រន្ទះគឺជាបាតុភូតធម្មជាតិម្យ៉ាង ដែលអាចបង្កើតជាចរន្តអគ្គិសនីបាន នៅពេលដែលមេឃជិត មានភ្លៀងធ្លាក់ ឬ កំពុងភ្លៀង ។ វាអាចផ្តល់គ្រោះថ្នាក់ ដល់អាយុជីវិតរបស់ មនុស្ស ឬ សត្វ និង បំផ្លាញ នូវសំភារៈមួយចំនួនបានផងដែរ ។
អ្នកមិនអាចបឈ្ឈប់វាបាននោះទេ ដូច្នេះដំណោះស្រាយដ៏ល្អបំផុត នៅពេលដែលមេឃជិតធ្លាក់ភ្លៀង ឬ មានផ្គររន្ទះ នោះអ្នកគួរតែប្រញាប់រកវិធីបង្ការខ្លួន អោយបានឆាប់រហ័សតាមដែលអាចធ្វើបាន ។
ខាងក្រោមនេះ គឺជាវិធីបង្ការខ្លួនអ្នកពីរន្ទះ៖
១. ត្រូវចៀសវាង ក្នុងការសិ្ថតនៅក្នុងតំបន់វាលលំហរ មានដូចជាទីវាលស្រែ, ទីធ្លានវាយកូនហ្គោល ឬ កន្លែងចតឡានជាដើម ព្រោះថាវាជាទីកន្លែងដែលអ្នកសិ្ថតនៅខ្ពស់បំផុត បើប្រៀបនឹងវត្ថុផ្សេងៗទៀត ដែលនៅជុំវិញខ្លួន ហើយអ្នកនឹងងាយប្រឈមខ្លាំង នឹងហនិភ័យមួយនេះ ។
២. ត្រូវស្ថិតនៅអោយឆ្ងាយពីលោហធាតុ។ រន្ទះគឺជា បាតុភូត ដែលបង្កើតបានជាចរន្តអគ្គិសនីធម្មជាតិម្យ៉ាង ហើយពពួកលោហធាតុ នឹងធ្វើការចំលងចរន្តនេះបានយ៉ាងល្អ ប្រសិនបើអ្នកស្ថិតនៅក្បែរ ឬ បានកាន់វានោះ ។
៣. ប្រសិនបើមេឃចាប់ផ្តើមមានផ្គររន្ទះ ខណៈពេលដែលអ្នកកំពុងហែលទឹក ឬ ស្ថិតនៅលើទូក នោះអ្នកត្រូវតែប្រញាប់ក្រោកចេញពីអាងហែលទឹក ឬ ស្ថិតនៅលើគោក អោយបានភ្លាមៗ ព្រោះទឹកក៏ជាអ្នកចម្លងចរន្តអគ្គិសីបានល្អផងដែរ។
៤. មិនត្រូវឈរនៅក្រោម វត្ថុដែលខ្ពស់ៗមានដូចជាដើមឈើ ឬ ទួលប៉មនោះទេ ព្រោះថារាល់វត្ថុខ្ពស់ៗ ទាំងនេះ គឺជាគោលដៅចម្លងអគ្គិសនីដ៏ល្អ ហើយចរន្តក៏ឆាប់លោតឆក់មកកាន់អ្នកបានដែរ។
៥. មិនត្រូវធ្វើការបង្ហោះខ្លែងខណៈពេល មេឃមានផ្គររន្ទះជាដាច់ខាត។
៦. មិនត្រូវធ្វើការទទូលឆ័ត្រ ពេលមេឃមានផ្គររន្ទះនោះទេ។ អ្នកអាចនឹងទទឹកខ្លួនជោគ តែយ៉ាងណាវាក៏ល្អជាងការ ដែលអ្នកនឹងស្លាប់ដោយសាររន្ទះបាញ់នោះដែរ។
៧. ព្យាយាមធ្វើការជ្រកក្នុងឡាន ប្រសិនបើអាច។ ឡានគឺជាកន្លែងដ៏មានសុវត្ថិភាព ខណៈពេលដែលមានព្យុះ និង ផ្គររន្ទះ។ បើទោះជាវា ហាក់នឹងចម្លងអគ្គិសនីបានយ៉ាងល្អ ដោយសារតែវាស្រោបនូវលោហធាតុ តែទោះជាយ៉ាងណាក៏ដោយ ចរន្តនោះនឹងឆ្លងតាមបន្ទះឡានផ្នែកខាងក្រៅ ដែលនៅជុំវិញខ្លួនអ្នក និងចូលទៅក្នុងដីតែប៉ុណ្ណោះ ។
៨. ប្រសិនបើអ្នកត្រូវស្ថិតនៅក្នុងទីវាលលំហ ខណៈពេលដែលមេឃកំពុងមានផ្គររន្ទះ នោះអ្នកត្រូវរក កន្លែងដែលមានអន្លង់ ឬ ប្រឡាយដើម្បីអោនក្រាបនៅទីនោះ ប្រសិនបើអាច។ បើមិនដូច្នោះទេ អ្នកត្រូវធ្វើការអោនក្បាលចុះ ដោយដាក់ក្បាលអោយនៅចន្លោះជើងទាំងពីររបស់អ្នក ( តែអ្នកមិនត្រូវដេកក្រាបដោយផ្ទាល់ទៅលើដី ជាដាច់ខាត) ។ អ្នកត្រូវព្យាយាមធ្វើយ៉ាងណា អោយខ្លួនអ្នកស្ថិតនៅរួមតូចបំផុត តាមដែលអាចធ្វើបាន ៕