បញ្ហាស្ទះសសៃឈាមអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺស្ទះសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។ ដូច្នេះហើយទើបអ្នកមិនគួរមើលរំលងបញ្ហានេះឡើយ! បញ្ហាស្ទះសសៃឈាមជាញឹកញយបណ្ដាលមកពីរបៀបនៃការរស់នៅមិនត្រឹមត្រូវដោយសារកង្វះសកម្មភាពរាងកាយ និងរបបអាហារគ្មានសុខភាពល្អ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឱ្យសសៃឈាមរួមតូចកកស្ទះបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ! អាហារមួយចំនួនមានប្រសិទ្ធភាពលាងសម្អាតសសៃឈាមបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. ផ្លែទទឹម
អាហារមួយប្រភេទទៀតដែលអាចការពារសសៃឈាមមិនឱ្យស្ទះបាន គឺផ្លែទទឹម។ ផ្លែឈើនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបង្កផលប៉ះពាល់ផ្សេងៗក្នុងរាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មពន្លឿនការផលិតសមាសធាតុធម្មជាតិ nitric oxide បង្កើនលំហូរឈាមដោយរក្សាសសៃឈាមមិនឱ្យស្ទះ និងស្រឡះគ្រប់ពេល។ លើសពីនេះទៅទៀតទទឹមក៏អាចបន្ថយបរិមាណនៃស្រទាប់ខ្លាញ់ដែលជាប់នឹងជញ្ជាំងសសៃឈាមផងដែរ។
២. ខ្ទឹមស
ខ្ទឹមសត្រូវបានគេប្រើជាយូរមកហើយដើម្បីព្យាបាលបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ការទទួលទានខ្ទឹមសជាប្រចាំក៏ជាវិធីដ៏ប្រសើរបំផុតមួយដ់ម្បីរក្សាសសៃឈាមមិនឱ្យស្ទះផងដែរ។ ក្រៅពីជួយទប់ស្កាត់ឈាមមិនឱ្យឡើងខាប់, ខ្ទឹមសថែមទាំងជួយបញ្ចុះកូឡេស្តេរ៉ូលទៀតផង។
៣. ត្រីសាលម៉ុន
មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ ខ្ពស់ល្អសម្រាប់រក្សាសុខភាពបេះដូង។ បន្ថែមពីនេះអាស៊ីតខ្លាញ់ DHA និង EPA នៃត្រីសាលម៉ុនអាចបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងលំហូរឈាម និងកម្ចាត់កូឡេស្តេរ៉ូលមិនល្អ។ ដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានត្រីសាលម៉ុនស្រស់ៗឱ្យបាម ៣ដងរាល់សប្តាហ៍។
៤. រមៀត
ការរួមបញ្ចូលរមៀតក្នុងរបបអាហារក៏ល្អដើម្បីសម្អាតសសៃឈាមគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែរមៀតជាប្រភពនៃសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អមិនឱ្យប្រមូលផ្ដុំក្នុងសសៃឈាម។ សារធាតុ curcumin ក៏មានប្រសិទ្ធភាពពង្រាវឈាមផងដែរ។
៥. ប្រេងអូលីវ
មានផ្ទុកសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរីនិងសមាសធាតុផ្សេងទៀតដែលជះឥទ្ធិពលលើមុខងារសសៃឈាម។ ប្រេងអូលីវមានផ្ទុកសារធាតុ polyphenols និងអាស៊ីតខ្លាញ់ល្អ monounsaturated ជួយបន្ថយបរិមាណនៃកូឡេស្តេរ៉ូលមិនល្អ ខណៈពេលបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ។ ខណៈពេលគ្មានកូឡេស្តេរ៉ូលមិនល្អប្រមូលផ្ដុំនៅជញ្ជាំងសសៃឈាម នោះឈាមដែលដឹកនាំអុកស៊ីសែននឹងហូរបានយ៉ាងប្រសើរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕