ភាគច្រើននៃពួកយើងសុទ្ធតែចង់បានសម្រស់មើលទៅក្មេងជាងវ័យ និងមានអាយុវែងរស់នៅបានយូរបំផុតតាមដែលអាចធ្វើទៅបាន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺរបបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យអ្នករស់នៅបានយូរ និងរក្សាបាននូវស្បែកក្មេងជាងវ័យផងដែរ ។ ខាងក្រោមនេះយើងនឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរឧស្សាហ៍ទទួលទាន ដើម្បីរក្សាបាននូវសាច់ចាំក្មេងជាងវ័យ ៖
១. ខ្ទឹមស
ទោះបីជាអាហារនេះអាចធ្វើឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អ និងពិបាកបំបាត់ ប៉ុន្តែវាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ លក្ខណៈសម្បត្តិប្រឆាំងមេរោគផ្សិតនិងប្រឆាំងបាក់តេរីនៃខ្ទឹមសធ្វើឱ្យអាហារនេះល្អណាស់សម្រាប់ប្រឆាំងជាមួយរោគសញ្ញានៃភាពចាស់តាមវ័យ។ វាក៏រក្សាតុល្យភាពនៃកូឡេស្តេរ៉ូលធ្វើឱ្យចរន្តឈាមរត់មានភាពប្រសើរឡើងនិងគ្រប់គ្រងកម្រិតនៃសម្ពាធឈាម ហើយជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនផងដែរ។
២. ផ្លែបឺរ
មានផ្ទុកជាតិខ្លាញ់សុខភាពល្អដែលធ្វើឱ្យការទទួលផ្លែបឺរ ១ផ្លែក្នុងមួយថ្ងៃជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលនិងផ្ដល់ការគាំទ្រដល់ដំណើរការបង្កើតកោសិកាស្បែកថ្មី។ ផ្លែឈើនេះក៏ផ្ដល់ឱ្យរាងកាយនូវវីតាមីន C, ប៉ូតាស្យូម, សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតហ្វូលិក (folic acid)។
៣. ការ៉ុត
បន្លែមើមនេះមិនត្រឹមតែល្អសម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែសារធាតុ beta-carotene នៃការ៉ុតដែលរាងកាយបំលែងជាវីតាមីន A ក៏ជួយការពារស្បែកពីបញ្ហាលេចឡើងនូវស្នាមជ្រីវជ្រួញមុនវ័យដែលបណ្ដាលមកពីការប៉ះផ្ទាល់នឹងកាំរស្មីយូវីគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាត្រូវចាំថាមិនត្រូវចម្អិនការ៉ុតឆ្អិនពេកទេ ខណៈដែលការធ្វើបែបនេះអាចកាត់បន្ថយបរិមាណនៃសារធាតុចិញ្ចឹមចាំបាច់និងវីតាមីន។
៤. ផ្លែឈើប្រភេទ Citrus
រូមបញ្ចូលទាំងផ្លែក្រូច, ក្រូចឆ្មារ និងក្រូចថ្លុងជាដើមមានផ្ទុកវីតាមីន C និងអាស៊ីតហ្វូលិក ( folic acid) ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលនិងអាស៊ីតអ៊ុយរិកក្នុងឈាម។ ប្រសិនបើអ្នកទទួលទានឱ្យបានទៀងទាត់, វានឹងជួយទប់ស្កាត់បញ្ហាពាក់ព័ន្ធចរន្តឈាមរត់, ស្ថានភាពបេះដូង និងជំងឺដូចជារលាកសន្លាក់ gout។ ការទទួលទានភេសជ្ជៈទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលព្រឹកពោះទទេរជួយសម្អាតពោះវៀននិងបន្សាបជាតិពុលក្នុងរាងកាយ។ បន្ថែមពីនេះរាងកាយនឹងស្រូបយកសារធាតុចិញ្ចឹមរបស់វាមុនគេ ហើយអ្នកនឹងមានសុខភាពល្អសម្រស់ស្រស់ស្អាត។
៥. ប្រេងអូលីវ
ក្រៅពីរួមបញ្ចូលក្នុងរបបអាហារ, អ្នកក៏អាចប្រើប្រាស់ប្រេងអូលីវក្នុងទម្លាប់ថែសម្រស់ប្រចាំថ្ងៃផងដែរ។ វាក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីត alpha-linolenic ដែលជួយរក្សាសំណើមស្បែក និងទប់ស្កាត់ភាពចាស់តាមវ័យ។ អ្នកអាចប្រើប្រាស់ប្រេងអូលីវពី ២ ទៅ ៣ដំណក់លាបម៉ាស្សាជុំវិញភ្នែកនៅពេលយប់មុនចូលគេង។ ការធ្វើបែបនេះនឹងជួយស្បែកទន់រលោងមានសំណើម ហើយកាត់បន្ថយរូបរាងនៃស្នាមខ្សែ។ អ្នកមិនចាំបាច់លាងចេញនោះទេ!
៦. ប៉េងប៉ោះ
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមនិងជាប្រភពដ៏ប្រសើរនៃវីតាមីន A, វីតាមីន C និងអាស៊ីត folic។ បន្ថែមពីនេះសារធាតុ Lycopene នៃប៉េងប៉ោះជួយការពារស្បែកប្រឆាំងកាំរស្មីយូវី, ទប់ស្កាត់បញ្ហាសសៃឈាមបេះដូង និងជំងឺឆ្លងមេរោគផ្សេងៗទៀតផង។ អ្វីដែលអ្នកគួរចាំនោះ គឺសារធាតុ Lycopene ងាយស្រូបយកនៅពេលប៉េងប៉ោះត្រូវបានចម្អិនជាមួយប្រេងអូលីវបន្តិច។
៧. ត្រីសម្បូរខ្លាញ់
រួមបញ្ចូលទាំងត្រីសាលម៉ុន និងត្រីធូណាជាដើមមានផ្ទុកសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយដល់ដំណើរការបង្កើតកោសិកាស្បែកថ្មី ព្រមទាំងគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលទៀតផង។ វាក៏ល្អសម្រាប់ថែរក្សាស្បែកមិនឱ្យទទួលរងការបំផ្លាញអុកស៊ីកកម្មដែលកើតមានដោយសារវ័យ។
៨. រមៀត
វាមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក, ប្រឆាំងការរលាក និងល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ វាក៏ពន្យឺតដំណើរការនៃភាពចាស់តាមវ័យ, ផ្ដល់ឱ្យអ្នកនូវថាមពល និងលើកកម្ពស់អារម្មណ៍ល្អប្រសើរក្នុងកំឡុងពេលស្ត្រេសផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕