បច្ចុប្បន្នមានមនុស្សជាច្រើនដែលប្រឈមមុខនឹងបញ្ហាភាពតានតឹងឬស្ត្រេសដែលបង្ករមកពីមូលហេតុផ្សេងៗគ្នា។ តើអ្នកគួរធ្វើយ៉ាងណាប្រសិនបើអ្នកប្រឈមមុខនឹងបញ្ហានេះដែរ?ខាងក្រោមនេះគឺជាការណែនាំដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់អ្នក។
១. ឆ្លៀតពេលទៅបន្ទប់ទឹក
បន្ទប់ទឹកក្នុងភាសាអង់គ្លេសហៅថាrestroomដែលមានមូលហេតុមួយដែលគេហៅវាបែបនេះ៖ គឺមិនថានៅផ្ទះឬនៅកន្លែងធ្វើការនោះទេវាគឺជាកន្លែងមួយដែលមិនមាននរណាម្នាក់ទៅរំខានអ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាការងាររបស់អ្នកច្រើនខ្លាំងជ្រុលពេកអ្នកអាចឆ្លៀតម៉ោងកំពុងធ្វើការ ៥នាទី ដើម្បីទៅសមាធិក្នុងបន្ទប់ទឹក។ ចូរដកដង្ហើមចូលទៅក្នុងពោះរបស់អ្នកហើយផ្តោតអារម្មណ៍ទៅលើការដកដង្ហើមរបស់អ្នក។ ការស្រាវជ្រាវបង្ហាញថាការសមាធិរបស់អ្នកអាចបង្កើនសមត្ថភាពប្រមូលផ្តុំអារម្មណ៍បាន។
២. ៥នាទី មុនពេលកំណត់
មនុស្សគ្រប់គ្នាសុទ្ធតែដឹងពីអារម្មណ៍នៅពេលដែលអ្នកកំពុងតែយឺតម៉ោងហើយត្រូវជាប់ក្នុងការស្ទះចរាចរណ៍ ខ្ញុំជឿថាអ្នករាល់គ្នាប្រាកដជាក្រលេកមើលនាឡិការៀងរាល់ ៣០វិនាទី ដោយអារម្មណ៍អន្ទះអន្ទែង។ ដូច្នេះចូរផ្តល់ពេលវេលាបន្ថែមដល់ខ្លួនអ្នកមិនថាទៅកន្លែងណាក៏ដោយ។ ការទៅដល់កន្លែងមុនម៉ោងកំណត់នឹងជួយបំបាត់ភាពស្ត្រេសរបស់អ្នកដោយការផ្តល់ឲ្យអ្នកនូវពេលវេលាបន្ថែមសម្រាប់គ្រប់គ្រងពេលវេលានិងការប្តេជ្ញាចិត្តរបស់អ្នក។
៣. បញ្ឈប់ការពិសារទឹកដែលបង្កើនភាពស្ត្រេស
ជាការពិតណាស់ថាការពិសារស្រាក្រឡុកបន្តិចបន្តួចអាចធ្វើឲ្យអារម្មណ៍ធូរស្បើយ ប៉ុន្តែជាតិអាល់កុលក៏បានរារាំងខួរក្បាលរបស់អ្នកពីការចូលទៅក្នុងដំណាក់កាលនៃការគេងដ៏លង់លក់បំផុត។ ការគេងនិងភាពស្ត្រេសមានទំនាក់ទំនងគ្នាយ៉ាងរមួត៖ ជំងឺស្ត្រេសរ៉ាំរ៉ៃអាចធ្វើឲ្យអ្នកគេងមិនលក់នៅពេលយប់ ហើយការគេងមិនបានគ្រប់គ្រាន់ក៏អាចបង្ករឲ្យជំងឺស្ត្រេសរបស់អ្នកកាន់តែវិវត្តន៍។ ចូរដាក់កំហិតខ្លួនអ្នកមិនឲ្យទទួលទានជាតិសុរាច្រើនជាងមួយកែវនោះទេក្នុងយប់។
៤. ការហាត់ប្រាណ
ស្ត្រេសធ្វើឲ្យរាង្គកាយរបស់អ្នកបញ្ចេញនូវអរម៉ូនពីរប្រភេទគឺអរម៉ូនcortisol និងអរម៉ូនអាដ្រេលីន។ អរម៉ូនទាំងពីរនេះធ្វើឲ្យរាង្គកាយរបស់អ្នកស្ថិតក្នុងស្ថានភាពមួយដែលបង្កើនកម្រិតថាមពលនិងបង្ករឲ្យបេះដូងរបស់អ្នកលោតញាប់ហើយសាច់ដុំឡើងរឹង។ ការហាត់ប្រាណអាចជួយឲ្យអ្នកកាត់បន្ថយអាការៈទាំងនោះ។ ការហាត់ប្រាណបានល្អក៏ជួយបង្កើននូវកម្រិតនៃអរម៉ូនអង់ដូហ្វីនដែលជាអរម៉ូនធ្វើឲ្យអារម្មណ៍ល្អបានផងដែរ។
៥. សើចឲ្យបានច្រើន
ក្រុមអ្នកស្រាវជ្រាវនិយាយថា គ្រាន់តែការសើចក៏អាចជួយធ្វើការផ្លាស់ប្តូរវិជ្ជមានដល់សុខភាពរបស់អ្នកបានដែរ។ ការសើចជួយកាត់បន្ថយកម្រិតអរម៉ូនស្ត្រេសដែលត្រូវបានភ្ជាប់ទៅនឹងបញ្ហាដូចជាភាពធាត់ជ្រុលជំងឺបេះដូង ។ល។
៦. រីករាយជាមួយនឹងមិត្តភក្តិ
ការចូលរួមភាពរីករាយជាមួយមិត្តភក្តិជួយបញ្ចេញអរម៉ូនoxytocin ដែលជាអរម៉ូនអាចជួយទប់ស្កាត់អរម៉ូនស្ត្រេសនិងបន្ទាបសម្ពាធឈាម។ មិនថាអ្នកចំណាយពេលជាមួយនរណានោះទេ គ្រាន់តែដឹងថាអ្នកមិននៅម្នាក់ឯងក៏អាចជួយអ្នកក្នុងការទប់ស្កាត់ស្ត្រេសបានដែរ៕