ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌មួយ ដែលមនុស្សគ្រប់រូបអាចធ្វើបាន និង មានតម្លៃធំធេង ក្នុងការជួយដល់អាយុជីវិតមនុស្សម្នាក់ ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់។ ប៉ុន្តែតើអ្នកមានដឹងទេ វា ក៏បានផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ដល់អ្នកបរិច្ចាគបានដែរ?
ការបរិច្ចាគឈាម ជាសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលណាម្នាក់ ក្នុងការអនុញ្ញាតអោយឈាមរបស់គេត្រូវបានបង្ហូរចេញពីរាងកាយ វាពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ជាងអ្វីដែលអ្នកគួរ បារម្ភ និង ភ័យខ្លាច។ ភាគច្រើន សកម្មភាពនេះ ត្រូវបានធ្វើឡើង ក្នុងរូបភាពជាសកម្មភាពមនុស្សធម៌ បើទោះជាមាន មនុស្សមួយចំនួនតូច ធ្វើវាដើម្បីតែប្រាក់ ឬ ជាការដោះដូរនឹងលក្ខខណ្ឌអ្វីមួយនោះ ។ នៅក្នុង ប្រទេសអាមេរិក ជារៀងរាល់ ២វិនាទី តែងមានជនរងគ្រោះ ដែលត្រូវការ ការបញ្ចូលឈាមជា ចាំបាច់ ហើយការបរិច្ចាគឈាមរបស់អ្នកម្តង គឺអាចជួយសង្គ្រោះ ជីវិតមនុស្ស បានដល់៣នាក់ ។ ឈាម ដែលបានបរិច្ចាគទាំងនេះ ត្រូវបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីទុកជាការប្រើប្រាស់ សម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះ ដែលត្រូវការ ការបញ្ចូលឈាមជាចាំបាច់។
ទំនាក់ទំនងរវាងការបរិច្ចាគឈាម និង ការស្តុកទុកជាតិដែក
ការបរិច្ចាគឈាម គឺជាវិធីដ៏ប្រសើរបំផុត ក្នុងការកាត់បន្ថយបរិមាណនៃជាតិដែក ដែលបានប្រមូលផ្តុំ នៅក្នុងរាងកាយរបស់យើង ។ បើទោះជាជាតិដែក គឺជាសមាសធាតុដ៏ចាំបាច់ ក៏កម្រិតច្រើនលើសលុបរបស់ វាអាចនឹង ភ្ញោចទៅដល់ ការកកើតនៃពពួករ៉ាឌីកាល់សេរី ដែលអាចនឹង បំផ្លាញទៅដល់ ជាលិការបស់ រាងកាយ។ ពពួករ៉ាឌីកាល់សេរីទាំងនេះ ក៏អាចមានទំនាក់ទំនងផងដែរ ទៅនឹងជំងឺមហារីក ។ កម្រិតជាតិដែក ដ៏លើសលុបទាំងនេះ ក៏អាចនាំអោយមាននូវ អុកស៊ីតកម្មនៃកូឡេស្តេរ៉ូល ដែលនឹង ប៉ះពាល់ផងដែរ ចំពោះ សសៃអាទែរបស់បេះដូង ។ ការស្តុកទុករបស់ជាតិដែក នៅក្នុងជាលិកា ដោយសារតែមេតាបូលីស មានមុខងារមិនត្រឹមត្រូវ គឺត្រូវបានគេហៅថាជា ជំងឺ Hemochromatosis ។ ជំងឺនេះ គឺអាចបំផ្លាញដល់ សិរីរៈសំខាន់ៗជាច្រើន នៅក្នុងរាងកាយ មានដូចជា៖ លំពែង, ក្រលៀន ។ល។ វាក៏អាចបណ្តាល អោយអ្នកជំងឺមាន ជំងឺទឹកនោមផ្អែម , ជំងឺថ្លើម និង ជំងឺបេះដូងបានទៀតផងដែរ ។ ការបរិចា្ចគឈាមជាទៀងទាត់ គឺអាច ជួយលៃតម្រូវ កម្រិតជាតិដែក នៅក្នុងខ្លួនរបស់អ្នកបរិច្ចាគ ។ ការសិក្សាស្រាវជ្រាវ ក៏បាន បង្ហាញទៀតផងដែរថា ការបរិច្ចាគឈាមជាប្រចាំ ក៏អាចផ្តល់អត្ថប្រយោជន៍ទៅដល់ ប្រព័ន្ធដកដង្ហើម ក៏ដូចជាកាត់បន្ថយបានដែរ នូវអត្រាប្រឈមនឹងជំងឺបេះដូង ។
អត្ថប្រយោជន៍ចំពោះសុខភាព
ការបរិច្ចាគឈាម ក៏អាចជួយបញ្ចេញនូវ ចំនួនកាឡូរីដែលលើស និង កាត់បន្ថយកម្រិតកាឡូរីនៅក្នុងឈាមបានផងដែរ។ បន្ទាប់ពីការបរិច្ចាគឈាម នោះចំនួននៃកោសិកា គ្រាប់ឈាមក្រហមនៅក្នុងរាងកាយ នឹងមានការធ្លាក់ចុះ ។ ស្ថានភាពនេះ នឹងជម្រុញអោយខួរឆ្អឹងធ្វើការផលិត នូវកោសិកាឈាម ថ្មីក្រហមស្រស់ ដើម្បីជំនួសចំនួនកោសិកាឈាម ដែលបាត់បង់ក្នុងអំឡុងពេលនៃការបរិច្ចាគឈាមនេះ ។
ចំណុចគួរពិចារណាមុនពេលអ្នកបរិច្ចាគឈាម
ទម្រង់ការនៃការបរិច្ចាគឈាម រួមមាននូវការពិនិត្យសុខភាពជាទូទៅ របស់អ្នកបរិច្ចាគដោយមិនគិតថ្លៃ ។ មុនពេលដែលឈាមរបស់អ្នកត្រូវបានបូម ដោយក្រុមគ្រូពេទ្យ អ្នកត្រូវបានស្នើរសុំអោយធ្វើតេស្តពិនិត្យ កម្រិតអេម៉ូក្លូប៊ីន នៅក្នុងឈាមជាមុនសិន ។ ប្រសិនបើវាត្រូវបានគេរកឃើញថា ទាបជាង ១២,៥ g/ dL នោះវានឹងមិនមានសុវត្ថិភាព សម្រាប់អ្នកក្នុងការបរិច្ចាគឈាមនោះទេ តាមដែលវានឹងអាចធ្វើអោយ អ្នក បរិច្ចាគ អាចមានភាពស្លេកស្លាំង។ ក្រៅពីនេះទៀត អ្នកបរិច្ចាគ ក៏ត្រូវបានធ្វើការពិនិត្យសម្ពាធឈាម និង ទម្ងន់រាងកាយផងដែរ។ ជាករណីចាំបាច់ អ្នកក៏ត្រូវធ្វើការពិនិត្យរកពីវត្តមានរបស់ជំងឺទាំង ៥មានដូចជា ៖ ជំងឺរលាកថ្លើម ប្រភេទ B និង C , ជំងឺស្វាយ, ជំងឺអេដស៍ និង ជំងឺគ្រុនចាញ់។ ចំពោះអ្នកបរិច្ចាគទាំងឡាយណា ដែលមានផ្ទុកនូវជំងឺណាមួយក្នុងចំណោម ជំងឺទាំង ៥ខាងលើនេះ គឺនឹងមិនទទួលបាននូវ ការអនុញ្ញាតអោយបន្តទម្រង់ការ នៃការបរិច្ចាគឈាមនេះ តទៅទៀតនោះទេ ។
គុណវិបត្តិនៃការបរិច្ចាគឈាម
វាគ្មានផលជាអវិជ្ជមានធ្ងន់ធ្ងរណាមួយចំពោះ ការបរិច្ចាគឈាមនេះទេ ។ តែទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៃការធ្លាក់ចុះនូវ កម្រិតឈាម អាចនឹងកើតមាន នៅក្នុងករណីមួយចំនួន ។ អ្នកបរិច្ចាគ អាចនឹង មានអាការៈវិលមុខ ក្នុងរយៈពេលខ្លីមួយ ។ ក្នុងករណីដ៏កម្រ គឺអ្នកបរិច្ចាគអាចនឹងមានការក្អួត ឬ សន្លប់ ដែលជាធម្មតា វាជាប្រតិកម្មដ៏ធ្ងន់ធ្ងរនៃការបរិច្ចាគឈាម។
កាលពីច្រើនឆ្នាំមុន កន្លងមកនេះ ការបរិចា្ចគឈាម ត្រូវបានគេចាត់ទុកថា ជាទម្រង់ការដ៏គ្រោះថា្នក់មួយ ។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យា និង ឧបករណ៍ទំនើបនាពេលបច្ចុប្បនេះ ទាំងអ្នកបរិច្ចាគ និង អ្នកទទួល គឺគ្មានរងនូវការគំរាមកំហែងផ្នែកសុខភាពទៀតឡើយ។
សរុបមកការបរិច្ចាគឈាម មិនត្រឹមតែជាអំពើមនុស្សធម៌ដែលអាចជួយដល់អាយុជីវិតរបស់អ្នកដទៃបាននោះទេ តែវាក៏បានផ្តល់នូវអត្ថប្រយោជន៍ចំពោះខ្លួនយើងម្នាក់ៗបានផងដែរ ៕