ទោះបីជាស្គាល់ និងឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ផ្លែឈើមួយចំនួនអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះស្បែក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីប្រភេទនៃផ្លែឈើដែលជួយឱ្យស្បែកភ្លឺរលោងក្មេងជាងវ័យ ៖
១. ផ្លែក្រូច
មានផ្ទុកសម្បូរដោយវីតាមីន C ដែលចាំបាច់សម្រាប់ការសម្អាតជាតិពុលនិងភាពកខ្វក់ពីក្នុងរាងកាយ។ ជាលទ្ធផលក៏អាចជួយឱ្យស្បែកមានភាពប្រសើរឡើង ហើយរក្សាបាននូវភាពស្រស់ថ្លានិងសុខភាពល្អទាំងខាងក្នុងនិងខាងក្រៅ។ ផ្លែក្រូចក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល beta-carotene ជួយការពារកោសិកាស្បែកមិនឱ្យរងការបំផ្លាញ ជាពិសេសរ៉ាឌីកាល់សេរី ព្រមទាំងទប់ស្កាត់សញ្ញានៃភាពចាស់តាមវ័យផងដែរ។
២. ទំពាំងបាយជូរ
ផ្លែឈើនេះល្អណាស់សម្រាប់ទាំងស្បែកនិងសុខភាពរាងកាយ។ វាត្រូវបានចាត់ទុកថាជាអាហារជួយបន្សុទ្ធឈាមតាមរយៈការសម្អាតឈាមនិងការពារស្បែកពីបញ្ហាស្ងួតស្រអាប់។ សមាសធាតុសំខាន់មួយទៀតនៃផ្លែទំពាំងបាយជូរនោះ គឺ polyphenols ដែលត្រូវបានរកឃើញក្នុងគ្រាប់នៃផ្លែឈើនេះមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីកម្ម។ ជាលទ្ធផលជួយការពារស្បែកមិនឱ្យរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីនិងពន្យឺតដំណើរការនៃភាពចាស់តាមវ័យ។
៣. ផ្លែទទឹម
មានផ្ទុកសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពន្យឺតដំណើរការនៃភាពចាស់តាមវ័យ។ បន្ថែមពីនេះវាក៏ជាប្រភពដ៏ប្រសើរនៃសមាសធាតុ phytoestrogens ដែលមានសមត្ថភាពដូចនឹងអ័រម៉ូន estrogen ដើម្បីធ្វើឱ្យផ្នែកទទួលអ័រម៉ូននេះក្នុងរាងកាយមានភាពសកម្ម។ អ័រម៉ូន estrogen ដើរតួនាទីយ៉ាងសំខាន់ក្នុងការរំញោច fibroblasts ដែលជួយបង្កើតកូឡាជែននិង hylauronic acid ដែលធ្វើឱ្យស្បែកតឹងណែន។
៤. ក្រូចឆ្មារ
មានផ្ទុកអង់ស៊ីម, ស្ករ និងអាស៊ីតផ្លែឈើដែលជួយកម្ចាត់កោសិកាងាប់ៗពីស្បែក។ វាក៏ជួយរក្សាចរន្តឈាមរត់ត្រឹមត្រូវដែលចាំបាច់សម្រាប់រក្សាភាពភ្លឺរលោងបែបធម្មជាតិនៃស្បែក។ ក្រូចឆ្មារក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីផងដែរ។ ក្រៅពីទទួលទាន អ្នកថែមទាំងអាចប្រើប្រាស់ក្រូចឆ្មារសម្រាប់ធ្វើឱ្យកែងដៃនិងក្បាលជង្គង់ដែលខ្មៅប្រែជាសបែបធម្មជាតិទៀតផង។ អ្វីដែលត្រូវធ្វើ គឺគ្រាន់តែហាន់ក្រូចឆ្មារ រួចយកមកដុសខាត់ថ្នមៗលើតំបន់ស្បែកដែលមានបញ្ហា។ អនុវត្តជាប្រចាំដើម្បីឱ្យពណ៌ស្បែកស្រាលជាងមុន។
៥. ផ្លែប៉ោម
ជាប្រភពដ៏ប្រសើរនៃជាតិសសៃ pectin ចាំបាច់សម្រាប់កម្ចាត់មុន។ តាមរយៈការទទួលទានផ្លែប៉ោមជាប្រចាំ, បញ្ហាស្បែកជ្រីវជ្រួញក៏ត្រូវបានគ្រប់គ្រងផងដែរ។ ផ្លែឈើនេះដើរតួនាទីយ៉ាងល្អជាផលិតផលលាងសម្អាតមុខបែបធម្មជាតិ។ អាស៊ីតធម្មជាតិនៃផ្លែឈើនេះជួយកម្ចាត់ជាតិប្រេងដែលលើសពីស្បែកនិងទប់ស្កាត់មុន, មុនក្បាលស និងមុនក្បាលខ្មៅ។ ការលាបល្បាយទឹកផ្លែស្រស់លាយទឹកដោះគោនិងទឹកឃ្មុំនឹងផ្ដល់ឱ្យអ្នកនូវស្បែកដែលតឹងណែនទន់រលោងមានពន្លឺបែបធម្មជាតិ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕