ទោះបីឧស្សាហ៍ទទួលទានញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលមិនធ្លាប់ដឹងទេថា ម្រេចខ្មៅអាចប្រើដោះស្រាយបញ្ហាសម្រស់បាន។ ខាងក្រោមវេបសាយ Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ម្រេចខ្មៅថែរក្សាសម្រស់ ៖
១. កម្ចាត់កោសិកាស្បែកងាប់ៗ
ម្ដង ឬពីរដងក្នុងមួយសប្តាហ៍ អ្នកគួរខាត់ស្បែកថ្នមៗដើម្បីរក្សាបាននូវភាពភ្លឺទន់រលោងស្រស់ស្អាត។ វិធីដ៏ល្អបំផុតមួយដើម្បីខាត់ស្បែកដោយមិនបាច់ចំណាយប្រាក់នោះ គឺតាមរយៈការប្រើប្រាស់ម្រេចខ្មៅម៉ដ្ឋនិងយ៉ាអួរសុទ្ធ។ ក្នុងមួយស្លាបព្រាបាយនៃយ៉ាអួរស៊ុទ្ធ ចូរបន្ថែមម្រេចខ្មៅម៉ដ្ឋកន្លះស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមប្រើប្រាស់ម្រាមដៃលាបល្បាយនេះម៉ាស្សាថ្នមៗលើស្បែកមុខ។ ចូរប្រយ័ត្នកុំឱ្យចូលភ្នែក! ក្រោយរយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
២. កម្ចាត់ស្នាមជ្រីវជ្រួញលើស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្រេចខ្មៅម៉ដ្ឋកន្លះស្លាបព្រាកាហ្វេជាមួយយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយ។ កូរឱ្យសព្វមុនលាបល្បាយថ្នមៗលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។ មិនត្រូវអនុវត្តលើសពី ២ដងក្នុងមួយសប្តាហ៍ឡើយ។
៣. ធ្វើឱ្យមុនក្រៀម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្រេចខ្មៅម៉ដ្ឋក្នុងបរិមាណស្មើគ្នាជាមួយទឹកដែលចម្រាញ់ចេញពីផ្កាកុលាប។ កូរឱ្យសព្វ សឹមប្រើប្រាស់បន្ទះសំឡីជ្រលក់លាបទឹកល្បាយលើមុន និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានអារម្មណ៍ដូចឈឺឆៀបៗ ចូរប្រញាប់លាងសម្អាតចេញជាមួយទឹកធម្មតាភ្លាម។
៤. កម្ចាត់អង្គែ
ប្រសិនបើអ្នកកំពុងជួបប្រទះនូវបញ្ហាអង្គែ, ម្រេចខ្មៅ គឺជាការព្យាបាលដ៏ប្រសើរបំផុត។ បន្ថែមម្រេចខ្មៅម៉ដ្ឋ ១ស្លាបព្រាកាហ្វេជាមួយយ៉ាអួរ ១ចានគោម និងកូរឱ្យសព្វ សឹមលាបលើស្បែកក្បាល។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ។ កុំប្រើប្រាស់សាប៊ូកក់សក់ ត្រូវរងចាំរហូតដល់ថ្ងៃបន្ទាប់សិន។ អ្នកមិនគួរប្រើប្រាស់ម្រេចខ្មៅច្រើនពេកឡើយ ខណៈដែលគ្រឿងផ្សំនេះអាចធ្វើឱ្យស្បែកក្បាលរលាក។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕