ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា អាហារមួយចំនួនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំគួរឱ្យកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកនេះ ៖
១. ប៉េងប៉ោះ
នេះក៏ព្រោះតែប៉េងប៉ោះជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ។ ដើម្បីទទួលបានសារធាតុ lycopene កាន់តែច្រើនពីប៉េងប៉ោះ ចូរចម្អិនវាមុនពេលទទួលទាន។
២. រមៀត
ជាប្រភពនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងទប់ស្កាត់ការលូតលាស់កោសិកាមហារីកមិនឱ្យលេចឡើងក្នុងពោះវៀនធំ។
៣. ប្រេងអូលីវ
មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលអ្នកជំនាញភាគច្រើនណែនាំឱ្យបន្ថែមប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ។
៤. បន្លែបៃតង
របបអាហារមានជាតិសសៃខ្ពស់អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំគួរឱ្យកត់សម្គាល់។ នេះហើយទើបអ្នកចាំបាច់គួររួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ ខណៈដែលអាហារនេះមានផ្ទុកសម្បូរដោយជាតិសសៃខ្ពស់។ បន្ថែមពីនេះជាតិសសៃជួយកម្ចាត់ជាតិពុល និងកាកសំណល់ពីក្នុងពោះវៀនធំផងដែរ។
៥. សណ្ដែក
ជាតិសសៃអាចជួយកម្ចាត់សមាសធាតុពុលមុនពេលវាមានឱកាសបង្កបញ្ហាដល់ពោះវៀនរបស់អ្នក។ សណ្ដែក គឺជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃ ព្រមទាំងសារធាតុ folate ជួយជួសជុល DNA មិនប្រក្រតីក្នុងពោះវៀនធំមុនពេលវាវិវត្តន៍ទៅជាជំងឺមហារីក។
៦. ផ្លែឈើ
ពិតណាស់របបអាហារប្រចាំថ្ងៃរបស់អ្នកមិនគួរខ្វះផ្លែឈើឡើយ ប្រសិនបើអ្នកចង់ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ។ ផ្លែឈើជាប្រភពដ៏ប្រសើរនៃជាតិសសៃ, សារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារពោះវៀនពីគ្រោះថ្នាក់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕