ជំងឺរលាកស្រោមបេះដូងគឺជាការឡើងហើម និងរលាកស្រោមបេះដូង (ជាភ្នាស់ថងដ៏ស្តើងមួយសំរាប់ព័ទ្ធជុំវិញបេះដូង) ។ ការរលាកស្រោមបេះដូងច្រើនបង្កអោយមានការឈឺដើមទ្រូង និងពេលខ្លះបង្កអោយមានរោគសញ្ញាផ្សេងៗទៀត ។ ការរលាកស្រោមបេះដូងជាធម្មតាកើតឡើងភ្លាមៗ និងរយៈពេលខ្លី ។

នៅពេលរោគសញ្ញាមានការវិវត្តន៍បន្តិចម្តង់ៗ ឬនៅជាប់រហូត ការលាក់ស្រោមបេះដូងនេះត្រូវបានចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ ។ ការឈឺដើមទ្រូងជាលក្ខណៈដូចមុតអាចកើតឡើងនៅពេលដែលមានការរលាកដល់ស្រទាប់ទាំងពីរបស់ស្រោមបេះដូងនៅពេលកកិតគ្នា ។
ក្នុងករណីស្រាលប្រហែលជាការឈឺចាប់នោះនឹងបាត់វិញដោយខ្លួនឯង ។ ចំពោះករណីធ្ងន់ធ្ងរត្រូវតែមានការព្យាបាលដោយការប្រើថ្នាំ និងអ្វីដែលជាលក្ខណៈកម្រគឺវះកាត់ ។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលាប្រហែលជាអាចជួយកាត់បន្ថយការប្រឈមនឹងផលវិបាករយៈពេលវែងបាន ។
រោគសញ្ញា
ចំពោះការរលាកស្រោមបេះដូងស្រួចស្រាវជាធម្មតាកើតឡើងតិចជាងពីរបីសប្តាហ៍ ហើយករណីរ៉ាំរ៉ៃវិញច្រើនតែ ៦ខែឡើងទៅ ។
ប្រសិនបើអ្នកមានបញ្ហារលាកស្រោមបេះដូងស្រួចស្រាវ រោគសញ្ញាដែលច្រើនតែកើតមានបំផុតគឺការឈឺជាលក្ខណៈមុត ឬពឺតនៅខាងក្រោយឆ្អឹងជំនីដើមទ្រូងខាងឆ្វេង ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនដែលមានបញ្ហារលាកស្រោមបេះដូងស្រួចស្រាវច្រើនប្រាប់ពីសញ្ញារបស់ពួកគេថាមានការឈឺទ្រូងដូចជាណែនៗ រមាស់ ឬមានសម្ពាធអ្វីមួយ ហើយការឈឺនោះមានភាពប្រែប្រួលទៅតាមមនុស្សម្នាក់ៗ ។
ការឈឺចាប់ដោយសារការរលាកស្រោមបេះដូងស្រួចស្រាវប្រហែលជារាលដាលទៅដល់ស្មា និងកខាងឆ្វេងទៀតផង ។ វាច្រើនតែឈឺខ្លាំងនៅពេលអ្នកដេក ឬដកដង្ហើមជ្រៅ ។ ការក្អក ដកដង្ហើមជ្រៅ ឬការលេបចំណីអាហារក៏ប្រហែលជាធ្វើអោយឈឺចាប់កាន់តែខ្លាំង ។ ការអង្គុយនៅស្អៀមច្រើនតែអាចបំបាត់ការឈឺចាប់បាន ។ វាប្រហែលជាមានការពិបាកក្នុងការញែកអោយដាច់រវាងការឈឺស្រោមបេះដូងពីការឈឺបណ្តាលមកពីការគាំងបេះដូងណាស់ ។
ការរលាកស្រោមបេះដូងរ៉ាំរ៉ៃជាធម្មតាមានការទាក់ទងនឹងការរលាក់រ៉ាំរ៉ៃ និងមកពីការដកទឹកក្នុងស្រោមបេះដូង (Pericardial Effusion) ។ រោគសញ្ញាភាគច្រើននៃការរលាកស្រោមបេះដូងរ៉ាំរ៉ៃគឺឈឺទ្រូង ។
យោងទៅតាមប្រភេទ និងរោគសញ្ញានៃការរលាកស្រោមបេះដូងប្រហែលជាមានបញ្ហាមួយចំនួនដូចខាងក្រោមនេះ៖
– ការឈឺមានសភាពដូចជាមុតនៅចំកណ្តាល ឬផ្នែកខាងឆ្វេងនៃទ្រូង
– ពិបាកដកដង្ហើមនៅពេលតម្រេតខ្លួន
– មិនសូវក្តៅខ្លួនខ្លាំង
– អ្វីៗទាំងអស់គឺខ្សោយ អស់កម្លាំង ឬមានអារម្មណ៍ថាមានជំងឺ
– ក្អកស្ងួត
– ហើមពោះ ឬជើង
ពេលដែលត្រូវជួបគ្រូពេទ្យ
ចូរស្វែងរកសេវាថែទាំវេជ្ជសាស្ត្រអោយបានលឿនបំផុតប្រសិនបើអ្នកកើតមានរោគសញ្ញាថ្មីក្រៅពីឈឺទ្រូង ។
រោគសញ្ញាជាច្រើនរបស់ការរលាកស្រោមបេះដូងមានសភាពស្រដៀងគ្នានឹងសញ្ញានៃជំងឺបេះដូង និងសួតដែរ ។ កាលណាដែលអ្នកមានការវាយតម្លៃកាន់តែឆាប់ ការទទួលបាននូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវក៏កាន់តែលឿនដែរ ។ ឧទាហរណ៍ ថ្វីបើមូលហេតុនៃការឈឺទ្រូងអាចប្រហែលជាការរលាក់ស្រោមបេះដូងក៏ពិតមែន តែមូលហេតុពិតប្រាក់ក៏អាចជាការគាំងបេះដូង ឬការមានកំនកឈាមក្នុងសួតដែរ (Pulmonary Embolus) ៕