អារម្មណ៍នៃការឈឺចាប់ ឬហឹងក្នុងត្រចៀកក្នុងពេលជិះយន្តហោះ គឺជាប្រតិកម្មដែលកើតឡើងញឹកញាប់មួយដោយសារតែជាការផ្លាស់ប្តូរសម្ពាធក្នុងបរិយាកាស។ តាមពិតទៅ ខ្យល់ក្នុងត្រចៀកកណ្តាលនឹងរត់ទៅក្នុងបំពង់ Eustachian Tube។ បំពង់មួយនេះតភ្ជាប់ច្រមុះជាមួយនឹងត្រចៀកផ្នែកកណ្តាល និងអនុញ្ញាតិឲ្យរាងកាយអាចរក្សាបាននូវតុល្យភាពសម្ពាធខ្យល់យ៉ាងត្រឹមត្រូវទៅលើក្រដាសត្រចៀកទាំងសងខាង។
យោងទៅតាម National Sleep Foundation បានឲ្យដឹងថា ការដែលឧស្សាហ៍ស្ងាប និងលេបទឹកមាត់ក្នុងពេលយន្តហោះហោះឡើង និងចុះដីនឹងជួយឲ្យរាងកាយផ្លាស់ប្តូរសម្ពាធខ្យល់ក្នុងត្រចៀកបាន។ អ្នកក៏អាចទំពារស្ករកៅស៊ូ ឬជញ្ជក់ស្ករគ្រាប់រឹងៗបានដែរ។ បើសិនជាអ្នកមានជំងឺផ្តាសាយ ឬការបង្ករោគនៅប្រហោងឆ្អឹង យកល្អគួរតែលេបថ្នាំបំបាត់ការតឹងច្រមុះសិនមុនពេលជិះយន្តហោះ៕