ស្បែកមុខរបស់មនុស្សគ្រប់រូបមិនដូចគ្នាទេ អ្នកខ្លះមានស្បែករលោង អ្នកខ្លះមានស្បែកស្ងួត អ្នកខ្លះមានស្បែកគ្រើម ដូចនេះបើអ្នកមានស្បែកគ្រើម អ្នកគួរតែរកមូលហេតុដើម្បីអាចការពារស្បែកអ្នកមិនឱ្យមានអាការៈគ្រើមទៀត។ ដូចនេះតើមានសកម្មភាពអ្វីខ្លះដែលអាចធ្វើឱ្យស្បែកអ្នកគ្រើមនោះ?
ភាពគ្មានលំនឹងនៃទឹក និងខ្លាញ់លើមុខ
នៅពេលដែលមុខអ្នកខ្វះជាតិទឹកខ្លាំង ហើយគ្មានសំណើម ថែមទាំងមានលក្ខណៈស្ងួត ម្យ៉ាងទៀតមិនមានខ្លាញ់សូម្បីតែបន្តិច នោះស្បែកអ្នកនឹងគ្រើមជារៀងរហូត។
អាយុច្រើន
នៅពេលដែលអ្នកមានអាយុកាន់តែច្រើន ហើយអ្នកមិនចេះថែរក្សាស្បែកបានល្អ នោះស្បែកអ្នកងាយនឹងមានលក្ខណៈគ្រើមខ្លាំងណាស់ ដោយសារតែវាចាស់តាមអាយុអ្នកដូចគ្នា។
អាកាសធាតុប្រែប្រួល
នៅពេលដែលអាការធាតុប្រែជាត្រជាក់ នោះស្បែកអ្នកនឹងអាចប្រែទៅតាមអាកាសធាតុដូចគ្នា វាអាចប្រែជាគ្រើម ដោយសារតែអាកាសធាតុគ្មានសំណើមគ្រប់គ្រាន់ នោះស្បែកអ្នកនឹងស្ងួតដូចគ្នា។
គេងមិនគ្រប់ ហើយនឿយហត់ខ្លាំង
នៅពេលដែលអ្នកគេងមិនគ្រប់ម៉ោង ហើយចូលគេងយប់ជ្រៅ ហើយក្រោកពីព្រលឹម នោះស្បែកអ្នកងាយនឹងមានអាការៈគ្រើម និងស្ងួតខ្លាំងណាស់ ព្រោះការចូលគេងយប់ជ្រៅនេះ មិនត្រឹមតែបំផ្លាញស្បែកអ្នកទេ ថែមទាំងអាចបំផ្លាញសុខភាពអ្នកទៀតផង នេះជាចំនុចដែលអ្នករាល់គ្នាដឹងគ្រប់គ្នា ម្យ៉ាងទៀតបើអ្នកធ្វើការច្រើន ហើយហត់ខ្លាំង នោះស្បែកអ្នកនឹងគ្រើមដូចគ្នា។
ស្រកទម្ងន់
នៅពេលដែលអ្នកចង់ស្រកទម្ងន់ នោះអ្នកនឹងមិនបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ ដោយសារតែអ្នកចង់មានរាងស្អាត ដូចនេះអ្នកនឹងមិនបរិភោគគ្រប់គ្រាន់ឡើយ ដូចនេះវានឹងអាចប៉ះពាល់ដល់ស្បែកអ្នកណាស់ ជាហេតុដែលអាចធ្វើឱ្យវាគ្រើមយ៉ាងងាយ។
ទម្លាប់មិនល្អក្នុងការរស់នៅ
នៅពេលដែលមនុស្សម្នាក់មានទម្លាប់មិនល្អក្នុងការរស់នៅ នោះវាមិនត្រឹមតែអាចបំផ្លាញស្បែកនោះទេ ថែមទាំងអាចបំផ្លាញអ្វីទាំងអស់ទៀតផង ជាពិសេសសុខភាព។
ការប្រើគ្រឿងសម្អាងដែលមិនត្រូវនឹងស្បែក
ថ្វីត្បិតតែការប្រើប្រាស់គ្រឿងសម្អាងផ្សេងៗអាចការពារស្បែកអ្នកឱ្យស្អាត ប៉ុន្តែបើអ្នកប្រើគ្រឿងសម្អាងដែលខុសពីស្បែកមុខអ្នក នោះវាងាយនឹងធ្វើឱ្យស្បែកអ្នកគ្រើមខ្លាំងណាស់ ដូចនេះមុននឹងអ្នកសម្រេចចិត្តប្រើ អ្នកត្រូវតែសាកល្បងជាមុនសិន ទើបវាមិនប៉ះពាល់ដល់ស្បែកអ្នក៕