ភ្នែកស្ងួតកើតឡើងនៅពេលដែលភ្នែកមិនបានផលិតទឹកភ្នែកគ្រប់គ្រាន់ដើម្បីរក្សាសំណើម។ បញ្ហានេះច្រើនកើតឡើងចំពោះស្ត្រី ជាពិសេសក្រោយពេលលែងមានរដូវ។ នៅពេលមនុស្សយើងកាន់តែចាស់ទៅ យើងផលិតទឹកភ្នែកកាន់តែតិច។
វេជ្ជបណ្ឌិត អានី សាមើស៍ (Anne Sumers) និយាយថា “ភាពស្ងួតនៃភ្នែកគឺបញ្ហាទូទៅ”។ ពាក់កណ្តាលនៃមនុស្សដែលមានអាយុលើសពី ៤០ឆ្នាំ នឹងជួបប្រទះបញ្ហាស្ងួតភ្នែកនេះក្នុងទម្រង់ណាមួយ មិនថាវាកើតឡើងមួយពេលៗ ឬឧស្សាហ៍កើតនោះទេ។ គាត់និយាយថា ភាពស្ងួតភ្នែកគឺជាផ្នែកមួយនៃការវិវត្តន៍ទៅភាពចាស់។
ការព្រិចភ្នែករបស់អ្នកអាចបង្កើតឱ្យមានស្រទាប់តគ្នាបីជាន់នៃទឹក ប្រេង និងរំអិល។ នៅអាយុប្រហែល ៤០ឆ្នាំ ក្រពេញទឹកភ្នែកចាប់ផ្តើមបន្ថយដំណើរការ ដែលផលិតជាតិទឹកសម្រាប់ការពារភ្នែកទាំងនេះបានកាន់តែតិច។ បញ្ហានេះកាន់តែអាក្រក់ចំពោះស្ត្រីក្រោយពេលលែងមានរដូវព្រោះការផ្លាស់ប្តូរអរម៉ូនធ្វើឱ្យក្រពេញបញ្ចេញសារធាតុទាំងនេះស្ងួត ដែលរួមទាំងទឹកភ្នែកផងដែរ។
បញ្ហាភ្នែកស្ងួតគឺជាពាក្យសាមញ្ញសម្រាប់ហៅបញ្ហាការរលាកដែលបង្ករឱ្យមានអាការៈដូចជា ភ្នែកឡើងក្រហម ក្តៅភ្នែក រមាស់ ហូរទឹកភ្នែក និងឆាប់ប្រតិកម្មទៅនឹងពន្លឺ។ បើទោះជាធម្មតាវាបង្ករឡើងដោយសារភាពចាស់ក៏ដោយ ប៉ុន្តែភ្នែកស្ងួតក៏អាចបណ្តាលមកពីបញ្ហាបរិយាកាស របួសត្រូវភ្នែក ឬបញ្ហាសុខភាពទូទៅផងដែរ។ កម្តៅព្រះអាទិត្យ ខ្យល់ ភាពត្រជាក់ កម្តៅក្នុងផ្ទះនិងម៉ាស៊ីនត្រជាក់ ការសម្លឹងមើលអេក្រង់កុំព្យូទ័រ និងការស្ថិតនៅខ្ពស់ជាងកម្ពស់ទឹកសមុទ្រខ្លាំងក៏អាចធ្វើឱ្យអ្នកមានបញ្ហាស្ងួតភ្នែកដែរ។
ក្រៅពីស្ត្រីលែងមានរដូវ អ្នកដែលងាយនឹងមានអាការៈស្ងួតភ្នែកមានដូចជា អ្នកពាក់កញ្ចក់កែវភ្នែក អ្នកធ្លាប់ធ្វើការវះកាត់កែវភ្នែក និងអ្នកដែលមានជំងឺសន្លាក់និងជំងឺទឹកនោមផ្អែម។ វេជ្ជបណ្ឌិត ស្តេហ្វឹន ហ្លាក់ហ្វេឌើរ (Stephen C. Pflugfelder) និយាយថា ថ្នាំមួយចំនួនដូចជា ថ្នាំបំបាត់ការហើម (decongestant) ថ្នាំប្រឆាំងការបញ្ចេញអ៊ីស្តាមីន ថ្នាំ diuretic ថ្នាំស្ពឹក ថ្នាំសម្រាប់ជំងឺបេះដូង ថ្នាំព្យាបាលដំបៅ និងថ្នាំព្យាបាលតាមគីមី សុទ្ធតែអាចកាត់បន្ថយការផលិតទឹកភ្នែក និងបង្ករឱ្យមានអាការៈស្ងួតភ្នែក។
មិនថាភ្នែករបស់អ្នកស្ងួតក្នុងកម្រិតណានោះទេ អ្នកអាចធ្វើឱ្យទឹកភ្នែកហូរតាមធម្មតាវិញ តាមវិធីសាស្ត្រខាងក្រោម៖
ស្អំក្រណាត់ក្តៅសើមៗ៖ ប្រសិនបើភ្នែករបស់អ្នកឆាប់ស្ងួត អ្នកគួរយកក្រណាត់ក្តៅសើមៗមកស្អំលើត្របកភ្នែករបស់អ្នក ៥ ទៅ ១០នាទី ហើយរក្សាធ្វើបែបនេះពីរឬបីដងក្នុងមួយថ្ងៃ ព្រោះវាអាចជួយបង្កើនការហូរទឹកភ្នែកបាន។
ប្រើក្រមួន៖ ដើម្បីទប់ទល់នឹងករណីដែលភ្នែករបស់អ្នកស្ងួតខ្លាំងមិនអាចទ្រាំបាននៅពេលដែលអ្នកគេង អ្នកគួរប្រើក្រមួនដាក់ភ្នែកនៅពេលចូលគេងដើម្បីជួយបំបាត់ការឈឺចាប់។ ក្រមួនទាំងនេះរួមមាន ជែលប្រេង (petroleum jelly) និងប្រេងខនិជ។ ពួកក្រមួនមានប្រសិទ្ធយូរជាងពពួកទឹកថ្នាំបន្តក់។
ដើម្បីលាបក្រមួននេះ អ្នកត្រូវទាញត្របកភ្នែកខាងក្រោមចុះក្រោម ហើយភ្នែកសម្លឹងទៅលើ បន្ទាប់មកយកក្រមួនបន្តិចលាបនៅត្រង់ចន្លោះភ្នែកនិងត្របកភ្នែក។ បន្ទាប់មកព្រិចភ្នែកដើម្បីឱ្យក្រមួនលាបសព្វពេញភ្នែក។ វាអាចធ្វើឱ្យភ្នែករបស់អ្នកស្រវាំងបន្តិច ដូច្នេះអ្នកគួរតែប្រើវានៅពេលដែលអ្នករៀបចូលគេង។
ឈប់ប្រើកញ្ចក់កែវភ្នែកសិប្បនិម្មិត៖ ប្រសិនបើអ្នកមានអារម្មណ៍ថាភ្នែកស្ងួតឬរោល អ្នកគួរដោះកញ្ចក់កែវភ្នែកសិប្បនិម្មិតនោះចេញ។ កញ្ចក់កែវភ្នែកសិប្បនិម្មិតគឺជាអេប៉ុង ហើយវាអាចស្រូបយកទឹកភ្នែកធម្មជាតិនិងទឹកភ្នែកដែលយើងបន្តក់ទៅ។ នៅពេលដែលទឹកភ្នែកមានក្នុងភ្នែកកាន់តែតិច កញ្ចក់កែវភ្នែកសិប្បនិម្មិតនឹងធ្វើឱ្យភ្នែករបស់អ្នកកាន់តែស្ងួត រោល ឆាប់ប្រតិកម្មនឹងពន្លឺ និងឡើងក្រហម។
ដូច្នេះអ្នកគួរឈប់ប្រើកែវភ្នែកសិប្បនិម្មិតជាបណ្តោះអាសន្ន ហើយឧស្សាហ៍ប្រើទឹកថ្នាំបន្តក់ភ្នែក នោះភ្នែករបស់អ្នកនឹងបានប្រសើរជាងមុន។
ប្រើវ៉ែនតា៖ ដោយសារតែខ្យល់និងកម្តៅព្រះអាទិត្យអាចធ្វើឱ្យភ្នែករបស់អ្នកកាន់តែស្ងួត ដូច្នេះអ្នកគួរប្រើវ៉ែនតាការពារកម្តៅថ្ងៃ ឬវ៉ែនតាដែលមានស៊ុមធំៗដែលអាចការពារភ្នែករបស់អ្នកល្អ។
មិនត្រូវឱ្យកម្តៅឬខ្យល់ត្រជាក់ប៉ះត្រូវភ្នែក៖ កម្តៅឬខ្យល់ម៉ាស៊ីនត្រជាក់ប្រហែលជាអ្វីដែលធ្វើឱ្យរាង្គកាយរបស់អ្នកមានអារម្មណ៍ល្អ ប៉ុន្តែប្រសិនបើខ្យល់ឬកម្តៅនោះប៉ះត្រូវនឹងភ្នែករបស់អ្នកផ្ទាល់ វាអាចធ្វើឱ្យភ្នែករបស់អ្នកកាន់តែស្ងួត។ ប្រសិនបើអ្នកមានភ្នែកស្ងួត ហើយអ្នកនៅជិតម៉ាស៊ីនត្រជាក់ អ្នកត្រូវបែរឱ្យខ្យល់បាញ់ចុះក្រោម។
ខ្យល់ធម្មជាតិ៖ បើកបង្អួចរបស់អ្នក ដើម្បីឱ្យខ្យល់ធម្មជាតិចេញចូលបានស្រួល។ វាអាចធ្វើឱ្យសំណើមដែលយើងត្រូវការមានច្រើននៅក្នុងបន្ទប់ដែលយើងនៅ ដែលអាចជួយដល់ភ្នែករបស់អ្នកបាន។
ផ្សាភ្ជាប់ទៅនឹងធម្មជាតិ៖ អ្នកគួរទិញរុក្ខជាតិតូចៗដាក់ក្នុងបន្ទប់ ត្រង់កន្លែងដែលអ្នកឧស្សាហ៍ចំណាយពេល ព្រោះវាអាចជួយបង្កើនភាពសំណើមក្នុងបន្ទប់របស់អ្នក។
ជៀសវាងកំហុសឆ្គងទូទៅ៖ មនុស្សជាច្រើននៅពេលដែលភ្នែករបស់ពួកគេចាប់ផ្តើមស្ងួតនិងរមាស់ ពួកគេច្រើនតែប្រញាប់ទៅទិញថ្នាំប្រឆាំងការបញ្ចេញអ៊ីស្តាមីនភ្លាមៗ ប៉ុន្តែថ្នាំនេះធ្វើឱ្យភ្នែករបស់អ្នកដែលកំពុងតែស្ងួតនឹងស្ងួតកាន់តែខ្លាំងជាងមុន។
ព្រិចភ្នែកឱ្យបានច្រើន៖ វេជ្ជបណ្ឌិត ហ្វីលីព ខាលេនដា (Phillip J. Calenda) និយាយថា ប្រសិនបើការងាររបស់អ្នកគឺជាការងារដែលត្រូវអង្គុយសម្លឹងមើលអេក្រង់កុំព្យូទ័រយូរ អ្នកត្រូវឧស្សាហ៍ព្រិចភ្នែករបស់អ្នក។ អ្នកអាចធ្វើឱ្យសំណើមក្នុងភ្នែកហួតទៅកាន់តែលឿនដោយការសម្លឹងមើលអេក្រង់កុំព្យូទ័រយូរពេក និងមិនបានព្រិចភ្នែកតាមដែលអ្នកគួរព្រិច។ ការសម្រាករយៈពេល ៥នាទី ពីការមើលអេក្រង់កុំព្យូទ័រហើយសម្លឹងមើលទៅកាន់ទីឆ្ងាយដោយមិនសម្លឹងមើលសៀវភៅឬរបស់អ្វីដែលនៅជិតខ្លួន អាចជួយឱ្យភ្នែករបស់អ្នកព្រិចកាន់តែច្រើន។
រក្សាកម្ពស់ក្បាលឱ្យស្មើ៖ ដាក់អេក្រង់កុំព្យូទ័រឱ្យស្មើនឹងភ្នែករបស់អ្នក ដូច្នេះភ្នែកអ្នកនឹងសម្លឹងត្រង់ឬសម្លឹងចុះបន្តិចទៅអេក្រង់កុំព្យូទ័រ។ ប្រសិនបើភ្នែករបស់អ្នកសម្លឹងឡើងលើ នោះមានន័យថាភ្នែករបស់អ្នកបើកកាន់តែធំដែលធ្វើឱ្យសំណើមស្ងួតកាន់តែលឿន។