ការមានថ្ពាល់ក្រហមបែបស៊ីជម្ពូ មិនមែនជាបញ្ហាទេសម្រាប់ស្ត្រីភាគច្រើន ជាពិសេសពេលត្រូវចូលរួមពិធីជប់លៀង ឬជួបជុំមិត្តភក្តិតែម្តង។ ប៉ុន្តែផលិតផលកែសម្ផស្សជាច្រើន មានជាតិគីមីដែលមានឥទ្ធិពលអវិជ្ចមានដល់ស្បែកអ្នកដែរ។ ដូច្នេះតើអ្នកចង់ដឹងអំពីរបៀបធ្វើយ៉ាងណាឱ្យថ្ពាល់ក្រហមស៊ីជម្ពូ បែបធម្មជាតិដែរឬទេ?
គ្រប់គ្រងការខឹង និងស្ត្រេស
ចង់បានសម្រស់ស្បែកស្រស់ស្អាតបែបធម្មជាតិត្រូវតែធ្វើយ៉ាងណាលុបបំបាត់ស្ត្រេស និងការខឹងឱ្យ បាន។ ចូរព្យាយាមតាំងសមាធិ ឬហាត់ក្បាច់យូហ្គា។ ការគេងគឺជារឿងសំខាន់មួយដែលត្រូវធ្វើដែរ ព្រោះបើសិនជាអ្នកសម្រាកមិនបានគ្រប់គ្រាន់ទេ អ្នកនឹងរងភាពតានតឹងកាន់តែច្រើន ហើយក៏ពិបាកបន្សាបវាវិញណាស់ដែរ។ ចូរសម្រាកឱ្យបានគ្រប់គ្រាន់ ដូច្នេះអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយពេលភ្ញាក់ពីគេង។ ស្បែកនឹងប្រែទៅជាស្រស់ស្អាតបែបធម្មជាតិតាមគ្នាដែរ។ ក្រៅពីនេះ នៅពេលសម្រាក ស្បែកនឹងចេញជាតិប្រេងដែលនឹងជួយសម្អាតស្បែកពេលកំពុងសម្រាក។
វីតាមីន E និង C
វីតាមីនទាំងនេះអាចជួយឱ្យស្បែកលូតលាស់តាមបែបធម្មជាតិ។ ស្ថិតក្នុងករណីដែលអ្នកឃើញបបូរមាត់ទៅជាស្ងួត ឬស្បែកមុខស្ងួតជាងធម្មតានោះ វាអាចបញ្ជាក់បានថា រាងកាយកំពុងតែខ្វះវីតាមីន C និង E ហើយ។ ដូច្នេះអ្នកគួរតែពិភាក្សាជាមួយអ្នកជំនាញថែរក្សាសម្រស់ថាគួរប្រើថ្នាំបំប៉នវីតាមីន E និង C បែបណា។
អ្នកក៏អាចប្រើសម្បកផ្លែក្រូចដែលសម្បូរវីតាមីន C កិនចូលគ្នាជាមួយថ្នាំគ្រាប់វីតាមីន E រួមគ្នានឹងក្រែមទឹកដោះគោដែរ។ ចូរយកល្បាយនេះលាបលើមុខរយៈពេល២០នាទី ហើយចាំលាងសម្អាតវិញជាមួយទឹកក្តៅឧណ្ហៗ។
របបអាហារមានតុល្យភាព និងសុខភាព
ចូរញ៉ាំអាហារសម្បូរសារធាតុ Carotenoid ដែលមានក្នុងផ្លែក្រូច, ផ្លែឈើ ឬបន្លែពណ៌ក្រហម និង លឿង។ ដូច្នេះអ្នកគួរតែញ៉ាំអាហារណាដែលមានពណ៌ចម្រុះដូចជា ប៉េងប៉ោះ ការ៉ុតជាដើម។
ស្ករ
ចូរប្រើស្ករសម៉ាស្សាលើស្បែកថ្ពាល់ដែលមានសំណើមរយៈពេល៣ ទៅ៤នាទីសិនចាំលាងវាចេញ។ ការធ្វើបែបនេះក៏ជួយឱ្យថ្ពាល់មើលទៅឡើងពណ៌ស៊ីជម្ពូដែរក្នុងរយៈពេលពីរបីសប្តាហ៍៕