ប្រសិនបើអ្នក កំពុងតែរងគ្រោះពីបញ្ហាសក់ជ្រុះ នោះអ្វីដែលអ្នកគួរផ្តោតយកចិត្តទុកដាក់មុនគេនោះគឺ ប្រភេទអាហារដែលអ្នកត្រូវទទួលទាន។ ជារឿយៗ មនុស្សភាគច្រើន តែងព្យាយាមចាប់យក ផលិតផលថែទាំសក់ផ្សេងៗយកមកដោះស្រាយបញ្ហានេះ ប៉ុន្តែវាមិនបានផ្តល់ផលជាទីគាប់ចិត្តនោះទេ។ អ្វីដែលសំខាន់នោះគឺ អាហារដែលអ្នកត្រូវទទួលទាន។
វិធីដ៏ប្រសើរបំផុតសម្រាប់អ្នក ក្នុងការ ការពារសក់អ្នកមិនអោយជ្រុះ និង ធ្វើអោយសក់របស់អ្នកដុះបាន យ៉ាងល្អនោះគឺ អ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះរបបអាហារ ដែលអ្នកត្រូវទទួលទាន។
ខាងក្រោមនេះ គឺជាអាហារទាំង ១០ប្រភេទដែលជួយការពារសក់អ្នកមិនអោយជ្រុះ និង ជួយអោយសក់របស់អ្នកដុះបានក្រាស់ល្អ ៖
១. គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្ន គឺជាគ្រាប់ធញ្ញជាតិម្យ៉ាង ដែលសម្បូរទៅដោយសារជាតិ ស័ង្កសី, ម៉ាញ៉េស្យូម, កាល់ស្យូម, ជាតិដែក,បីយ៉ូទីន, ប្រូតេអ៊ីន និង អាស៊ីតខ្លាញ់អូមេហ្គា៦ ។ពពួកសារធាតុចិញ្ចឹមទាំងនេះ គឺពិត ជាអាចការពារអ្នក ពីបញ្ហាជ្រុះសក់បាន តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវបរិភោគវាក្នុងកម្រិតច្រើនជ្រុលពេកនោះទេ ព្រោះថា វាក៏អាចធ្វើអោយសក់របស់អ្នកជ្រុះវិញបានផងដែរ។
២. សណ្តែកដី
សណ្តែកដីគឺមានអត្ថប្រយោជន៍ចំពោះការលូតលាស់របស់សក់ ក៏ដូចជាជួយការពារ នូវបញ្ហាជ្រុះសក់បានផងដែរ។ ប្រភេទសណ្តែកដីផ្សេងៗទៀត មានដូចជា៖ គ្រាប់អាល់មុន, គ្រាប់ស្វាយចាន់ទី, សណ្តែកខៀវ, វ៉ាល់ណាត់ គឺមានផ្ទុកនូវប្រភេទផ្សេងៗជាច្រើន នៃពពួកវីតាមីន, រ៉ែ,ជាតិដែក, ស័ង្កសី, និង ពពួកខ្លាញ់ដែលល្អចំពោះសុខភាព ដែលជួយការពារសក់មិនអោយជ្រុះបានងាយៗ។ ដូច្នេះ ចូរប្រាកដថា អ្នកបានបន្ថែមនូវប្រភេទសណ្តែកដី ទាំងនេះ ចូលទៅក្នុងរបបអាហាររបស់អ្នក អោយបានជាប្រចាំ។
៣. ស៊ុត
ដើម្បីធ្វើអោយសក់របស់អ្នកលូតលាស់បានល្អ ប្រូតេអ៊ីនគឺជាសារធាតុដ៏សំខាន់មួយ ក្នុងការពង្រឹងដល់ ដំណើរការនេះ។ ដូចដែលយើងបានដឹងស្រាប់ហើយថា ស៊ុតគឺជាប្រភពដ៏ល្អនៃពពួកប្រូតេអ៊ីន ហើយវា ក៏មានផ្ទុកផងដែរនូវសារធាតុបីយ៉ូទីន និង វីតាមីន B ដែលជួយទប់ស្កាត់ដល់បញ្ហាជ្រុះសក់។ ដូច្នេះ អ្នកយ៉ាងហោចណាស់ក្នុងមួយថ្ងៃ អ្នកគួរទទួលទានស៊ុត អោយបាន១គ្រាប់។
៤. ស្ពៃខ្មៅ
នេះគឺជាបន្លែដ៏ល្អ ពីព្រោះថាវាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន B,C និង E , កាល់ស្យូម, អាស៊ីតខ្លាញ់អូមេហ្គា៣ , ជាតិដែក និង សម្បូរទៅដោយផងដែរសារធាតុចិញ្ចឹម ព្រមទាំង សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលជួយអោយសក់របស់អ្នក ដុះបានយ៉ាងល្អ។
៥. ការ៉ុត
មនុស្សជាច្រើនសុទ្ធតែបានដឹងហើយថា បន្លែនេះគឺល្អចំពោះការមើលឃើញ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏បានផ្តល់ផលល្អ ផងដែរចំពោះសុខភាពសក់របស់អ្នក។ សារធាតុ បេតាការ៉ូតែន គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ និង អាចជួយធ្វើអោយសសៃសក់របស់អ្នក រឹងមាំបានផងដែរ ។
៦. ដំឡូងជ្វា
ការទទួលទានដំឡូងជ្វាអោយបានទៀងទាត់ គឺជាវិធីដ៏ងាយស្រួលបំផុត ក្នុងការ ការពារបញ្ហាសក់ជ្រុះ។ ប្រសិទ្ធិភាពរបស់វា គឺវាក៏មានផ្ទុកផងដែរនូវសារធាតុបេតាការ៉ូតែន ដែលវានឹងបម្លែងជាវីតាមីន A នៅពេលវាចូលទៅក្នុងខ្លួនយើង ។ វីតាមីន A ក៏ជួយជម្រុញធ្វើអោយកោសិកានិង ជាលិការបស់អ្នក លូតលាស់បានល្អផងដែរ។
៧. សណ្តែកសៀង
វាគឺជាប្រភពដ៏ល្អ នៃពពួកវីតាមីន B, C និង សារជាតិស័ង្កសី ដែលអាចជួយជម្រុញដល់ការលូតលាស់របស់សក់ អោយមានសុខភាពល្អ ហើយអ្វីដែលល្អបំផុតនោះគឺថា វាជាប្រភពដ៏ល្អ នៃពពួកប្រូតេអ៊ីន ដែលមានកាឡូរីទាប និង មានជាតិសសៃច្រើន។
៨. ត្រីសាល់មុន
វាគឺជាប្រភេទត្រីដែលសម្បូរខ្លាញ់ ជាពិសេសគឺអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជួយជម្រុញផងដែរ ដល់ការលូតលាស់របស់សក់អ្នក។ វាក៏មានផ្ទុកផងដែរ នូវ ប្រូតេអ៊ីន និង វីតាមីន B12 ។ ពពួកសារធាតុចិញ្ចឹមទាំងនេះ គឺអាចជួយធ្វើអោយសសៃសក់របស់ដុះបានល្អ និង កាត់បន្ថយនូវបញ្ហាជ្រុះសក់ដ៏ច្រើនរបស់អ្នក។ ចូរប្រាកដថា អ្នកទទួលទាន វាអោយបាន២ដង ក្នុងមួយសប្តាហ៍ ។
៩. សាច់គោ
វាមានផ្ទុកនូវ វីតាមីន B ,ប្រូតេអ៊ីន, ស័ង្កសី និង ជាតិដែកក្នុងបរិមាណមួយដ៏ល្អ។ ក្នុងនោះវាក៏ជួយ អោយសសៃសក់អ្នករឹងមាំ និង មានសុខភាពល្អ។ ដើម្បីទទួលបាននូវលទ្ធផលល្អ អ្នកគួរធ្វើការទទួលទានវា អោយបាន២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
១០. ស្រូវសាឡី
វាក៏មានផ្ទុកផងដែរ នូវសារធាតុចិញ្ចឹមតូចៗជាច្រើន រួមផងដែរនូវវីតាមីន B ,ស័ង្កសី, ប្រូតេអ៊ីន និង ប៉ូតាស្យូម ដែលពួកវាសុទ្ធតែអាចជួយអោយសសៃសក់មានសុខភាពល្អ និង ការពារវាមិនអោយជ្រុះ ៕