ផ្លែក្រូចគឺជាផ្លែឈើដ៏ល្អឥតខ្ចោះមួយប្រភេទ ព្រោះវាមិនត្រឹមតែមានវីតាមីន C និងជាតិសរសៃខ្ពស់ទេ តែវាក៏សម្បូរជាតិស្ករពីធម្មជាតិដើម្បីជួយអោយឆាប់មានកម្លាំងដែរ។ ហើយដោយសារតែវាកើតឡើងមានសម្បកការពារពីកំណើត ដូច្នេះអ្នកអាចញ៉ាំវាបានគ្រប់ពេល និងគ្រប់ទីកន្លែង។ ក្រូចគឺជាផ្លែឈើដែលផ្តល់ជាប្រយោជន៍ដល់សុខភាពច្រើនជាងគេ ជាក់ស្តែងដូចជាសារធាតុ Limonin, Limonenen, Limonin Glucoside និង Hesperidin សម្រាប់ទប់ស្កាត់ជំងឺមហារីក។ ជាមួយគ្នានេះដែរ វាផ្ទុកទៅដោយសារធាតុជាច្រើនផ្សេងទៀតដែលអាចបញ្ឈប់ជំងឺបេះដូងបាន។
ជំនួយដល់សុខភាពបេះដូង
ការសិក្សាបានបង្ហាញអោយដឹងថា វីតាមីន និង សារធាតុផ្សេងៗទៀតក្នុងផ្លែក្រូចគឺជាអង់ទីអុកស៊ីដង់ដ៏មានប្រសិទ្ធភាព និងភ្ញាក់ផ្អើលយ៉ាងច្រើន។ ពួកវាទាំងនោះអាចទប់ស្កាត់រ៉ាឌីកាល់សេរី មុនពេលវាផ្តល់គ្រោះថ្នាក់ដល់កោសិកាបាន។ រឿងនេះមានសារៈសំខាន់ដោយសារតែរ៉ាឌីកាល់សេរីអាចធ្វើអោយ ឈាមកកក្នុងសរសៃឈាមអាកទែ ដែលជាហេតុនាំអោយកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
វីតាមីន C ត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជាអង់ទីអុកស៊ីដង់ដ៏ពូកែមួយប្រភេទ។ ដោយសារធាតផ្លែក្រូចមានអ្វីផ្សេងច្រើនទៀត ដូច្នេះហើយទើបធ្វើអោយវាមានថាមពលកាន់តែខ្លាំងចំពោះសុខភាពមនុស្ស។
វេជ្ជបណ្ឌិត រ៉ូណាន អេល ព្រីអ័រ (Dr. Ronanld L. Prior) អ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់មជ្ឈមណ្ឌលអាហាររូបត្ថម្ភកូនក្មេង Arkasnase ក្នុងទីក្រុង Little Rock និងជាអ្នកវិទ្យាសាស្ត្រ ព្រមទាំងអ្នកប្រឹក្សាម្នាក់របស់ USDA ដែរនោះ បានិយាយថា “យើងបានវាស់កម្រិតអង់ទីអុកស៊ីដង់ទាំងអស់របស់ផ្លែក្រូច ព្រមទាំងរកឃើញថា វីតាមីន C មានប្រហែលជា ១៥ទៅ ២០ភាគរយទេនៃចំនួនអង់ទីអុកស៊ីដង់ទាំងអស់។ ចំណែកឯសារធាតុផ្សេងៗទៀតក្នុងផ្លែក្រូចប្រែក្លាយទៅជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងបំផុតទៅវិញ រហូតដល់ខ្លាំងជាវីតាមីន C បីទៅប្រាំមួយដងឯណោះ”។
ការសិក្សាមួយ អ្នកស្រាវជ្រាវបានសត្វកណ្តុរស៊ីសម្បក និងផ្នែកស្ពោតៗរបស់ផ្លែក្រូច។ សំបក និងផ្នែកស្ពោតៗទាំងនោះពោរពេញទៅដោយសារធាតុ Hesperidin សម្រាប់ជួយបង្កើនកម្រិតកូឡេស្តេរ៉ុល High-density Lipoprotein (HDL) និងបញ្ចុះកម្រិតកូឡេស្ទើរ៉ុល Low-density Lipoprotein (LDL) របស់សត្វនេះបាន។ បើសិនជាសារធាតុ Hesperidin បំពេញមុខងារតាមរបៀបដូចគ្នាក្នុងខ្លួនមនុស្សដែរនោះ ផ្លែក្រូចពិតជាអាចប្រើដើម្បីបញ្ចុះចំនួនកូឡេស្ទើរ៉ុលដែលវាជាកត្តាដ៏សំខាន់ធ្វើអោយកើតជំងឺបេះដូងបានហើយ។
Hesperidin ប្រហែលជាមានប្រយោជន៍របស់វាផ្សេងពីនេះទៀត។ ឧទាហរណ៍ តាមការសិក្សាលើមន្ទីរពិសោធន៍ អ្នកស្រាវជ្រាវមកពីប្រទេសប្រេហ្ស៊ីបានរកឃើញថា Hesperidin ជួយបញ្ឈប់ការរលាកបាន។ ហើយចាប់តាំងពីវាមិនទៅបំផ្លាញភ្នាសកម្រាលរបស់ក្រពះដូចថ្នាំអាស្ពីរីនមក ពេលខ្លះវាក៏អាចប្រើដើម្បីបន្ថយអាការៈហើមចំពោះអាឡែហ្ស៊ីនឹងថ្នាំប្រឆាំងការរលាកដូចជាថ្នាំ Ibuprofen បានដែរ។
ការសិក្សាស្វែងយល់ដ៏ធំមួយទៅលើមនុស្សជាង ១០០០០០នាក់ ធ្វើអោយអ្នកស្រាវជ្រាវរកឃើញថា ការបន្ថែមផ្លែឈើ និងបន្លែទៅក្នុងរបបអាហារប្រចាំថា ជួយកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic រហូតដល់ ៦ភាគរយ។ តាមការសិក្សា ផ្លែក្រូច និងផ្លែឈើរស់ជាតិជូរៗផ្សេងៗទៀតគឺជាផ្លែឈើមួយប្រភេទដែលផ្តល់នូវការការពារយ៉ាងល្អបំផុត។
គ្រប់គ្រងជំងឺមហារីក
វេជ្ជបណ្ឌិត បៀល វ៉ាយមឺ (Dr. Bill Wildmer, PhD) អ្នកវិទ្យាសាស្ត្រស្រាវជ្រាវម្នាក់នៅឯនាយកដ្ឋានមជ្ឈមណ្ឌលស្រាវជ្រាវ ផ្លែឈើជូរៗ ក្នុងទីក្រុង Lake Alfred និយាយថា ការសិក្សាក្នុងមន្ទីរពិសោធន៍បានបង្ហាញអោយឃើញថា សារធាតុ Limonene ក្នុងផ្លែក្រូចអាចជួយទប់ស្កាត់ជំងឺមហារីកសួត និងសុដន់បាន។
ការសិក្សាមួយនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Duke ក្នុងទីក្រុង Durham ប្រទេស North Carolina បានធ្វើទៅលើសត្វក្នុងមន្ទីរពិសោធន៍។ សត្វទាំងនោះតម្រូវអោយស៊ីអាហារជា Limonene ១០ភាគរយ ជាលទ្ធផលឃើញថា ពួកវាអាចកាត់បន្ថយជំងឺដុំសាច់មហារីករហូតដល៉ ៧០ភាគរយ។ ក្នុងចំណោមដុំសាច់មហារីកដែលនៅសល់ ២០ភាគរយគឺរួមតូចជាងទំហំដើមរបស់វា។
ការសិក្សាមួយផ្សេងទៀត ដែលមានអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cornell ក្នុងតំបន់ Ithaca ទីក្រុងញ៉ូយក បានធ្វើការលើសត្វពិសោធន៍ដែលមានជំងឺមហារីកថ្លើមដំណាក់កាលដំបូង។ សត្វទាំងនោះតម្រូវអោយផឹកទឹកក្រូចដោយដកវីតាមីន C ចេញ។ ជាលទ្ធផលបង្ហាញអោយឃើញថា បរិមាណនៃការកើតដុំមហារីក និងទំហំដុំមហារីកដែលមានត្រៀមកើតនោះត្រូវបានធ្លាក់ចុះរហូតដល់ ៤០ភាគរយ។
វេជ្ជបណ្ឌិត រ៉ូបឺត អេស ផាកឃឺ (Dr. Robert S. Parker, PhD) សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រអាហាររូបត្ថម្ភ និងចំណីអាហារ នៅឯ Cornell បានបន្ថែមថា “កណ្តុរកំពុងតែផឹកទឹកក្រូចចំនួនបួនលីត្រក្នុងមួយថ្ងៃរយៈពេល ៤ខែស្មើរនឹងមនុស្សយើងដែរ។ ចំនួននេះដូចជាមិនត្រឹមត្រូវចំពោះមនុស្សសោះ ប៉ុន្តែចាប់តាំងពីយើងអោយសត្វផឹកទឹកក្រូចដែលមានសារធាតុជាក់លាក់ ឥទ្ធិពលការពារពិតប្រាកដរបស់ទឹកក្រូចនោះប្រហែលជាមានលក្ខណៈធំធេងជាងអ្វីដែលគេនិយាយទៅទៀត។ មនុស្សប្រហែលជាអាចទទួលបានឥទ្ធិពលការពារក្នុងកម្រិតទាបជាង ជាពិសេសបើសិនជាពួកគេញ៉ាំទឹកក្រូចនោះជាទៀងទាត់រយៈពេលយូរ”។
ការស្រាវជ្រាវចំពោះ Limonene បានជាប់ជំពាក់ថា អ្នកស្រាវជ្រាវក្នុងប្រទេសអង់គ្លេសកំពុងតែធ្វើតេស្តលើឥទ្ធិពលរបស់វាលើមហារីកសុដន់។ វេជ្ជបណ្ឌិត ម៉ៃខល ហ្គោដ (Dr. Michael Gould, PhD) សាស្ត្រចារ្យជំងឺមហារីក និងរូបវិទ្យាវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យនៃសាលាវេជ្ជសាស្ត្រ Wisconsin ក្នុងទីក្រុង Madison និយាយថា “របៀបដែល សារធាតុ Limonene ដើរតួចំពោះកោសិការ ឬដំបៅមហារីក គឺពិតជាមាការចាប់អារម្មណ៍ និងប្លែកខ្លាំងណាស់”។ អ្វីដែលសំខាន់គឺថា សារធាតុនេះធ្វើអោយកោសិកាមហារីកងាប់ដោយខ្លួនឯង។ មានន័យថាវាបង្ខំអោយកោសិការមហារីកនោះទៅសម្លាប់ខ្លួនតែម្តង។
វីតាមីន C
ផ្លែក្រូចត្រូវបានគេស្គាល់យ៉ាងច្បាស់ថាសម្បូរវីតាមីន C ព្រោះក្រូចមួយផ្លែមានវីតាមីនរហូតដល់ ៧០មីលីក្រាម ឬស្មើនឹង ១១៧ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។ វីតាមីន C មិនមែនមានសារៈសំខាន់សម្រាប់គ្រប់គ្រងរ៉ាឌីកាលសេរីតែមួយមុខនោះទេ ប៉ុន្តែវាក៏ជួយបង្កើនការជារបួស និងប្រព័ន្ធភាពស៊ាំផងដែរ។ ថាមពលនៃការបង្កើនប្រព័ន្ធភាពស៊ាំរបស់វីតាមីន C កំពុងតែផ្តល់កេរ្តិ៍ឈ្មោះដល់វាក្នុងការប្រឆាំងនឹងរោគសញ្ញាជំងឺផ្តាសាយ។
វីតាមីនស៊ីក៏ជួយរាងកាយបឺតស្រូបជាតិដែកពីចំណីអាហារដែរ ជាពិសេសវាមានសារៈសំខាន់ចំពោះស្ត្រីដែលបាត់បង់ជាតិដែកបន្តិចបន្តួចជារៀងរាល់ខែក្នុងពេលមករដូវ។
ការសិក្សាដ៏ធំមួយ វេជ្ជបណ្ឌិត ហ្លេឌីស ប្លក់ (Dr. Gladys Block, PhD) សាស្ត្រាចារ្យខាងជំងឺរាតត្បាត និងអាហាររូបត្ថម្ភសុខភាពសាធារណៈ នៅឯសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទីក្រុង Berkeley បានលើកឡើងវិញនូវការសិក្សាតូចៗចំនួន ៤៦ករណីទៅឡើឥទ្ធិពលរបស់វីតាមីន C។ ភាគច្រើនការសិក្សាទាំងនោះបានរកឃើញថា អ្នកដែលទទួលបានវីតាមីន C ច្រើនបំផុត មានការប្រឈមនឹងជំងឺមហារីកតិចបំផុត។
ការសិក្សា Finnish ក៏បានរកឃើញដែរថា វីតាមីន C ជួយបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកស្រាវជ្រាវបានពិនិត្យទៅលើទម្លាប់នៃការញ៉ាំអាហាររបស់មនុស្សជាង ២៥០០០នាក់ រយៈពេល ១០ឆ្នាំ ហើយពួកគេរកឃើញថា អ្នកដែលមានវីតាមីន C ក្នុងឈាមតិច ទំនងជាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលច្រើនរហូតដល់ ២,៤ដង។ ចំពោះអ្នកធាត់លើសទម្ងន់ធម្មតា ឬអ្នកមានសម្ពាធឈាមឡើងខ្ពស់ ការញ៉ាំវីតាមីន C តិចជាង ៤០មីលីក្រាម ឬស្មើនឹងទឹកក្រូចច្របាច់កន្លះកែវ ធ្វើអោយពួកគេទំនងជាកើតជំងឺដាច់សរសៃឈាមរហូតដល់ ៣ដងឯណោះ។ ដើម្បីបង្កើនចំនួនវីតាមីន C ចូរញ៉ាំទឹកក្រូចច្របាច់អោយបាន ៨កែវក្នុងមួយថ្ងៃ។
ជាតិសរសៃ
ផ្លែក្រូចមួយផ្លែមានជាតិសរសៃ ៣ក្រាម ឬស្មើនឹង ១២ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។ ដោយសារតែជាតិសរសៃមិនរលាយជួយធ្វើអោយលាមកទន់ វាក៏អាចជួយបន្ថយបញ្ហាក្នុងពោះវៀនបានដែរ ដូចជាជំងឺទល់លាមក, ឬសដូងបាត និងជំងឺ Diverticulosis។ តាមរយៈការបង្កើនល្បឿននៃការរំលាយអាហារ វាក៏អាចជួយបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំបានដែរតាមរយៈការបញ្ចេញចោលលាមក និងសារធាតុគ្រោះថ្នាក់ជាច្រើនពីពោះវៀនធំកាន់តែលឿន។ ជាតិសរសៃមិនរលាយក៏ជួយធ្វើអោយយើងបទជើងធំបានទៀងទាត់, បង្ការបានទាំងរាគ និងទល់លាមក។
ផ្លែក្រូចក៏ផ្ទុកទៅដោយជាតិសរសៃរលាយផងដែរ ហើយជាតិសរសៃប្រភេទនេះមានសារធាតុ Pectin សម្រាប់បំបែកខ្លួនទៅជារបាំងការពារមានសភាពដូចជាជែលនៅក្នុងពោះវៀនតូច។ ការសិក្សាបានបង្ហាញថា វាអាចជួយបញ្ចុះកូឡេស្ទើរ៉ុល ព្រមទាំងគ្រប់គ្រងការប្រែប្រួលជាតិស្ករក្នុងឈាម ដែលវាមានសារៈសំខាន់ចំពោះអ្នកជំងឺទឹកនោមផ្អែម។
បើសិនជាអ្នកត្រូវញ៉ាំផ្លែក្រូចច្រើនជាង ៧ផ្លែ នោះអ្នកអាចបន្ថយកូឡេស្ទើរ៉ុលសរុបប្រហែល ២០ភាគរយ។ ពិតណាស់ វាមិនទំនងទេថា មនុស្សគ្រប់គ្នាចូលចិត្តញ៉ាំផ្លែក្រូចខ្លាំងនោះទេ។ ប៉ុន្តែតាមរយៈការញ៉ាំផ្លែឈើ និងបន្លែគ្រប់ប្រភេទដូចជាផ្លែក្រូចនេះ អ្នកអាចធ្វើវាបានច្រើនដើម្បីអោយកូឡេស្តេរ៉ុលចុះទាប៕