បន្ទាប់ពីចំណាយពេលពេញមួយថ្ងៃអង្គុយធ្វើការ ឬឈរយូរម៉ោងដោយពាក់ស្បែកជើងកែង, អ្នកប្រាកដជាអាចនឹងមានអារម្មណ៍ថាជើងប្រែជាធ្ងន់និងគ្មានកម្លាំង។ អារម្មណ៍មិនស្រួលនេះអាចបង្កការរំខានជាខ្លាំង ប៉ុន្តែបើចង់បំបាត់ក៏មិនពិបាកដែរ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖
១. រុំជើងជាមួយស្លឹកស្ពៃក្ដោប
បន្ថែមពីជួយឱ្យការរំលាយអាហារមានលក្ខណៈប្រសើរឡើង និងល្អចំពោះបេះដូងហើយនោះ ស្ពៃក្ដោបអាចជួយបំបាត់អារម្មណ៍មិនស្រួលពីការហើមជើងផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជូតស្ពៃក្ដោបប៉ុន្មានសន្លឹកឱ្យស្អាត (កុំលាងជាមួយទឹក) បន្ទាប់មកដាក់ក្នុងទូរទឹកកកឱ្យត្រជាក់ រួចសឹមយកមកបិតស្អំលើជើងដែលហើម ដោយអ្នកអាចប្រើប្រាស់ស្បៃរុំពីលើបាន ប៉ុន្តែកុំរឹតតឹង។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមស្រាយចេញ។ អនុវត្តសារឡើងវិញក្រោយរយៈពេលពី ៣ ទៅ ៤ ម៉ោងប្រសិនបើចាំបាច់។
២. លើកជើងឡើងលើ
ការអង្គុយពេញមួយថ្ងៃនៅតុធ្វើការអាចធ្វើឱ្យឈឺខ្នង និងបង្កការប្រមូលផ្ដុំសារធាតុរាវនៅជើង។ ដើម្បីបំបាត់អាការៈគួរឱ្យរំខាននេះ ចូរលើកជើងដាក់ទប់នឹងជញ្ជាំងមួយស្របក់បន្ទាប់ពីមកដល់ផ្ទះវិញភ្លាម។ វិធីនេះថែមទាំងជួយសម្រួលចរន្តឈាមរត់ធ្វើឱ្យជើងឆាប់ធូរស្បើយយ៉ាងឆាប់។
៣. ហែលទឹក
ជាវិធីដ៏ល្អបំផុតមួយសម្រាប់រក្សារាងស្លីមនិងបន្ថយស្ត្រេសក្រោយពេលរវល់ពេញមួយថ្ងៃបំពេញការងារ។ ហើយប្រសិនបើអ្នកកំពុងជួបប្រទះអាការៈហើមជើងទៀត នោះការហែលទឹក គឺជាវិធីប្រសើរបំផុតមួយដើម្បីបំបាត់ភាពហើមធ្ងន់និងឈឺចាប់នៃប្រអប់ជើង។
៤. ការគេងផ្អៀងទៅឆ្វេង
ការគេងផ្អៀងទៅឆ្វេងអាចជួយកាត់បន្ថយអាការៈហើមធ្ងន់នៃជើង ដោយវាទាញតយកសម្ពាធចេញពីសសៃឈាមធំដែលទទួលខុសត្រូវសម្រាប់ការហូរត្រឡប់នៃឈាមពីផ្នែកខាងក្រោមនៃរាងកាយទៅបេះដូង។ អ្នកក៏អាចប្រើប្រាស់ខ្នើយបន្ថែមដើម្បីទ្រជើងឱ្យរាងខ្ពស់នៅពេលយប់ទប់ស្កាត់អាការៈហើម។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕