រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃទី១០ ខែកុម្ភៈនេះ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងណែនាំឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនលើសពី ០៧នាក់ក្នុងមួយតុ ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ចំពោះទីតាំងដែលប្រមូលផ្ដុំមនុស្សច្រើនជាពិសេស កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្ដុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវណែនាំឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនលើសពី៧នាក់ ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុងតែម្តង ។
សូមបងប្អូនទាំងអស់គ្នា ត្រូវបាញ់អាល់កុល ឬ ជែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើបចេញពីតុ ។
លើសពីនេះទៀត ពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល៤ខែ មិនបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធកម្មពិធីនោះទេ ។
ជាក់ស្តែងថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងអូមីក្រុងរហូតដល់២៦២នាក់ ក្នុងនោះឆ្លងសហគមន៍២២៦នាក់បន្ថែមទៀត ដូច្នេះហើយ សូមបងប្អូនអនុវត្តវិធានការ ៣កុំ និង៣ការពារឲ្យបានល្អ ៕