ជំងឺឬសដូងបាតមានន័យថាជាការរីកប៉ោងនៃសរសៃឈាមវ៉ែននៅផ្នែកខាងក្រោមនៃរុន្ធគូថ ហើយការរីកប៉ោងនេះកើតឡើងដោយសារតែមានសម្ពាធក្នុងសរសៃឈាមនោះកើនឡើង ដែលភាគច្រើនបណ្តាលមកពីការប្រឹងបន្ទោបង់ និងអំឡុងពេលមានផ្ទៃពោះ ព្រោះមានការសង្កត់ពីស្បូន។
ជំងឺត្រូវបានបែងចែកជាពីរប្រភេទ នោះគឺ ឬសដូងបាតខាងក្នុង និងឬសដូងបាតខាងក្រៅ។
ជំងឺឬសដូងបាតខាងក្នុងមានទីតាំងនៅក្នុងរុន្ធគូថតែម្តង ដែលយើងមិនអាចមើលឃើញទេ ព្រមទាំងមិនមានការឈឺ និងបង្កជាការហូរឈាមក្នុងពេលបត់ជើងធំឡើយ។ អាការៈជំងឺប្រភេទនេះអាចលាន ឬព្រលាត់ចេញទៅក្រៅរុន្ធគូថបាន។
ជំងឺឬសដូងបាតខាងក្រៅមានទីតាំងនៅខាងក្រោមស្បែកជុំវិញរុន្ធគូថ ដែលយើងអាចប៉ះដឹងនៅពេលវារីកធំ ព្រមទាំងអាចបណ្តាលអោយរមាស់ ឈឺនៅពេលបត់ជើង ព្រមទាំងហូរឈាមទៀតផង។ ជំងឺឬសដូងបាតខាងក្រៅប្រភេទ Thrombosed កើតឡើងបាននៅពេលដែលកំនកឈាមក្នុងសរសៃឈាមវ៉ែននោះទៅជាកក និងបណ្តាលអោយឈឺចាប់ខ្លាំង។
មូលហេតុ
ជំងឺឬសដូងបាតមានជាប់ទាក់ទងយ៉ាងខ្លាំងនឹងអាការៈទល់លាមក និងការប្រឹងបន្ទោបង់។ អ្នកមានផ្ទៃពោះក៏អាចមានជំងឺឬសដូងបាតបានដែរ។ ការដែលប្រឹងបត់ជើង និងការមានផ្ទៃពោះវានឹងធ្វើអោយសម្ពាធនៅក្នុងសរសៃឈាមវ៉ែន Hemorroid កើនឡើង និងបង្កជាជំងឺឬសដូងបាតតែម្តង។ លើសពីនេះទៅទៀត ជំងឺថ្លើមរ៉ាំរ៉ៃ ក៏ប្រហែលជាធ្វើអោយសម្ពាធក្នុងសរសៃឈាមវ៉ែនឡើងខ្ពស់ និងអាចអោយមានជំងឺឬសដូងបាតកើតមានដែរ។ ជំងឺឬសដូងបាតច្រើនតែឃើញមាននៅលើមនុស្សវ័យ ៥០ឆ្នាំ។