បញ្ហារមាស់ពងបែកលើម្រាមដៃនិងបាតដៃមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់ជាមួយបញ្ហានេះ ៖
១. ស្អំត្រជាក់និងសើម
អ្នកអាចបំបាត់អាការៈឈឺចាប់និងរមាស់ភ្លាមៗបានដោយគ្រាន់តែប្រើប្រាស់ការស្អំតំបន់ស្បែកដែលមានបញ្ហាជាមួយភាពសើមត្រជាក់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំកូនកន្សែងស្អាតតូចមួយក្នុងទឹកត្រជាក់។ បន្ទាប់មកពូតទឹកចេញខ្លះ និងរមូរឱ្យស្អាត រួចដាល់ស្អំលើពងបែក។ អ្នកអាចអនុវត្តរូបមន្តនេះបានជាច្រើនដងក្នុងមួយថ្ងៃ ឬនៅពេលចាំបាច់។
២. ងូតទឹកត្រជាក់
នេះក៏ព្រោះតែភាពស្ត្រេសក៏ជាកត្តាមួយដែលអាចនាំបញ្ហានេះឱ្យកើតមានឡើង ហើយការងូតទឹកត្រជាក់ជាគន្លឹះដ៏ងាយបំផុតមួយដើម្បីដោះស្រាយ។ អ្នកក៏អាចគេងត្រាំទឹកត្រជាក់បានផងដែរ។ វាមិនមែនជាគំនិតល្អទេក្នុងការងូតទឹកក្ដៅ ឬត្រាំទឹកក្ដៅ ខណៈដែលវាអាចនាំឱ្យស្បែកស្ងួត។ ជាលទ្ធផលស្ថានភាពនៃពងបែកតូចៗទាំងនោះនឹងធ្ងន់ធ្ងរឡើង។
៣. ជែលប្រទាលកន្ទុយក្រពើ
ការលាបជែលប្រទាលកន្ទុយក្រពើលើពងបែកអាចផ្ដល់អារម្មណ៍ធូរស្រាលយ៉ាងឆាប់រហ័ស។ នេះក៏ព្រោះតែប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងបាក់តេរីដែលល្អណាស់សម្រាប់ទប់ទល់នឹងបញ្ហាពងបែកលើម្រាមដៃនិងបាតដៃ។ ប្រសិនបើគ្មានជែលប្រទាលកន្ទុយក្រពើទេ អ្នកក៏អាចប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើសុទ្ធលាបលើពងបែកបានផងដែរ។
៤. ប្រើប្រាស់ផលិតផលរក្សាអនាម័យផ្ទាល់ខ្លួនដែលមានកម្រិតស្រាល
ផលិតផលដែលធ្វើឡើងពីគ្រឿងផ្សំកម្រិតខ្លាំងអាចនាំឱ្យពងបែកលើម្រាមដៃនិងបាតដៃមានលក្ខណៈធ្ងន់ធ្ងរឡើង។ អ្នកគួរប្រើប្រាស់ផលិតផលរក្សាអនាម័យ ឬលាងសម្អាតស្បែកណាដែលមានកម្រិតស្រាល។
៥. រក្សាសំណើមស្បែកដៃ
ការដែលមានស្បែកស្ងួត គឺមិនល្អឡើយ ព្រោះវាអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ជាងមុន។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកដៃដែលមានគុណភាពល្អសាកសមនឹងប្រភេទស្បែករបស់អ្នកជាប្រចាំផង។
៦. ដាច់ខាតកុំអេះ
ការអេះអាចបង្កឱ្យរបួសឆ្លងមេរោគបានយ៉ាងងាយ។ អ្នកក៏គួរកាត់តម្រឹមក្រចកដៃ និងឧស្សាហ៍លាងសម្អាតឱ្យបានញឹកញាប់ផង។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានគ្រីមលាបការពារការរមាស់ខ្លាំងភ្ញាក់ដឹងខ្លួននៅពេលយប់ផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕