ទើបញ៊ាំហើយសោះ ស្រាប់តែឃ្លានទៀត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលបង្កបញ្ហានេះ ៖
១. មិនញ៊ាំបន្លែបៃតង
មិនសូវចូលចិត្តញ៊ាំបន្លែបៃតងមែនទេ? បើដូច្នោះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយនៅពេលអ្នកឃ្លានញ៊ាំសឹងតែ ១០ដងក្នុងមួយថ្ងៃ។ នេះក៏ព្រោះតែរបបអាហារខ្វះជាតិសសៃអាចធ្វើឱ្យអ្នកឆាប់ឃ្លាន។ ការទទួលទានអាហារសម្បូរជាតិសសៃមិនត្រឹមតែជួយឆាប់ឆ្អែតនិងឆ្អែតបានយូរប៉ុណ្ណោះទេ ប៉ុន្តែក៏ព្យាបាល ឬទប់ស្កាត់បញ្ហាទល់លាមក, ជាតិស្ករក្នុងឈាមឡើងខ្ពស់, សម្ពាធឈាមឡើងខ្ពស់ និងកូឡេស្តេរ៉ូលឡើងខ្ពស់ផងដែរ។
២. ខ្វះប្រូតេអ៊ីន
ប្រូតេអ៊ីន គឺល្អណាស់សម្រាប់អ្នកដែលចង់កសាងសាច់ដុំគ្មានខ្លាញ់។ ថាតើអ្នកធ្លាប់ដឹងទេថា វាក៏ជាដំណោះស្រាយដ៏ល្អបំផុតមួយសម្រាប់អ្នកដែលីកំពុងព្យាយាមកាត់បន្ថយអាហារដើម្បីស្រកទម្ងន់ដែលលើស? ប្រូតេអ៊ីនត្រូវការពេលយូរដើម្បីរំលាយ ហើយនេះជាអ្វីដែលធ្វើឱ្យអ្នកឆ្អែតបានយូរ។ បន្ថែមពីនេះប្រូតេអ៊ីនមិនមែនមានតែនៅក្នុងសាច់ប៉ុណ្ណោះទេ បន្លែមួយចំនួនរួមមានសណ្ដែក, គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនផងដែរ។
៣. ញ៊ាំស្ករច្រើនពេក
ស្ករក៏អាចនាំឱ្យអ្នកមានអារម្មណ៍ញៀនខ្លាំងដែរ! នេះហើយជាមូលហេតុដែលធ្វើឱ្យអ្នកចេះតែមានអារម្មណ៍ឃ្លានចន្លោះពេលពី ២ ទៅ ៣នាទីក្រោយទើបនឹងទទួលទានអាហារផ្អែមៗ ឬស្កររួច។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមកម្រិតការទទួលទាន ឬប្រើប្រាស់ស្កររបស់អ្នក។ ក្រៅពីឈឺធ្មេញ ការទទួលទានស្ករច្រើនអាចនាំឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បង្កើនហានិភ័យនៃជំងឺជាច្រើនរួមបញ្ចូលទាំងទឹកនោមផ្អែម, ជំងឺបេះដូង និងសូម្បីតែជំងឺមហារីក។
៤. ស្ត្រេសខ្លាំង
ថាតើអ្នកកំពុងរស់នៅក្នុងជីវិតដែលពោរពេញដោយភាពស្ត្រេសមែនទេ? នោះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយប្រសិនបើអ្នកចេះតែមានអារម្មណ៍ចង់ញ៊ាំអាហារសម្បូរខ្លាញ់ ឬផ្អែមៗ។ យោងតាមអ្នកជំនាញសុខភាពជាច្រើនបានឱ្យដឹងថា ភាពស្ត្រេសខ្លាំងអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមដែលជាអ្វីមួយនាំឱ្យឃ្លានមិនឈប់។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថា អ្នកបានព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសតាមរយៈវិធីសាស្ត្រផ្សេងៗ និងមិនរំលងសកម្មភាពណាដែលអាចជួយកាត់បន្ថយស្ត្រេស។
៥. ខ្សោះជាតិទឹកក្នុងរាងកាយ
ប្រសិនបើអ្នកទើបនឹងទទួលទានច្រើនឆ្អែតហើយសោះ ស្រាប់តែឃ្លានទៀតនោះអ្នកប្រហែលជាកំពុងស្រេកទឹក។ ទទួលទានទឹកធម្មតា ១ កែវ ហើយរងចាំបន្តិច។ ប្រសិនបើអារម្មណ៍ឃ្លានបាត់ថយចុះនោះមួយស្របក់ទៀតអ្នកនឹងឈប់ឃ្លានតែម្ដង។ ជម្រើសដ៏ប្រសើរបំផុត គឺហ្វឹកហាត់រាងកាយឱ្យទទួលទានទឹកច្រើននៅពេលព្រឹក និងកន្លះម៉ោងមុនរាល់ពេលអាហារ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕