ជាធម្មតា ការព្យាបាលជំងឺដំបៅក្រពះពោះវៀនតែងតែមានថ្នាំអង់ទីបីយ៉ូទិចសម្រាប់សម្លាប់បាក់តេរី H. Pylori និងថ្នាំផ្សេងៗទៀតសម្រាប់កាត់បន្ថយកម្រិតជាតិអាស៊ីតក្នុងប្រព័ន្ធរំលាយអាហារដើម្បីបន្ថយការឈឺចាប់ ព្រមទាំងអោយដំបៅឆាប់ជាឡើងវិញ។ អ្នកប្រហែលជាត្រូវប្រើថ្នាំអង់ទីបីយ៉ូទិចរហូតដល់ ពីរសប្តាហ៍ និងថ្នាំបន្ថយជាតិអាស៊ីតប្រហែល ២ខែទៀត។

ប្រសិនបើជំងឺដំបៅក្រពះពោះវៀនអ្នកមិនបង្កដោយបាក់តេរី H. Pylori ទេ អ្នកក៏ពុំចាំបាច់ប្រើថ្នាំអង់ទីបីយ៉ូទិចដែរ។ គ្រូពេទ្យប្រហែលជាណែនាំអោយធ្វើការព្យាបាលតាមស្ថានភាពិសេសៗ។ ឧទាហរណ៍ ប្រសិនបើថ្នាំបំបាត់ឈឺចាប់បង្កអោយមានដំបៅ គ្រូពេទ្យប្រហែលជាចេញថ្នាំប្រភេទផ្សេងវិញ ឬមានកម្រិតថ្នាំខុសគ្នា។ គ្រូពេទ្យក៏ប្រហែលជាអោយថ្នាំបន្ថយអាស៊ីតដើម្បីជួយអោយដំបៅនោះឆាប់ជាឡើងវិញ ហើយប្រហែលជាត្រូវប្រើចាប់ពីពីរខែឡើងទៅ។
ការព្យាបាលសម្រាប់ជំងឺដំបៅក្រពះពោះវៀនអាចមាន៖
•ថ្នាំអង់ទីបីយ៉ូទិចសម្រាប់សម្លាប់ H. Pylori៖ ប្រសិនបើបាក់តេរី H. Pylori ត្រូវបានរកឃើញក្នុងផ្លូវរំលាយអាហារអ្នក គ្រូពេទ្យប្រហែលជាផ្សំថ្នាំអង់ទីបីយ៉ូទិចពីរបីមុខចូលគ្នាដើម្បីសម្លាប់វា។ នៅសហរដ្ឋអាមេរិក អង់ទីបីយ៉ូទិចដែលចេញសម្រាប់ព្យាបាល H. Pylori រួមមាន Amoxicillin, Clarithromycin (Biaxin), metronidazole (Flagyl) និង Tetracycline។ អ្នកទំនងជាត្រូវប្រើថ្នាំរហូតដល់ពីរសប្តាហ៍ឯណោះ។
•ថ្នាំទប់ការផលិតជាតិអាស៊ីត និងជួយអោយដំបៅជាសះស្បើយ៖ ថ្នាំប្រភេទ Proton Pump Inhibitors អាចកាត់បន្ថយអាស៊ីតបាន តាមរយៈការទប់ស្កាត់សកម្មភាពកោសិការដែលផលិតអាស៊ីត។ ថ្នាំទាំងនេះអាចមានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជា Omeprazole (Prilosec), Lansoprazole (Prevacid), Rabeprazole (Aciphex), Esomeprazole (Nexium), និង Pantoprazole (Protonix)។ ការប្រើថ្នាំ Proton Pump Inhibitor រយៈពេលយូរ ជាពិសេសក្នុងកម្រិតខ្ពស់ ប្រហែលជាប្រឈមកាន់តែខ្លាំងនឹងការបាក់ឆ្អឹងត្រគាក ម្រាមដៃ និងឆ្អងកងខ្នង ដូច្នេះចូរសួរគ្រូពេទ្យបន្ថែមទៀតថាត្រូវប្រើថ្នាំបំប៉នជាតិកាល់ស្យូមបន្ថែម ឬក៏អត់ដើម្បីកាត់បន្ថយការប្រឈមមុខនេះ។
•ថ្នាំសម្រាប់កាត់បន្ថយការផលិតអាស៊ីត៖ ថ្នាំសម្រាប់ទប់ជាតិអាស៊ីត Histamin (H-2) Blockers អាចកាត់បន្ថយចំនួនអាស៊ីតដែលបញ្ចេញទៅក្នុងផ្លូវរំលាយអាហារ ព្រមទាំងបន្ថយការឈឺចាប់ដោយសារតែមានដំបៅ និងអោយដំបៅនោះឆាប់ជា។ ថ្នាំនេះអាចរកទិញបានដោយពុំចាំបាច់មានវេជ្ជបញ្ជាទេ នោះគឺ Ranitidine (Zantac), Famotidine (Pepcid), Cimetidine (Tagamet) និង Nizatidine (Axid)។
•ថ្នាំបន្សាបជាតិអាស៊ីត៖ គ្រូពេទ្យប្រហែលជាអាចប្រើថ្នាំបន្សាបអាស៊ីតដែរ ព្រោះវាអាចជួយបំបាត់នូវការឈឺចាប់បានលឿន។ ចំពោះផលរំខានរបស់វាមាន ទល់លាមក ឬរាគ អាស្រ័យទៅលើធាតុផ្សំរបស់វា។
•ថ្នាំការពារភ្នាសខាងក្នុងរបស់ក្រពះ និងពោះវៀនតូច៖ ករណីខ្លះ គ្រូពេទ្យប្រហែលជាចេញថ្នាំ Cytoprotective Agent ដើម្បីជួយការពារជាលិការនៅលើភ្នាសខាងក្នុងក្រពះ និងពោះវៀនតូច ដែលថ្នាំទាំងនោះមាន Sucralfate (Carafate) និង Misoprostol (Cytotec)។ ថ្នាំការពារក្រពះផ្សេងទៀតមាន Bismuth Subsalicylate (Pepto-Bismol)។
ការតាមដានក្រោយពីព្យាបាលរួច
ការព្យាបាលសម្រាប់ជំងឺដំបៅក្រពះពោះវៀនច្រើនតែទទួលបានជោគជ័យ ប៉ុន្តែប្រសិនបើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរ ឬចេះតែបន្តព្យាបាលរហូត គ្រូពេទ្យប្រហែលជាត្រូវធ្វើការថតក្នុងក្រពះ ដើម្បីទាត់ចោលមូលហេតុដែលអាចកើតមានផ្សេងទៀតចេញ។ ករណីដំបៅត្រូវបានរកឃើញក្នុងពេលថតឆ្លុះក្រពះ គ្រូពេទ្យអាចនឹងត្រូវថតឆ្លុះក្រពះផ្សេងមួយទៀតក្រោយដើម្បីប្រាកដថា ដំបៅរបស់អ្នកនោះជាហើយឬនៅ។
ដំបៅមិនជា
ដំបៅក្រពះពោះវៀនដែលមិនអាជាឡើងវិញគេហៅវាថា Refractory Ulcers។ ហេតុផលដែលធ្វើអោយដំបៅនេះមិនអាចជាមាន៖
•មិនប្រើថ្នាំតាមគោលដៅត្រឹមត្រូវ
•បាក់តេរី H. Pylori ស៊ាំនឹងអង់ទីបីយ៉ូទិច
•ជក់បារីជាប្រចាំ
•ប្រើថ្នាំបំបាត់ការឈឺចាប់ដែលធ្វើអោយប្រឈមកាន់តែខ្ពស់នឹងការដំបៅក្រពះ
អ្វីដែលមិនសូវមានចំពោះដំបៅមិនជាគឺ៖
•ជំងឺ Zollinger-Ellison Syndrome ដែលធ្វើអោយក្រពះផលិតអាស៊ិតច្រើនពេក
•មានការបង្ករោគច្រើនជាងទៀត
•មហារីកក្រពះ
•មានជំងឺផ្សេងទៀតដែលធ្វើអោយឈឺចាប់ដូចការមានដំបៅក្រពះ និងពោះវៀនតូច ដូចជា Crohn’s Disease។
ការព្យាបាលចំពោះដំបៅមិនជាជាទូទៅត្រូវលុបបំបាត់កត្តាទាំងឡាយណាដែលរំខានដល់ការជារបស់វា ជាមួយនឹងការប្រើថ្នាំអង់ទីបីយ៉ូទិចផ្សេង៕