ការផ្លាស់ប្តូររបៀបរស់នៅដែលផ្តល់សុខភាពអាចជួយអ្នកក្នុងការគ្រប់គ្រងកត្តាជាច្រើនដែលនាំឲ្យកើតជំងឺលើសសម្ពាធឈាមបាន។ ខាងក្រោមនេះខ្ញុំសូមបង្ហាញរឿងមួយចំនួនដែលអ្នកគួរតែធ្វើ និងមិនគួរធ្វើលើករណីមានជំងឺលើសសម្ពាធឈាមហើយ៖
អ្វីដែលគួរធ្វើ
- បង្កើតរបបអាហារផ្តល់សុខភាព៖ អ្នកគួរតែបញ្ចូលអាហារផ្តល់សុខភាពដើម្បីទទួលទានឲ្យបានច្រើនដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីនសុទ្ធដូចជាត្រី ក្នុងការទទួលទានជាប្រចាំ។ អាហារទាំងនេះនឹងជួយបន្ថយការប្រឈមមុខនឹងផលវិបាករបស់ជំងឺលើសសម្ពាធឈាមដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងជាដើម។
- បង្កើនសកម្មភាពរាងកាយ៖ ការហាត់ប្រាណគឺជាជម្រើសល្អបំផុតក្នុងការបង្កើនសកម្មភាពរាងកាយ។ វានឹងជួយបន្ថយស្រ្តេស បញ្ចុះសម្ពាធឈាម និងពង្រឹងដល់ប្រព័ន្ធបេះដូងសរសៃឈាម។ ចូរហាត់ប្រាណឲ្យបាន ១៥០នាទីក្នុងមួយសប្តាហ៍
- គ្រប់គ្រងស្រ្តេស៖ សកម្មភាពដែលអាចគ្រប់គ្រងស្រ្តេសបាន ក្រៅពីហាត់ប្រាណ អ្នកអាចប្រើវិធី ដកដង្ហើមជ្រៅៗ តាំងសមាធិ ម៉ាស្សា និងហាត់ក្បាច់យូហ្គា ឬតៃជិ
អ្វីដែលមិនគួរធ្វើ៖
- ជក់បារី៖ ការជក់បារីនឹងទៅបំផ្លាញដល់ជញ្ជាំងសរសៃឈាម ព្រមទាំងធ្វើឲ្យសរសៃឈាមកាន់តែរឹងទៅៗ និងលើសសម្ពាធឈាមកាន់តែខ្លាំង
- ញ៉ាំគ្រឿងស្រវឹង៖ វាត្រូវបានគេដឹងរួចទៅហើយថា ការញ៉ាំគ្រឿងស្រវឹងច្រើនៗធ្វើឲ្យលើសសម្ពាធឈាម ប៉ុន្តែការញ៉ាំតិចតួច ត្រឹមតែមួយកំប៉ុងក្នុងមួយថ្ងៃគឺជារឿងល្អចំពោះបេះដូងវិញ៕