បញ្ហាស្បែកគ្រើមៗដូចស្បែកមាន់មែនទេ? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់បញ្ហាស្បែកគ្រើមៗដូចស្បែកមាន់ ៖
១. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ប្រេងអូលីវបន្តិចលាបម៉ាស្សាលើតំបន់ស្បែកដែលមានបញ្ហាដើម្បីរក្សាសំណើម។ វាក៏មានផ្ទុកសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយផងដែរក្នុងការទប់ស្កាត់បញ្ហាពកល្អិតដូចស្បែកមាន់លើស្បែកកមិនឱ្យកើតឡើងផងដែរ។
២. ប្រេងដូង
ភាពស្ងួតខ្លាំងអាចធ្វើឱ្យបញ្ហាស្បែកឡើងគ្រើមដូចមាន់កាន់តែធ្ងន់ធ្ងរជាងមុន។ ក្រោយពេលងូតទឹករួច ចូរលាបម៉ាស្សាប្រេងដូងមួយស្រទាប់ស្ដើងលើស្បែក-ក។ ការធ្វើបែបនេះនឹងជួយរក្សាសំណើមស្បែក ហើយប្រេងដូងក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកអាចសង្គ្រោះរន្ធរោមលើស្បែក-កកុំឱ្យស្ទះ។
៣. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចប្រើប្រាស់ដុំសំឡីជ្រលក់លាបទឹកល្បាយលើស្បែកដែលមានបញ្ហា។ លាងសម្អាតចេញក្រោយរយៈពេលពី ២ ទៅ ៣នាទី។ ប្រសិនបើល្បាយនេះធ្វើឱ្យស្បែកឡើងក្រហម និងឈឺឆៀប ចូរបន្ថែមទឹកឱ្យច្រើនបន្តិច។
៤. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ជាមួយទឹកធម្មតាឱ្យជាល្បាយខាប់ៗ រួចសឹមលាបម៉ាស្សាលើស្បែកដែលមានបញ្ហា។ លាងសម្អាតចេញ និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើម។ អនុវត្តត្រឹមម្ដង ឬ ២ដងក្នុងមួយសប្តាហ៍បានហើយ។
៥. ម្សៅស្រូវសាឡីម៉ដ្ឋ ( Ground Oatmeal )
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅស្រូវសាឡីម៉ដ្ឋជាមួយទឹកក្ដៅឧណ្ហៗបន្តិចឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបម៉ាស្សាលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ កុំខាត់ច្រើនដងពេកក្នុងមួយសប្តាហ៍ ត្រឹមតែម្ដង ឬ ២ដងបានហើយ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕