មនុស្សយើងភាគច្រើននៅពេលដែលចង់សម្រកទម្ងន់ យកចិត្តទុកដាក់តែលើអាហារមិនបានយកចិត្តទុកដាក់លើភេសជ្ជៈឡើយ។ នេះគឺជាកំហុសមួយ។ ខាងក្រោមនេះគឺជាប្រភេទភេសជ្ជៈដែលមិនល្អសម្រាប់អ្នកសម្រកទម្ងន់។
– កាហ្វេថែមក្រែមឬស្ករ៖ នៅពេលដែលអ្នកបន្ថែមក្រែមឬស្ករទៅក្នុងកែវកាហ្វេរបស់អ្នកកាហ្វេរបស់អ្នកនឹងក្លាយទៅជាភេសជ្ជៈដែលមានជាតិស្ករនិងខ្លាញ់។ កាហ្វេលាយមួយពែងនេះអាចមានកាឡូរីដល់ទៅ ៥៧០ ដែលអាចជាកម្រិតមួយខ្ពស់ជាងកម្រិតកាឡូរីទទួលទានបាយមួយពេលទៀតផង។ ប្រសិនបើអ្នកមិនចូលការពិសារកាហ្វេខ្មៅចូរបន្ថែមទឹកដោះគោដែលគ្មានជាតិខ្លាញ់ ដើម្បីគ្រប់គ្រងកាឡូរីរបស់អ្នក។
– ស្រាក្រឡុក៖ ស្រាខ្លាំងមួយពែងមានកាឡូរីទាបជាងស្រាក្រហមឬស្រាផ្សេងៗ ប៉ុន្តែនៅពេលដែលអ្នកលាយវាជាមួយសូដាឬជាតិក្រែមវានឹងក្លាយទៅជាមានកាឡូរីខ្ពស់។ ស្រាក្រឡុកwhite Russian ដែលលាយជាមួយក្រែមមានកាឡូរីដល់ទៅ ៧១៥។ ជម្រើសដែលមិនសូវមានកាឡូរីគឺលាយស្រាឬវូតកាជាមួយនឹងសូដាសម្រាប់អ្នកសម្រកទម្ងន់។
– ភេសជ្ជៈជំនួយកម្លាំង៖ ភេសជ្ជៈជំនួយកម្លាំងមានបន្ថែមសារធាតុចិញ្ចឹមច្រើនប៉ុន្តែអ្នកអាចទទួលបានវីតាមីន និងសារធាតុខនិជក្នុងកម្រិតដូចគ្នាជាមួយនឹងការទទួលទានអាហារដែលមានកាឡូរីទាប។ អ្នកដែលប្រាកដថាចង់សម្រកទម្ងន់ត្រូវរក្សាជាតិសំណើមដោយពិសារទឹកធម្មតា មិនត្រូវពិសារភេសជ្ជៈជំនួយកម្លាំងនោះទេ លុះត្រាតែអ្នកត្រូវការសារធាតុចិញ្ចឹមបន្ថែមក្រោយពេលហាត់ប្រាណបែកញើសច្រើន។
ខាងក្រោមនេះគឺជាប្រភេទភេសជ្ជៈដែលមិនអាចធ្វើការសន្មតបានថាល្អឬមិនល្អ៖
– ទឹកផ្លែឈើ៖ ទឹកផ្លែឈើមានកាឡូរីច្រើនដូចជាទឹកសូដាដែរបើទោះបីជាវាសម្បូរទៅដោយសារធាតុចិញ្ចឹមក៏ដោយ។ បញ្ហារបស់វាគឺអ្នកចង់បានវីតាមីននិងសារធាតុអង់ទីអុកស៊ីដង់ តែមិនត្រូវការជាតិស្ករបន្ថែម។ វិធីល្អបំផុតគឺ៖ ស្វែងរកទឹកផ្លែឈើដែលសុទ្ធ ១០០%។ ចូរជៀសវាងពិសារទឹកផ្លែឈើដែលមានបន្ថែមរសជាតិផ្អែម។
– ផ្លែឈើក្រឡុក៖ ការក្រឡុកផ្លែចេកស្ត្រប៊ឺរីនិងប្ល៊ូប៊ឺរីជាមួយគ្នាគឺជាទឹកផ្លែឈើក្រឡុកដែលមានឱជារសដ៏ពិសេសហើយថែមទាំងទទួលបានវីតាមីននិងសារធាតុខនិជដែលជួយប្រឆាំងនឹងជំងឺទៀតផង។ ជម្រើសក្រឡុកផ្លែឈើដោយខ្លួនឯងនៅផ្ទះគឺល្អបំផុតនៅពេលដែលគណនាចំនួនកាឡូរី ព្រោះអ្នកអាចគ្រប់គ្រងទៅលើគ្រឿងផ្សំបាន។ ផ្លែឈើក្រឡុកនៅតាមហាងអាចនឹងផ្សំជាមួយនឹងការ៉េមទឹកឃ្មុំឬសារជាតិផ្អែមផ្សេងទៀតដែលបង្កើនកម្រិតកាឡូរីរបស់អ្នក៕