្រហែលជាជួយបញ្ចុះកូឡេស្ទើរ៉ុលក្នុងឈាមអ្នកបានទៀតផង។
បង្កើនចំនួនវីតាមីន B
ផ្សិតផ្តល់នូវវីតាមីន B សំខាន់ៗចំនួនពីរប្រភេទនោះគឺ Niacin និង Riboflavin ដែលវាច្រើនតែគ្មានក្នុងបន្លែភាគច្រើនទេ គឺច្រើនតែមានក្នុងផ្សិត White Button Mushroom។ ផ្សិត Shiitake គ្រាមពណ៌ស មានកំហាប់ជីវជាតិខ្ពស់ជាង ប៉ុន្តែមនុស្សភាគច្រើនមិនចូលចិត្តញ៉ាំវាច្រើននោះទេព្រោះ វាមានក្លិនមិនសូវល្អ។ ចំពោះផ្សិតសវិញ ដែលមានរស់ជាតិល្មម អាចញ៉ាំបានគ្រប់ពេលទទួលទានអាហារ។
វីតាមីន Niacin មានសារៈសំខាន់ក្នុងការជួយអោយរាងកាយបង្កើតអង់ស៊ីម សម្រាប់បំលែងជាតិស្ករទៅជាថាមពល, ប្រើប្រាស់ជាតិខ្លាញ់ និងថែរក្សាជាលិការអោយនៅសុខភាពល្អ។ ផ្សិតប្រភេទ White Button Mushroom ជាប្រភពដ៏ល្អមួយនៃវីតាមីន Niacin ព្រោះវាមានវីតាមីន នេះ ៤មីលីក្រាម ឬស្មើនឹង ២០ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។
ចំពោះវីតាមីន Riboflavin ដែលជាភ្នាក់ងារជំនួយដល់ជីវជាតិ និងមានតួនាទីបំលែងជីវជាតិផ្សេងៗដូចជា Niacin, វីតាមីន B6 និង វីតាមីន Folate ទៅជាទម្រងមួយប្រភេទដែលអាចប្រើការបាន។ បើសិនជាអ្នកកង្វះវីតាមីន Riboflavin អ្នកក៏កង្វះជីវជាតិទាំងអស់នេះដែរ។ ទឹកផ្សិតសរឆ្អិនកន្លះពែងមានវីតាមីន Riboflavin ០,២មីលីក្រាម ឬស្មើនឹង ១២ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ៕